ខេត្តបន្ទាយមានជ័យ ៖ ទឹកភ្លៀងបានដក់ធ្វើឱ្យលិចផ្លូវប្រវែងជាង៥០០ម៉ែត្រ ហើយអាជ្ញាធរក៏បានដាក់ស្លាកសញ្ញា «ឡានធំហាមចូល» ប៉ុន្តែរថយន្តធុនធំនៅតែផ្គើនចូលដដែល ធ្វើឱ្យទឹករលកហូរចូលផ្ទះបងប្អូនប្រជាពលរដ្ឋ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិទៀត កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

បើតាមប្រជាពលរដ្ឋ បានប្រាប់ឱ្យដឹងថា «ផ្លូវ១ខ្សែដែលមានប្រវែង៥០០ម៉ែត្រ ចំណុចផ្លូវចូលអង់ទែន០១៦ ដែលមានទឹកដក់លិចផ្លូវ ហើយឃើញអាជ្ញាធរសង្កាត់អូរជ្រៅ បានយកស្លាកសញ្ញាដាក់ «ឡានធំហ៊ាមចូល» ប៉ុន្តែគេនៅតែឃើញរថយន្តធុនធំបន្តចូលដដែល ផ្គើនជាមួយនឹងអាជ្ញាធរ ជាហេតុធ្វើឱ្យទឹករលកហូរចូលផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិទៀតផង»។

ប្រជាពលរដ្ឋសុំកោតសរសើរចំពោះអភិបាលក្រុងប៉ោយប៉ែត និងចៅសង្កាត់អូរជ្រៅ ដែលបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋកំពុងប្រឈមទឹកលិច ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅសងខាងដងផ្លូវ ព្រោះថា ទឹកដក់លើផ្លូវនេះ មូលហេតុដោយសារទឹកភ្លៀងធា្លក់ជាប់ៗគ្នា ហើយហូរមិនទាន់ទើបធ្វើឱ្យលិចផ្លូវបែបនេះតែម្ដង ប៉ុន្តែបើសិនជាគ្មានភ្លៀងធា្លក់រយៈពេល២ទៅ៣ថ្ងៃ ទឹកនឹងស្រកទៅវិញអស់ហើយ»។

លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅ ក៏បានប្រាប់ដែរថា «ក្រោយទឹកភ្លៀងហូរមិនទាន់ ក៏ធ្វើឱ្យទឹកដក់នៅលើដងផ្លូវ ចំណុចផ្លូវ០១៦ ជាហេតុធ្វើឱ្យប្រឈមប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅសងខាងផ្លូវ បណ្តាលទឹករលកហូរចូលផ្ទះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទៀតផង។ ជាការណែនាំពីលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ក៏បានឱ្យចៅសង្កាត់អូរជ្រៅ ដាក់ស្លាកសញ្ញា «ឡានធំហាមចូល» ដើម្បីទប់ស្កាត់ទឹករលកចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋ»។

លោកបានបញ្ជាក់ថា «នៅពេលអាជ្ញាធរដាក់ស្លាកសញ្ញា «ឡានធំហាមចូល» ហើយ ប៉ុន្តែនៅតែមានរថយន្តធុនធំខ្លះបានផ្គើនចូលដដែល ថែមទាំងបើកលឿនទៀតផង បណ្តាលទឹករលកចូលផ្ទះប្រជាពលរដ្ឋ និងខូចផ្លូវបេតុង ដែលកំពុងតែទឹកដក់នោះ។ ដូច្នេះអាជ្ញាធរបានហាមហើយ បើនៅបន្តផ្គើនបើករថយន្តធុនធំចូលបំពានស្លាកសញ្ញាទៀត និងត្រូវមានវិធានការតាមផ្លូវច្បាប់ដែលបំផ្លាញផ្លូវកំពុងលិចទឹក៕



ចែករំលែកព័តមាននេះ