រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា ករណីសាលាបឋមសិក្សាដំណាក់ក្សាន្តស្ថិតនៅខេត្តបាត់ដំបង ដែលត្រូវបានជំនន់ទឹកភ្លៀងលិចនៅពេលកន្លងមកនេះត្រូវបានបើកដំណើរការបង្រៀនជាធម្មតា ។ ការបញ្ជាក់របស់ក្រសួងអប់រំយុវជន និងកីឡា បន្ទាប់ពីមានការចែកចាយលើកបណ្តាញសង្គមសកម្មភាពពីករណីគ្រូកំពុងបង្រៀនសិស្សទាំងក្នុងទឹកដោយមានការស៊ែរតៗគ្នា ។ សូមរំលឹកថា់ ស្ថានភាពទឹកជំនន់បានស្រកអស់ពីបរិវេណសាលាហើយ តែបន្សល់ទុកនៅតែភក់បែកវ៉ល់

យោងតាមសេចក្តីបំភ្លឺករណីសាលាបឋមសិក្សាដំណាក់ក្សាន្តរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងថា កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅក្នុងបណ្តាញសង្គមមានការចែករំលែករូបភាពគ្រូបង្រៀន និងសិស្សកំពុងបង្រៀន និងរៀនក្នុងរោងដោល និងមានទឹកលិចត្រឹមជង្គង់ ដែលករណីនេះបានកើតឡើងនៅសាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតក្នុងឃុំចក្រី ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ក្រសួងបានគូសបញ្ជាក់ថា៖ «នៅថ្ងៃនោះ មានធ្លាក់ភ្លៀងយ៉ាងគំហុក ដែលធ្វើឱ្យទឹកហូរចេញពីសាលាមិនទាន់និងលិចរោងដោល ស្របពេលដែលគ្រូនិងសិស្សកំពុងបង្រៀន និងរៀន ។ ក្រោយពេលរាំងភ្លៀង សាលារៀនបានផ្អាកដំណើរការ និងអនុញ្ញាតឱ្យគ្រូ និងសិស្សត្រឡប់ទៅផ្ទះវិញ ។
នៅព្រឹកថ្ងៃទី០៤ តុលា ឆ្នាំ២០២៣ ជំនន់ទឹកភ្លៀងបានស្រកអស់ និងសាលារៀនអាចដំណើរការបង្រៀននិងរៀនជាធម្មតា» ។

បើតាមក្រសួងអប់រំយុវជន និងកីឡាបានឲ្យដឹងថា ក្នុងឆ្នាំសិក្សា២០២២-២០២៣ សាលាបឋមសិក្សាដំណាក់ក្សាន្ត មានអគារសិក្សា១ខ្នង ៥បន្ទប់ និងមានរោងដោល ១ខ្នង ១បន្ទប់, គ្រូបង្រៀនសរុប ៧នាក់ (ស្រី២នាក់) និងមានសិស្សសរុប ៣៦៦នាក់ (ស្រី១៧៤នាក់) ចែកចេញជា១២ថ្នាក់។ បើប្រៀបធៀបចំនួនបន្ទប់រៀន និងចំនួនថ្នាក់រៀនគឺ សាលានៅខ្វះ បន្ទប់រៀន រួមទាំងបន្ទប់ទីចាត់ការ និងបណ្ណាល័យជាដើម។

ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការខ្វះខាតអគារសិក្សាក្រសួងអប់រំ យុវជន និងកីឡាសម្រេច សាងសង់អគារសិក្សាថ្មី១ខ្នង ៥បន្ទប់ អាទិភាពជូនដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហគមន៍ និងអាជ្ញាធរដែនដី ដើម្បីឱ្យដំណើរការរៀន និងបង្រៀនកាន់តែប្រសើរនាពេលខាងមុខ។

ក្រសួងសូមជម្រាបជូនបន្ថែមថា ដោយសារចំនួនសិស្សមានការកើនឡើងក្នុងគ្រប់ភូមិសិក្សា ធ្វើឱ្យតម្រូវការអគារសិក្សាមានការកើនឡើងផងដែរ ទោះបីជារាជរដ្ឋាភិបាលបានសាងសង់អគារសិក្សាជាច្រើន រួមទាំងអគារសិក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ។

ចែករំលែកព័តមាននេះ