រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៣ តុលា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌដូនពេញ ដឹកនាំដោយលោក ជា ខេមា អភិបាលខណ្ឌបានចុះណែនាំដល់ក្រុមអ្នករកស៊ីរត់រថយន្តឈ្នួលទាំងអស់ នៅបេនឡានផ្សារធំថ្មី កុំឱ្យមានការដំឡើងថ្លៃប្រាក់ឈ្នួលដឹកពីពលរដ្ឋដែលជិះធ្វើដំណើរទៅកាន់ស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ។

លោក ជា ខេមា អភិបាលខណ្ឌបានប្រាប់ឱ្យដឹងថា ដោយសារតែឱកាសបុណ្យភ្ជុំបិណ្ឌ គឺតែងមានពលរដ្ឋជាច្រើននឹងនាំគ្នាជិះរថយន្តឈ្នួលធ្វើដំណើរទៅកាន់ស្រុកកំណើតនៅតាមបណ្តាខេត្តនានា ដូច្នោះហើយ ការមិនដំឡើងថ្លៃឈ្នួលនេះ គឺត្រូវទាមទារឱ្យម្ចាស់រថយន្តឈ្នួលទាំងអស់ ត្រូវចូលរួមជាមួយការណែនាំរបស់អាជ្ញាធរ ដើម្បីកុំឱ្យពលរដ្ឋចំណាយប្រាក់កាសច្រើន សម្រាប់ការធ្វើដំណើរ ។

ក្រុមអ្នករត់រថយន្តឈ្នួលក៏បានបញ្ជាក់ថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពួកគាត់នឹងពុំមានការតម្លៃថ្លៃលើការដឹកពលរដ្ឋនោះឡើយ ពោលពីពេលកន្លងធ្លាប់ដឹកយកតម្លៃប៉ុណ្ណា គឺនៅបន្តយកប៉ុណ្ណឹង ។ ពួកគាត់បន្តថា កន្លងទៅ មិនត្រឹមតែមិនតម្លើងថ្លៃនោះទេ មានពេលខ្លះពួកគាត់ក៏យោគយល់ជាមួយពលរដ្ឋដែលមានលុយមិនគ្រប់ផងដែរ ដោយអនុញ្ញាតឱ្យជិះក្នុងតម្លៃតាមលទ្ធភាពរបស់ពួកគាត់ក៏មាន ។

សូមបញ្ជាក់ថា ពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ ប្រព្រឹត្តិទៅចាប់ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ ៕ ដោយ ៖ រដ្ឋា




ចែករំលែកព័តមាននេះ