រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានព្រមានថា ប្រសិនបើមានសមាជិកអាវុធហត្ថរាជធានីភ្នំពេញ រូបណាម្នាក់មានការពាក់ព័ន្ធជាមួយគ្រឿងញៀន នឹងត្រូវបានស្នើសុំបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានលើកលែង ។
ការព្រមាននេះ ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាស៤ ឆ្នាំ២០២៣ របស់អាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ។
យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកឡើងថា ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និងប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹង ម៉ាត់ នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន ជាអត្ថិភាពទី១ ដែលត្រូវអនុវត្តន៍ និងត្រូវត្រៀមចូលរួមអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលទទួលរងដោយគ្រោះមហន្តរាយ (ជំនន់ទឹកភ្លៀង) នារដូវវស្សា ឬហេតុការណ៍ផ្សេងៗ ដែលកើតមានឡើង ក្នុងភូមិសាស្ត្រធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ៖ «ប្រសិនបើមានសមាជិកអាវុធហត្ថរាជធានីភ្នំពេញ ណាម្នាក់ មានការពាក់ព័ន្ធជាមួយគ្រឿងញៀន នឹងត្រូវបានស្នើសុំបណ្តេញចេញពីក្របខណ្ឌដោយគ្មានលើកលែង» ។
ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ឯក បានលើកឡើងទៀតថា ក្រៅពីនេះត្រូវត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីចូលរួមបង្កើនកិច្ចការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ បង្កលក្ខណៈងាយស្រួលជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលចូលរួមក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌនេះ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូន ។
សូមជម្រាបថា កិច្ចប្រជុំដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយ-នាយសេនា ធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេ បញ្ជាការវរសេនាតូច ផងដែរ៕





ចែករំលែកព័តមាននេះ