ខេត្តបាត់ដំបង ៖ ក្រោយទឹកជំនន់លិចចូលពេញបន្ទប់រៀន ធ្វើឲ្យខូចខាតសម្ភារសិក្សារបស់កូនសិស្ស លោកនាយកសាលាបឋមសិក្សាដំណាក់ក្សាន្តបានអំពាវនាវដល់អាជ្ញាធរ និងសប្បុរសជននានាជួយឧបត្ថម្ភសម្ភារសិក្សាដល់សិស្សានុសិស្ស សម្ភារអនាម័យ ដើម្បីសំអាតបន្ទប់សាលារៀន និងជួយកែសម្រូលដល់ប្រព័ន្ធលូ ដែលធ្វើឲ្យជន់លិចសាលាយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំនេះ ។ ខណៈស្ថានភាពទឹកជំនន់បានស្រកអស់ពីបរិវេណសាលាហើយ តែបន្សល់ទុកនៅតែភក់បែកវ៉ល់តែម្តង ។

នាយកសាលាបឋមសិក្សាដំណាក់ក្សាន្ត លោក នៅ វាសនា បានថ្លែងប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី ០៤ តុលា នេះថា ភ្លៀងធ្លាក់ជោកជាំយ៉ាងខ្លាំង កាលពីថ្ងៃទី០៣ តុលា ធ្វើឲ្យទឹកភ្លៀងជន់លិចបរិវេណសាលារៀន និងអគារសាលាទាំងស្រុងតែម្ដង ។ លោកនាយកបានបញ្ជាក់ថា ទឹកភ្លៀងបានចាប់ផ្ដើមជន់ឡើងខ្លាំងលិចអគារសាលា នៅវេលាម៉ោង០៣រសៀលថ្ងៃដដែល ។ បន្ទប់ចំនួន០៥ ត្រូវលិចទាំងអស់ខណៈពេលសិស្សកំពុងអង្គុយរៀនក្នុងថ្នាក់ ។

លោក នៅ វាសនា បាននិយាយថា ពេលសិស្សកំពុងរៀងស្រាប់តែទឹកជន់លិចបន្ទប់ភ្លាមៗ ។ ពេលនោះ លោកគ្រូ-អ្នកគ្រូបានហៅកូនសិស្សឲ្យចូលថ្នាក់រៀន មិនអនុញ្ញាតឲ្យដើរចេញក្រៅសាលារហេតរហូតទេ ព្រោះចៀសវាងគ្រោះថ្នាក់ដោយទឹកជំនន់ ។ មូលហេតុ ដែលលោកគ្រូ អ្នកគ្រូហៅកូនសិស្សឲ្យចូលតាមថ្នាក់រៀនរៀងៗខ្លួន គឺដើម្បីណែនាំសិស្សពីបញ្ហាប្រឈមនឹងគ្រោះថ្នាក់ ។

សាលាបឋមសិក្សាដំណាក់ក្សាន្ត ស្ថិតនៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ។ សាលាបឋមសិក្សានេះ មានអគារមួយខ្នង មានចំនួន០៥បន្ទប់ មានសិស្សរៀនចាប់ពីថ្នាក់មេតិយ្យ ដល់ថ្នាក់ទី០៦ មានចំនួន១២ថ្នាក់ ។ មានសិស្សានុសិស្សរឿនបច្ចុប្បន្នចំនួន៣៦២នាក់ ស្រីចំនួន១៧៧នាក់ ។ ចំណែកគ្រូបង្រៀនវិញមានចំនួន១៣នាក់ ក្នុងនោះ មានគ្រូក្របខណ្ឌចំនួន០៥នាក់ និងគ្រូជាប់កិច្ចសន្យាចំនួន០៧នាក់ ។ នេះបើតាមរបាយការណ៍របស់លោក នៅ វាសមា នាយកសាលាបឋមសិក្សាដំណាក់ក្សាន្ត ។

លោក នៅ វាសនា បាននិយាយដែរថា នៅថ្ងៃទឹកជន់លិច បានធ្វើឲ្យខូចខាតសម្ភារសិក្សាជាច្រើននៅក្នុងបន្ទប់ថ្នាក់រៀន និងហេដ្ឋារចនាចសម្ព័ន្ធនានានៅក្នុងសាលា។ ដោយឡែក ចំពោះសិស្សសាលាវិញ ត្រូវទឹកលិចធ្វើឲ្យខូចខាតសៀវភៅសិក្សា និងកាបូបស្ពាយពេលដើរតាក់ទឹកត្រិមទ្រូងចេញពីសាលា ។

ស្ថិតក្នុងស្ថានភាពទឹកឡើងល្ហរល្ហាចលេចស្ទើរពាក់កណ្ដាលអគារសាលារៀន គេឃើញកូនសិស្សខ្លះបានស្ពាយកាបូបដើរកាត់ទឹកទៅរកទីទូល ។ រីឯកូនសិស្សតូចៗខ្លះទៀត មានអាណាព្យាបាលមកទទូលលើកលីលើស្មា ខណៈក្មេងតូចៗខ្លះទៀត ដើរឆ្លងទឹកមិនផុត ក៏ត្រូវលោកគ្រូ អ្នកគ្រួជួយចម្លង និងខ្លះទៀតក៏ត្រូវទឹកលិចទាំងមនុស្សទាំងកាបូបដាក់សៀវភៅរៀន ធ្វើឲ្យខូចខាតអស់គ្មានសល់ ។

លោក នៅ វាសនា បានថ្លែងថា សម្ភារសិក្សារបស់សិស្សបានខូចខាតច្រើនណាស់ ដោយសារទទឹកភ្លៀងផង ទឹកជំនន់លិចផងពេលដើរឆ្លងកាត់ទឹកជ្រៅត្រឡប់ពីសាលាទៅផ្ទះវិញ ។ លោក នៅ វាសនា បានបញ្ជាក់ថា ពេលនេះ កូនសិស្សសាលាភាគច្រើន ជាកូនកសិករក្រីក្រ គ្មានយាន្តជំនិះជិះទៅសាលា គ្មានសម្ភារប្រើប្រាសគ្រប់គ្រាន់ ជាពិសេស សៀវភៅសរសេរ និងសៀវភៅសិក្សាផ្សេងៗទៀត ដែលពួកគេគ្មានប្រាក់ទិញ ។

លោកនាយករូបនេះបានបញ្ជាក់បន្ថែមថា នៅថ្ងៃទី០៤ តុលា នេះ ស្ថានភាពទឹកជំនន់បានស្រកអស់ពីបរិវេណសាលាហើយ បន្សល់ទុកនៅតែភក់បែកវ៉ល់ ។ ជាមួយគ្នានេះ ផលប៉ះពាល់ដោយទឹកជំនន់នេះ ក្រោយទឹកស្រកមានដូចជា សម្ភារសិក្សានៅក្នុងសាលារៀន សម្ភារសិក្សាផ្ទាល់ខ្លួនរបស់សិស្ស និងហេដ្ឋារចនាសម្ព័ន្ឌនៅក្នុងសាលា ។

ស្ថិតក្នុងស្ថានភាពបែបនេះ តាមរយៈកោះសន្តិភាព លោកនាយកសាលាបឋមសិក្សាដំណាក់ក្សាន្តបានធ្វើការអំពាវនាវដល់អាជ្ញាធរក្ដី ឬសប្បុរសជននានាក្ដី សូមមេត្តាជួយឧប្ថម្ភជាសម្ភារសិក្សាក្ដី ជាថវិកាក្ដី ដើម្បីជួយដល់សិស្សានុសិស្ស និង លោកគ្រួអ្នកគ្រួ ដែលកំពុងប្រឈមនឹងការខ្វះខាតដោយសារជំនន់ទឹកភ្លៀង។

បើតាមលោក នៅ វាសនា បានបញ្ជាក់ថា អ្វីដែលសាលាកំពុងត្រូវការដំបូងគេនេះ គឺសម្ភារសម្រាប់ធ្វើអនាម័យតាមថ្នាក់រៀន (សម្ភារសម្រាប់សម្អាតបន្ទប់) សម្ភារសិក្សារបស់សិស្ស ដែលខូចខាតដោយសារត្រូវទឹកភ្លៀង ឬទឹកជំនន់ ។ ជាពិសេស សូមឱ្យអាជ្ញាធរ ឬសប្បរសជនជួយកែសម្រូលប្រព័ន្ធលូរំដោះទឹកនៅក្បែរសាលា ដែលជាមូលហេតុចម្បងធ្វើឲ្យទឹកស្ទះមិនអាចហូរចេញពីបរិវេណសាលាទាន់ពេល ។

យ៉ាងណា លោក នៅ វាសនា បានបញ្ជាក់ថា «ថ្ងៃនេះ មេឃរាំងមិនភ្លៀង គឺទឹកស្រកអស់ហើយ នៅឡើយតែភក់ជ្រាំកំពុងបែបវ៉ល់ តែបើថ្ងៃស្អែកនៅតែមានភ្លៀងធ្លាក់ទៀត សាលារបស់ខ្ញុំនឹងត្រូវទឹកជន់លិចដដែលទៀត ។ ព្រោះទីតាំងសាលានេះ ស្ថិតនៅតំបន់ទំនាប រងនូវប្រភពទឹកពីគ្រប់ជ្រុង ដូច្នេះហើយ ទើបមានភ្លៀងខ្លាំងម្ដងសាលាមួយនេះ ត្រូវទឹកជន់លិចស្ទើររាល់លើក ។
ចែករំលែកព័តមាននេះ