ខេត្តកំពត ៖ ស្ត្រីម្នាក់មានឈ្មោះស៊ុន កប អាយុ៣៣ឆ្នាំ មានប្ដីឈ្មោះនាម ភ័ណ្ណ ដែលប្តីបានទៅធ្វើ
កម្មករនៅប្រទេសកូរ៉េរយៈពេល៥ឆ្នាំហើយ ។ ហើយគ្រួសារមួយនេះ រស់នៅភូមិស្ដេចគង់ ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត តែដោយសារប្រពន្ធខឹងប្ដីដែលរស់នៅប្រទេសកូរ៉េនោះ មានស្រីថ្មីបង្ហាញរូបថតតាមបណ្ដាញសង្គម ក៏ធ្វើឱ្យស្ត្រីជាប្រពន្ធរូបនេះ មានអារម្មណ៍មិនល្អ ។

ម្យ៉ាងទៀត ក៏ខឹងជាមួយម្ដាយក្មេករស់នៅស្រុកដងទង់ផងដែរ ដែលបានទាមទារឱ្យគាត់ផ្ដិតមេដៃចែកទ្រព្យសម្បត្តិគ្នា ក៏ត្រូវនាងជាប្រពន្ធ (ស៊ុន កប) មានគំនិតគិតបានច្នៃប្រឌិតរឿងថា «មានករណីចោរប្លន់កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី០២ តុលា ឆ្នាំ២០២៣» ។

បើតាមស្ត្រីជាម្ចាស់ផ្ទះ (ស៊ុន កប) បាននិយាយប្រាប់នគរបាលប៉ុស្លិ៍ឃុំស្ដេចគង់ខាងត្បូងថា ខ្លួនត្រូវចោរប្លន់យកលុយអស់១ម៉ឺនដុល្លារ ។ ហើយក្រុមចោរនោះមានទាំងកាំបិតនិងកាំភ្លើងមកភ្ជង់គាត់ឱ្យប្រមូលលុយក្នុងផ្ទះសំយាបខាងលិចផ្ទះថ្ម មានម៉ូតូចំនួន៣គ្រឿងដែរ តែចោរបានអូសតែម៉ូតូសង់125ផលិតឆ្នាំ2015មួយគ្រឿង អូសយកទៅចោលនៅខាងក្រោយក្រោលគោផ្ទះ ។

ប៉ុន្តែករណីនេះហើយ ទើបធ្វើឱ្យគ្រប់គ្នាឆ្ងល់ជាខ្លាំងថា ចុះបើចោប្លន់ហើយម៉ូតូមិនព្រមជិះចេញ ព្រោះផ្ទះសុទ្ធតែមានសោចាក់ទាំងទ្វាររបងរហូតចាក់ក្នុងផ្ទះផង ធ្វើឱ្យកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកាន់តែសង្ស័យលើករណីនេះកាន់តែខ្លាំង ។

នគរបាលបានដឹកស្ត្រីជាម្ចាស់ផ្ទះដែលអះអាងថា ត្រូវចោរប្លន់ទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំលម្អិតទើបត្រូវស្ត្រី ស៊ុន កប បានសារភាពប្រាប់នគរបាលថា «ខ្លួនពិតជាប្រឌិតរឿងនេះមែន» ។

លោកវរសេនីយ៍ទោ នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាសបាននិយាយប្រាប់អោយដឹងកាលពីព្រឹកថ្ងៃទី០៣ ខែតុលា នេះថា ករណីចោរប្លន់នៅស្ដេចគង់នេះជារឿងប្រឌិតទេ ដោយសារស្ត្រីរូបនេះខឹងប្ដីនៅកូរ៉េកំពុងមានស្រីថ្មី និងខឹងម្ដាយក្មេកទាមទារឱ្យចែកទ្រព្យសម្បត្តិទៀត ។

លោកបន្តថា ព្រោះតែមានរឿងចម្រូងចម្រាស់បែបនេះហើយ ទើបនាងជាប្រពន្ធបានច្នៃប្រឌិតរឿងចោរប្លន់កុំឱ្យប្ដីទាមទារលុយ១ម៉ឺនដុល្លារនោះ ។ លោកនិយាយថា លុយ១ម៉ឺនដុល្លារ ពិតជាមាននៅក្នុងដៃស្ត្រីនៅស៊ុនកបប្រាកដមែន ។ ប៉ុន្តែទោះជាមានរឿងយ៉ាងនេះក្ដី លោកអធិការបានអប់រំចិត្តឱ្យស្ត្រីរូបនោះដើរផ្លូវល្អ ហើយក៏គ្មានអ្នកណាមកយកទ្រព្យសម្បត្តិរបស់នាងដែលអាជ្ញាធរមិនបានដឹងឮនោះទេ ។
មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។


ចែករំលែកព័តមាននេះ