ករណីផ្ទុះអាវុ.ធសម្លា.ប់មនុស្សនៅផ្សារទំនើប «ស្យាម ប៉ារ៉ាហ្គន» (Siam Paragon) ដែលមានទីតាំងនៅទីក្រុងបាងកក អាចជាបាតុភូតចិត្តសាស្ត្រសង្គមថ្មីមួយ ដែលកម្ពុជា គួរតែយកចិត្តទុកដាក់ផងដែរ ទោះបីជាវាមិនមែនកើតឡើងនៅកម្ពុជាក៏ដោយ ដើម្បីបង្ការ និងបញ្ជ្រៀសបញ្ហាកុំឱ្យវាធ្ងន់ធ្ងរ ។

នេះគឺជាករណីបា.ញ់រះ ដោយហិ.ង្សាមួយករណីក្តៅៗដែលកើតមាននៅសង្គមថៃ ហើយក៏ជាករណីទី១ ពាក់ព័ន្ធនឹងករណីជនសង្ស័យជាអនីតិជននៅថៃ ដែលបានបង្កអោយមនុស្សយ៉ាងហោចណាស់២រូប ត្រូវគេរាយការណ៍ថា «បានស្លា.ប់» ខណៈដែលករណីនេះ ពីមុនៗមក គឺកើតមានច្រើនករណីនៅសង្គមលោកខាងលិច ជាពិសេសគឺនៅសហរដ្ឋអាមេរិកតែម្តង។

ករណីដែលកើតមានឡើងនោះ បានសម្លា.ប់នារីជនជាតិចិនអាយុ៣៤ឆ្នាំមួយរូបនៅកន្លែងកើតហេតុ និងស្ត្រីមីយ៉ាន់ម៉ាម្នាក់ទៀត នៅមន្ទីរពេទ្យប៉ូលិស ខណៈពេលដែលអ្នករបួស៣នាក់ទៀត ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ «ជូឡាឡុងកន» ហើយក្នុងនោះមានស្ត្រីម្នាក់ គឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសារតែត្រូវគ្រា.ប់ចំក្បាល។

ក្រៅពីនោះ នៅមានស្ត្រីជនជាតិឡាវអាយុ២៨ឆ្នាំម្នាក់ទៀត ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យគ្រឹស្តសាសនា នៅបាងកក ប៉ុន្តែស្ថានភាពមានស្ថេរភាព។ ហើយក៏នៅមានស្ត្រីជនជាតិថៃម្នាក់ទៀត នៅមន្ទីរពេទ្យប៉ូលិស ប៉ុន្តែបានរួចផុតពីគ្រោះថ្នាក់ហើយ ។

ជនសង្ស័យនៅក្នុងករណីខាងលើនេះ គឺជាក្មេងជំទង់វ័យ១៤ឆ្នាំមួយរូប ដែលរូបគេជាសិស្សនៅសាលាឯកជនមួយ ហើយមានឪពុកម្តាយគឺជាគ្រូបង្រៀន ប៉ុន្តែនៅពេលដែលសមត្ថកិច្ចថៃទៅឆែកឆេរបន្ទប់របស់រូបគេ គឺរកឃើញមានអាវុ.ធ និងគ្រា.ប់រំសេវកាំភ្លើ.ងមួយចំនួន ហើយក៏ប្រទះឃើញវីដេអូនៅក្នុងទូរស័ព្ទរបស់គេ ទាក់ទងនឹងការហាត់បា.ញ់កាំភ្លើ.ងផងដែរ ។
តាមសេចក្តីរាយការណ៍របស់កាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា ក្រោយកើតហេតុបានប្រមាណជា៩០នាទី ក្មេងជំទង់រូបនេះបានប្រគល់ខ្លួន ហើយត្រូវសមត្ថកិច្ចជំនាញថៃ ឃាត់ខ្លួនដោយសុវត្ថិភាព ។ ប្រភពដដែលបានរាយការណ៍ទៀតថា ក្មេងជំទង់រូបនេះ ត្រូវបានគេដឹងថា គឺធ្លាប់ទទួលការព្យាបាលចិត្តសាស្ត្រនៅមន្ទីរពេទ្យ «រ៉ាចាវិធី» (Rajavithi) ប៉ុន្តែសមត្ថកិច្ចមិនលំអិតករណីនេះឡើយ ដោយសារតែជនសង្ស័យជាអនីតិជន ។

មកដល់ពេលនេះ កម្ពុជា ធ្លាប់មានករណីប្រើប្រាស់ និងផ្ទុះអាវុ.ធជាច្រើនករណី ប៉ុន្តែមិនមែនជាករណីបា.ញ់ប្រ.ហារនៅក្នុងរូបភាពដ៏រន្ធ.ត់បែបនេះទេ ។ ហើយអ្វីដែលកើតមាននៅកម្ពុជា កន្លងមក គឺករណីបា.ញ់ប្រ.ហាររវាងគូរបដិបក្សនៅក្នុងទំនាស់ ដោយភាគច្រើន គឺជាជនបរទេស ដោយឡែកករណីពលរដ្ឋខ្មែរ គឺមានតែករណីប្រច័ណ្ឌ និងស្រវឹងតែប៉ុណ្ណោះ ។ ប៉ុន្តែឃើញបាតុភាពបែបនេះ កើតមានឡើងនៅថៃ សូមលើកកម្ពស់ការប្រុងប្រយ័ត្ន ហើយក៏ជាសារមួយ ដែលត្រូវដាស់តឿនដល់អាណាព្យាបាលគ្រប់រូបឱ្យយកចិត្តទុកដាក់នឹងកូន ដើម្បីកុំឱ្យពួកគេធ្លាក់ខ្លួនទៅក្នុងជំងឺផ្លូវចិត្ត រហូតដល់ផ្ទុះជាករណីដ៏រន្ធ.ត់បែបនេះកើតឡើង ។

កុំឃើញកូន និងសមាជិកគ្រួសារសើចញញឹមដាក់គ្នា គិតថា មិនមានអ្វីនៅក្នុងចិត្តឲ្យសោះ ពីព្រោះសម័យនេះ ជាសម័យឌីជីថល ហើយការសាបព្រោះមនោគមវិជ្ជា និងបញ្ហាផ្លូវចិត្ត និងអារម្មណ៍នេះ អាចងាយស្រួល។ ដូច្នេះហើយ យើងទាំងអស់គ្នាក៏ត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន ។ ការដឹងជាមុន មានប្រយោជន៍ច្រើន សម្រាប់ខ្លួនយើង និងសង្គម ពោលគឺការពារមិនឱ្យយើង និងសមាជិកគ្រួសារយើង ក្លាយជាពិរុទ្ធជន ហើយក៏ចូលរួមការពារ និងផ្តល់សុវត្ថិភាពសង្គមទូទៅផងដែរ ។

នៅស្រុកយើង មានគ្រូពេទ្យឯកទេសខាងចិត្តសាស្ត្រនេះហើយ ប៉ុន្តែគ្រាន់តែអ្នកជំងឺដែលទៅ ព្យាបាល ឬរកសេវាកម្មបែបនេះនៅមានកម្រិត។ រីឯពលរដ្ឋនៅខ្វះការយល់ដឹងអំពីបញ្ហានេះ ដូច្នេះវាអាចជាបច្ច័យមួយគ្រោះថ្នាក់សម្រាប់សង្គម ដែលយើងគួរតែពង្រឹង។ ក្រៅពីការយកចិត្តទុកដាក់លើបញ្ហាផ្លូវចិត្តនោះ អាជ្ញាធរក៏ត្រូវពង្រឹងបន្ថែមលើការគ្រប់គ្រងអាវុ.ធផងដែរ។

ដើម្បីបង្ការ យើងជាអាណាព្យាបាល និងអ្នកដែលពាក់ព័ន្ធត្រូវតែជួយគ្នាការពារ រារាំង បញ្ហាបែបនេះ កុំឲ្យកើតមានឡើងនៅក្នុងសង្គមកម្ពុជា ។ ត្រឹមតែករណីប្រច័ណ្ឌ ករណីប្រើប្រាស់អាវុ.ធ ដើម្បីធ្វើអ.ត្តឃា.ត និងករណីពិរុទ្ធជនប្រើប្រាស់កាំភ្លើ.ងខុសច្បាប់ វាធ្វើឱ្យយើងឈឺក្បាលទៅហើយ ចុះបើសង្គមកើតមានដូចជាករណីនៅថៃនេះដែរនោះ សង្គមយើងពិតជានឹងកាន់តែយ៉ាប់៕
សរសេរដោយ ៖ ហេង ចេស្តារ
កែសម្រួលដោយ ៖ ប្រេ វីន


ចែករំលែកព័តមាននេះ