បន្ទាប់ពីមកដល់ប្រទេសហ្វ៊ីលីពីនវិញនៅព្រលានយន្តហោះក្រុងម៉ានីល ម៉ានី ប៉ាក់គីអាវបានជួបជាមួយបណ្តាអ្នកសារព័ត៌មានដើម្បីធ្វើការបំភ្លឺក៏ដូចជាឆ្លើយតបទៅនឹងការចោទប្រកាន់ពីសំណាក់កីឡាករអាមេរិកហ្វ្លយ មេវេដឌ័រនិងសេន ម៉ូស្ល៊ី។ តាមរយៈគេហទំព័រTwitter មេវេដឌ័រនិងសេន ម៉ូស្ល៊ីបានសរសេរចោទប្រកាន់ប៉ាក់គីអាវថាប្រើប្រាស់សារធាតុហាមឃាត់(ថ្នាំប៉ូវកម្លាំង)។
តាមសេចក្តីរាយការពី ABS-CBN Newsបានបញ្ជាក់ថា តាមការចុះផ្សាយអត្ថបទមួយនៅក្នុងគេហទំព័រTwitterកីឡាករមេវេដឌ័របានអះអាងថា អតីតកីឡាករដៃគូហាត់សមរបស់ប៉ាក់គីអាវម្នាក់បាននិយាយថា រូបគេគឺជាអ្នកចាក់ថ្នាំប៉ូវកម្លាំងឲ្យប៉ាក់គីអាវនៅឯក្លឹបហ្វឹកហាត់Wild Card Gymហើយថារឿងនេះបានកើតឡើងនៅមុនការប្រកួតជាមួយកីឡាករអូស្កា ដឺឡាហូយ៉ា។ ការចោទប្រកាន់ថ្មីនេះត្រូវបានប៉ាក់គីអាវបដិសេធចោលទាំងស្រុង។
សូមបញ្ជាក់ថាកីឡាករដែលអះអាងថាខ្លួនគឺជាអ្នកចាក់ថ្នាំប៉ូវកម្លាំងឲ្យប៉ាក់គីអាវនៅឯក្លឹបហ្វឹកហាត់Wild Card Gymនោះ មេវេដឌ័រពុំបានបញ្ចេញឈ្មោះឲ្យដឹងឡើយ។
នៅក្នុងការឆ្លើយតបប៉ាក់គីអាវបានបញ្ជាក់ថា៖«គឺជារឿងមិនពិតទាល់តែសោះ ហើយមិនធ្វើឲ្យគេភ្ញាក់ផ្អើលនោះទេ។ ខ្ញុំមិនដែលមានដៃគូហាត់សមជាជនជាតិហ្វ៊ីលីពីនឡើយ ជាពិសេស អំឡុងការហ្វឹកហាត់ត្រៀមប្រកួតជាមួយអូស្កាដឺឡាហូយ៉ា ខ្ញុំមិនដែលបានចាក់ថ្នាំប៉ូវកម្លាំង ឬក៏ប្រើប្រាស់សារធាតុហាមឃាត់ដ៏ទៃទៀតឡើយ។ ភាពជោគជ័យរបស់ខ្ញុំនៅលើសង្វៀនកើតមានឡើងដោយការហ្វឹកហាត់យ៉ាងហ្មត់ចត់បំផុតគួបផ្សំការជឿលើព្រះនិងការគាំទ្រពីសំណាក់មនុស្សជាច្រើន។ ដូចជាកីឡាករប្រដាល់ឯទៀតដែរ ខ្ញុំតម្រូវឲ្យធ្វើតេស្ត៍នៅគ្រប់មុនការប្រកួតទាំងអស់ក្នុងសហរដ្ឋអាមេរិក។ ជាលទ្ធផលខ្ញុំមិនដែលបរាជ័យក្នុងការធ្វើតេស្ត៍ទាំងអស់នោះទេដោយក្នុងនោះក៏មានបូករួមការធ្វើតេស្ត៍វ៉ៃជាមួយអូស្កាដឺឡាហូយ៉ានិងសេន ម៉ូស្ល៊ីផងដែរ។ ខ្ញុំត្រូវតែប្រឆាំងដើម្បីការពារកិត្តិនាមនិងកេរ្តិ៍ឈ្មោះដ៏ល្អរបស់ខ្ញុំ»។
ប៉ាក៉គីអាវនឹងឡើងសង្វៀនប្រកួតជាថ្មីក្នុងខែវិច្ឆិកាខាងមុខដើម្បីបន្តយកជ័យជម្នះជាលើកទី១៤ចាប់តាំងពីបរាជ័យក្រោមថ្វីដៃកីឡាករអេរីក ម៉ូរ៉ាល់ក្នុងឆ្នាំ២០០៥។ ការជួបជាមួយកីឡាករម៉ិកស៊ិកចូអាន ម៉ានូអែល ម៉ាកហ្គេសកំពុងតែស្ថិតនៅជាការចរចាគ្នានៅឡើយ៕
ចែករំលែកព័តមាននេះ