យោងទៅតាមប្រភពព័ត៌មានរបស់ក្រុមប្រឹក្សាគ្រប់គ្រងបាល់ទាត់អឺរ៉ុបចេញផ្សាយកាលពីថ្ងៃចន្ទ បានឱ្យដឹងថា ប្រទេស៣ គឺន័រវេស, អង់គ្លេស និងស៊ុយអែត ត្រូវផ្តល់សិទ្ធិពិសេសសម្រាប់ការប្រកួតបាល់ទាត់ពានរង្វាន់យូហ្វាខាប់ ពោលគឺយូហ្វាសម្រេចផ្តល់កៅអីមួយបន្ថែមទៀតដើម្បីការចូលរួមប្រកួតជម្រុះយូហ្វាខាប់។មូលហេតុដែលយូហ្វាសម្រេចផ្តល់ឱកាសពិសេសដល់ប្រទេសទាំង៣នោះ គឺដោយសារប្រទេសទាំងនោះត្រូវបានបោះឆ្នោតជាប់ជាប្រទេសដែលមានក្រុមបាល់ទាត់លេងបានល្អ (Fair Play) ត្រូវទៅតាមកម្រិតស្តង់ដាវាយតម្លៃលក្ខណៈបច្ចេកទេសដូចជា ការគោរពសិទ្ធិគូប្រកួត គោរពអាជ្ញាកណ្តាល ការពិន័យកាតក្រហម កាតលឿង មន្ត្រីដឹកនាំក្លឹប ការបណ្តេញចេញ ព្រមទាំងអាកប្បកិរិយាអ្នកគាំទ្រផងដែរ។
តាមរយៈការវាយតម្លៃពីលក្ខណៈសម្បត្តិខាងលើនេះបានរកឃើញថា ប្រទេសន័រវេសស្ថិតនៅលំដាប់កំពូលតារាង ទទួលបាន៨,២៩៣ពិន្ទុ ប្រទេសអង់គ្លេសស្ថិតនៅលំដាប់លេខ២ក្នុងតារាង ទទួលបាន៨,១៩៦ពិន្ទុ ខណៈពេលដែលប្រទេសស៊ុយអែតទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងតារាង មាន៨,១៤៩ពិន្ទុ។
ការផ្តល់កៅអីមួយបន្ថែមទៀតសម្រាប់ការប្រកួតបាល់ទាត់យូហ្វាខាប់បែបនេះ ធ្វើឱ្យក្លឹប Fulham ដែលជាប់ចំណាត់ថ្នាក់លេខ២ Fair Play បន្ទាប់ពី Chelsea ត្រូវបានគេមើលឃើញថា អាចទទួលបានតំណែងនេះប្រសិនបើគេអាចរក្សាតំណែងលេខ៨ក្នុងតារាងបាន។ ការប្រកួតចុងក្រោយនេះ Fulham ត្រូវការលទ្ធផលត្រឹមតែស្មើ Arsenal ដើម្បីរកឱ្យបាន១ពិន្ទុប៉ុណ្ណោះ គេអាចមានសិទ្ធិលេងនៅយូហ្វាខាប់រដូវកាលក្រោយនេះ។
នៅក្នុងក្របខណ្ឌអង់គ្លេសប្រឺមីញេលីក ដែលមាន២០ក្រុម គឺ៣ក្រុមកំពូលតារាង មានសិទ្ធិលេងនៅយូហ្វាឆេមពានលីក ដោយស្វ័យប្រវត្តិ ក្រុមចំណាត់ថ្នាក់លេខ៤លេងជម្រុះយូហ្វាឆេមពានលីក ក្រុមលេខ៥, ៦ និង៧ មានសិទ្ធិលេងយូហ្វាខាប់ដោយស្វ័យប្រវត្តិ និងករណីពិសេសឆ្នាំនេះ ក្រុមលេខ៨ មានសិទ្ធិចូលលេងជម្រុះយូហ្វាខាប់ជុំទី១៕
ចែករំលែកព័តមាននេះ