ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ គេសង្កេតឃើញប្រជាពលរដ្ឋរាប់រយនាក់ធ្វើដំណើរមកពីតាមបណ្តាខេត្តនានា នាំគ្នាសង់តង់កៅស៊ូស្នាក់នៅលើដីទំនេរមួយកន្លែង ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីស៊ីឈ្នួលបេះផ្លែឈើ (ផ្លែមៀនប៉ៃលិន ហៅតាង៉ែន) បានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

បើតាមការរៀបរាប់ពីស្ត្រីម្នាក់មានឈ្មោះ សុខ ជាតិ អាយុ៤០ឆ្នាំ មកពីខេត្តសៀមរាប បានប្រាប់ឱ្យភ្នាក់ងារយើងដឹងថា «ប្រជាពលរដ្ឋដែលកំពុងសង់តង់កៅស៊ូស្នាក់នៅ លើដីថៅកែស្តង់មៀនប៉ៃលិនម្នាក់ឈ្មោះ សារ ចំរើន ហៅតាអឿង គឺមានរាប់រយគ្រួសារ ដែលមកពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និងខេត្តផ្សេងៗជាច្រើនទៀត»។

ស្ត្រីខាងលើបន្តថា «ដោយសារតែថៅកែមានតម្រូវការកម្មករច្រើននាក់ ក្នុងការបេះផ្លែមៀនប៉ៃលិន ហៅតាង៉ែន ដាក់ក្នុងកញ្ឆេ រួចវេចខ្ចប់ដឹកយកទៅលក់ដូរនៅប្រទេសចិន ដោយក្នុង១កញ្ឆេ មានទម្ងន់ប្រហែល១២គីឡូក្រាម ទទួលបានកម្រៃ៥០០០រៀល។ ដូច្នេះ ពួកគាត់ម្នាក់ៗក្នុង១ថ្ងៃៗ អាចរកចំណូលបានចាប់ពី៥ទៅ៦ម៉ឺនរៀល តាមអ្នកដែលបេះលឿន ឬយឺត។ ហើយការទៅបេះផ្លែមៀននេះ គឺជិះរថយន្តរបស់មេការ ដោយដើរបេះផ្លែឈើនេះនៅតាមចម្ការក្នុងក្រុងប៉ៃលិន រហូតដល់ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកបាណន់ និងស្រុកសំឡូត និងស្រុកបវេល ខេត្តបាត់ដំបងផងដែរ»។

ស្ត្រីខាងលើបញ្ជាក់ថា «ប៉ុន្តែនៅពេលនេះ ដោយសារតែមេឃភ្លៀងជោគជាំខ្លាំងពេក មិនអាចចេញទៅបេះផ្លែមៀនប៉ៃលិនបានទេ ណាមួយរថយន្តរបស់មេការខូចថែមទៀត ក៏ត្រូវសម្រាក១ថ្ងៃទៅ២ថ្ងៃសិន រហូតដល់រាំងភ្លៀងស្រួលបួលបន្តិច ឬពេលដែលមេការជួសជុលរថយន្តរួច នឹងនាំគ្នាបន្តស៊ីឈ្នួលបេះផ្លែឈើទៀត ដើម្បីបានថវិការសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណៈនៅឯផ្ទះ គឺមិនមានការងារអ្វីផ្សេងធ្វើនោះទេ ក្រោយពីធ្វើស្រែចម្ការរួចរាល់»។

បើតាមការរៀបរាប់ពីមេការម្នាក់មានឈ្មោះ ប្រុស អាយុ៣០ឆ្នាំ បានឱ្យដឹងដែរថា «ផ្លែមៀនប៉ៃលិន ហៅតាង៉ែននេះ មានតម្រូវការទីផ្សារនាំចេញទៅលក់ដូរនៅប្រទេសចិនច្រើនគួរឱ្យកត់សម្គាល់ ដែលថៅកែបានដើរប្រមូលទិញនៅតាមចម្ការគ្រប់ទីកន្លែងក្នុងខេត្តប៉ៃលិន រហូតដល់ខេត្តបាត់ដំបង គឺឱ្យតែមានផ្លែទុំ គឺជួលកម្មករចូលទៅប្រមូលផលតែម្ដង»។

មេការខាងលើបន្តទៀតថា «ថៅកែទិញពីកសិករទៅតាមផ្លែឈើលេខ១ ឬលេខ២ ពោលគឺបើផ្លែឈើល្អ គាត់ទិញក្នុង១គីឡូក្រាមតម្លៃ៤០០០រៀល តែបើផ្លែឈើស្ថិតក្នុងចំណាត់ថ្នាក់លេខ២វិញ គាត់ទិញ១គីឡូក្រាមតម្លៃ៣០០០រៀលទៅ៣៥០០រៀលតែប៉ុណ្ណោះ ។ហើយពេលត.ថ្លៃត្រូវរ៉ូវគ្នារួចហើយ ទើបនាំកម្មករចូលទៅបោះតង់ស្នាក់នៅ រួចប្រមូលផល រហូតដល់អស់ ទើបរើចេញទៅកន្លែងផ្សេងៗទៀត»។

មេការខាងលើបញ្ជាក់ទៀតថា «បច្ចុប្បន្ន កសិករដាំផ្លែមៀនប៉ៃលិន មិនគ្រប់នឹងតម្រូវការទីផ្សារនោះឡើយ ព្រោះពួកគាត់បញ្ជាឱ្យផ្លែនៅតាមចម្ការនីមួយៗ ទៅតាមពេលវេលា និងរដូវកាល ព្រោះពេលខ្លះរដូវប្រាំង អត់មានទឹកស្រោចស្រពគ្រប់គ្រាន់ ទើបពួកគាត់រង់ចាំបញ្ជាផ្លែនារដូវវស្សាវិញ ទើបនាំឱ្យមានការលំបាកក្នុងការដើររកទិញផ្លែមៀនប៉ៃលិន»។
ទោះបីជាយ៉ាងណា កម្មករដែលមកសង់តង់ស្នាក់នៅលើដីរបស់ថៅកែខាងលើ គឺអស់រយៈពេលជាច្រើនខែមកហើយ ដោយមកពីតាមបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា ហើយប្រហែលជាស្នាក់នៅរយៈពេលយូរថែមទៀត ព្រោះនៅក្នុងក្រុងប៉ៃលិន មានរោងចក្រសម្ងួតផ្លែមៀនប៉ៃលិន ដើម្បីវេចខ្ចប់នាំចេញទៅលក់ដូរបន្តនៅប្រទេសចិន៕
ចែករំលែកព័តមាននេះ