រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានព្រមានឲ្យក្រុមហ៊ុនកាស៊ីណូ ថបដាយអិម៉ិន បញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឲ្យផ្ដល់ការសហការដោះស្រាយបញ្ហាបង្កើតឡើង ដោយសកម្មភាពល្មើសច្បាប់ និងអ្នកសារព័ត៌មានពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យប៉ះពាល់វិជ្ជាជីវៈ ត្រូវចូលខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល០២សប្តាហ៍យ៉ាងយូរ បើមិនដូច្នេះទេ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ ។
យោងតាមលិខិតរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងថា ៖ ក្រោយពីបានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន រកឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈ សារព័ត៌មានដទៃទៀត នៅកម្ពុជា ។
ករណីនេះ ក្រសួងសូមព្រមានជាសាធារណៈ ចំពោះអ្នកសារព័ត៌មាន ដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពស្នើសុំ ឬទារប្រាក់នានា។ ក្នុងករណីមិន ព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ និងគោលការណ៍ នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានទាំងនោះ នឹងត្រូវបញ្ឈប់ លែងឲ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។ អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូលខ្លួនមករាយការណ៍ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ១ខែ យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីរឹងរូស មិនព្រមចូលខ្លួនរាយការណ៍ អ្នកសារព័ត៌មាន ដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ចំពោះការប្រព្រឹត្តរបស់ខ្លួន ។
ក្រសួងព័ត៌មាន បានឲ្យម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួនជាប់ពាក់ព័ន្ធទៅនឹងករណីខាងលើ ត្រូវធានាទប់ស្កាត់ និងបញ្ឈប់ឲ្យខានតែបាន នូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ ពីសំណាក់អ្នកសារព័ត៌មានរបស់ខ្លួនតទៅទៀត ហើយត្រូវធ្វើការអប់រំណែនាំដល់អ្នកសារព័ត៌មានរបស់ខ្លួន និងត្រូវរាយការណ៍ពីសកម្មភាពទាំងនេះ ដោយបញ្ជាក់នូវឈ្មោះរបស់អ្នកសារព័ត៌មានក្រោមឱវាទអង្គភាពរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធមកក្រសួងព័ត៌មាន។ ម្ចាស់អង្គភាពសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធ ត្រូវចូលខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល០២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ករណីរឹងរូស មិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាន នឹងធ្វើការលុបអាជ្ញាបណ្ណ និងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ជាធរមាន ។
ជាមួយគ្នានោះដែរ ក្រសួងព័ត៌មាន ក៏បានឲ្យម្ចាស់ក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ដែលបានធ្វើការ ផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានា ឲ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ៩០០ អង្គភាព កន្លងមកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ដែលពាក់ព័ន្ធ នៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវ ធ្វើរបាយការណ៍ បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្តល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ចូនមកក្រសួងព័ត៌មាន ក្នុងរយៈពេល០២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។ ក្នុងករណី ក្រុមហ៊ុនមិនសហការអនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មាន រក្សាសិទ្ធិ ក្នុងការចាត់វិធានការនានា ជាចាំបាច់ ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឲ្យចុះខ្សោយក្រមសីលធម៌ វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងករណី ដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយ ដែលមិនស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ជាធរមាន ។
ក្រសួងព័ត៌មាន សូមបញ្ជាក់សារជាថ្មីថា ការប្រកាសនេះ ធ្វើជាសាធារណៈ និងក្នុងករណីរឹងរូស មិនរាងចាល ក្រសួងនឹងមានវិធានការតាមផ្លូវច្បាប់ ដោយមិនលើកលែងឡើយ ។
សូមជម្រាបថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូ ថបដាយអីម៉ិន TOP DIAMAND CASINO បានបង្ហោះរឿងឧត្ថម្ភថវិកាដល់អ្នកសារព័ត៌មានរាប់រយស្ថាប័នរួចមក នៅថ្ងៃទី១១ កញ្ញា សមត្ថកិច្ចខេត្តតាកែវ ដឹកនាំដោយលោក ស្រ៊ីវ គឹមស្រស់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចុះទៅកាស៊ីណូ ថបដាយអីម៉ិន ភ្នំដិន ដែលមានទីតាំងនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដើម្បីសុំកិច្ចសហការជាមួយក្រុមហ៊ុន សុំបញ្ជីឈ្មោះស្ថាប័នសារព័ត៌មាន ដែលទៅសុំថវិកាពីក្រុមហ៊ុន ៕




ចែករំលែកព័តមាននេះ