រាជធានីភ្នំពេញ ៖ ថ្លែងជាសាធារណៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការដំឡើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតពី ២០០ដុល្លារ ទៅ២០៤ដុល្លារ គឺជាការប្រសើរ ព្រោះថា បណ្តាប្រទេសមួយចំនួន នៅជិតខាងកម្ពុជា មិនបានដំឡើងនោះទេ ។
ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ នយោជិត ជិត២ម៉ឺននាក់ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបកស្រាយប្រាប់កម្មករ-កម្មការិនី ថាការដំឡើងប្រាក់ឈ្នួលថែម ២ដុល្លារទៀតនោះ គឺបង្ខំនិយោជកឲ្យយក ដើម្បីធ្វើយ៉ាងណា ផ្ដល់ផលប្រយោជន៍ឲ្យកម្មករ ។
ការបកស្រាយរបស់ប្រមុខរាជរដ្ឋាភិបាលនេះ បន្ទាប់ពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល សម្រួលជូនទៅភាគីនិយោជក បានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ។ ដូច្នេះប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារ ក្នុង១ខែ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះក្រសួងការងារ បណ្ដុះបណ្ដាល និងវិជ្ជាជីវៈ ព្រមទាំងភាគីពាក់ព័ន្ធ បានខិតខំក្នុងការចរចាលើការកំណត់ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ក្នុងវិស័យកាត់ដេរ រហូតសម្រេចបានលទ្ធផល ចំនួន ២០៤ដុល្លារ នៅឆ្នាំ២០២៤ ។
សម្ដេចធិបតី បញ្ជាក់ថា ៖ «បងប្អូនត្រូវយល់អាថែម ២ដុល្លារនេះ គឺបង្ខំនិយោជកឲ្យយក ដើម្បីឲ្យបងប្អូន និយាយឲ្យច្បាស់ចឹង និយោជក គាត់ចង់ថែរក្សាដែរ ទម្រគាត់ដាច់ចិត្តបោះឆ្នោតយក ២ដុល្លារ ស្រាប់តែទៅដល់នាយករដ្ឋមន្ដ្រី ថែម២ដុល្លារទៀត គឺស្មើនឹងបង្ខំនិយោជកឲ្យយក ថែម២ដុល្លារ ដើម្បីផលប្រយោជន៍ កម្មករ-កម្មការិនី នេះជាការពិត» ។
សម្ដេចនាយករដ្ឋមន្ដ្រី បន្ដថា ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវតែដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិត ជារៀងរាល់ឆ្នាំទោះបីមានចំនួនតិច ឬច្រើនក៏ដោយ។ នេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរដល់កម្មករ និយោជិត តាំងពីអាណត្តិមុនៗ ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃកម្ពុជា ។
សម្ដេចបន្ថែមថា ប្រទេសទាំងអស់លើពិភពលោក កំពុងតែជួបប្រទះបញ្ហាបញ្ជាទិញ ដូចគ្នានេះ ខណៈប្រទេសមួយចំនួន មិនមានដំឡើងប្រាក់ខែ ដល់កម្មករឡើយ ។
ទាក់ទិននឹងការដំឡើងប្រាក់ខែគោល កម្មករនិយោជិត ឆ្នាំ២០២៤នេះ ដែរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថានឹងចាប់ផ្តើមបើកជូនកម្មករចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ ៕



ចែករំលែកព័តមាននេះ