រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញលិខិតណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួលដល់គ្រប់គណបក្សនយោបាយ ដែលចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។
ក្នុងលិខិតណែនាំ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា «ដើម្បីបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ និងមានប្រកាស ស្ដីពី ការចុះបញ្ជីផ្លូវការ បានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ខាងមុខ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្រសួងមហាផ្ទៃ សូមស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួន»។
លិខិត បានបន្ដថា រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលរាជធានី ខេត្ត និងអភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ក្នុងការជួយសម្របសម្រួលធ្វើការបញ្ជាក់នីត្យានុកូលកម្មលើប្រកាសស្តីពីការចុះឈ្មោះ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដោយមិនគិតកម្រៃសេវា។
ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃបាន បន្ថែមថា ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ជួយសម្របសម្រួល និងបង្ក លក្ខណៈងាយស្រួលក្នុងការចេញលិ ខិតបញ្ជាក់ផ្សេងៗ ជូនបេក្ខជនមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា អាណត្តិទី៥ និងបេក្ខជនមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ របស់គណ បក្សនយោបាយដែលបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការចុះ បញ្ជីគណបក្សនយោ បាយឈរឈ្មោះ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។
លើសពីនេះ រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាល ឃុំ សង្កាត់ ជួយសម្របសម្រួលក្នុងការចេញ លិខិតបញ្ជាក់ពីភាពមាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត របស់ភ្នាក់ងារគណបក្សនយោបាយ ជូនភ្នាក់ងាររបស់គណបក្ស នយោបាយដែលបានចុះបញ្ជី គណបក្សនយោបាយនៅក្រសួងមហាផ្ទៃត្រឹមត្រូវតាមច្បាប់ សម្រាប់យកទៅប្រើប្រាស់ក្នុងការ ចុះឈ្មោះជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតរបស់គណបក្សនយោបាយ។
សូមជម្រាបថា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៥ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតនេះ មានតែក្រុមប្រឹក្សាឃុំសង្កាត់ និងអ្នកតំណាងរាស្ត្រក្នុងអាណត្តិប៉ុណ្ណោះ ជាអ្នកបោះឆ្នោត៕ អ៊ាង ប៊ុនរិទ្ធ



ចែករំលែកព័តមាននេះ