ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​ផ្ទះ បែរជា​អត់​បាន​ផ្ទះ អតិថិជន​ជាង​៥០​នាក់​លើកគ្នា​ទៅ​សាលា​ខណ្ឌ សុំ​ឲ្យ​អន្តរាគមន៍

6 ខែ មុន
  • ភ្នំពេញ

អតិថិជន​របស់ «​បុរី​ទ្រី គី​ម ចំការ​ដូង​គម្រោង​ទី​១០» ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាង​៥០​នាក់ បាន​លើកគ្នា​ទៅ​កាន់​សាលា​ខណ្ឌដង្កោ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៣ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​។ បន្ទាប់​ពី​ពួក​គាត់​ទិញ​ផ្ទះ​ពី​បុរី​

រាជធានី​ភ្នំពេញ ៖ អតិថិជន​របស់ «​បុរី​ទ្រី គី​ម ចំការ​ដូង​គម្រោង​ទី​១០» ស្ថិត​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ជាង​៥០​នាក់ បាន​លើកគ្នា​ទៅ​កាន់​សាលា​ខណ្ឌដង្កោ កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៣ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​។ បន្ទាប់​ពី​ពួក​គាត់​ទិញ​ផ្ទះ​ពី​បុរី​ខាងលើ​នេះ ហើយ​អ្នកខ្លះ​បង់ប្រាក់​បាន​ចំនួន​៣០​ភាគរយ ទៅ​៨០​ភាគរយ និង​អ្នកខ្លះ​ទៀត​បង់គ្រប់​១០០​ភាគរយ​ទៅ​ហើយ ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​ផ្ទះ​ឡើយ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ស្រាប់តែ​បែកធ្លាយ​រឿង​ម្ចាស់​បុរី​ទិញ​ដី​គេ​ឲ្យ​លុយ​មិន​គ្រប់ ហើយ​ត្រូវ​ម្ចាស់​ដី​រារាំង​មិន​ឲ្យ​បន្ត​ការ​សាងសង់​ផ្ទះ​តទៅ​ទៀត​ឡើយ រហូត​ពេល​នេះ ម្ចាស់​បុរី​ខាងលើ ក៏​បាន​រត់គេច​ខ្លួន​លែង​ទទួលខុសត្រូវ​ថែម​ទៀត​ផង​។ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​អស់​ទំនុកចិត្ត​ទៅ​លើ​ម្ចាស់​បុរី ទើប​ពួក​គាត់​កាន់​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជា ហ៊ុន សែន និង​សម្ដេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ព្រមទាំង​រូបថត​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​លោក​ជំទាវ និង​រូបថត​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លើកគ្នា​ទៅ​រក​អាជ្ញាធរ​ខណ្ឌដង្កោ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​។

ក្រុម​អ្នក​តវ៉ា​ខាងលើ បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា «​ម្ចាស់​បុរី​ទ្រី​គី​ម​នោះ មាន​ប្ដី​ឈ្មោះ ហេង ទ្រី និង​មាន​ប្រពន្ធ​ឈ្មោះ សុង សេង​ហួយ ហើយ​ផ្ទះ​នៅ​ក្នុង​បុរី​នោះ ចែក​ចេញ​ជា​២​ប្រភេទ គឺ​ទី​១- ប្រភេទ​ផ្ទះ​អាជីវកម្ម ក្នុង​១​ខ្នង​តម្លៃ​ចាប់ពី​ជាង​១០​ម៉ឺន​ដុល្លារ​ឡើង​ទៅ និង​ទី​២- ប្រភេទ​វីឡា​កូនកាត់ តម្លៃ​ចាប់ពី​ជាង​៥​ម៉ឺន​ដុល្លារ​ឡើង​ទៅ​។ ពួក​គាត់​ចូល​ទៅ​ទិញ​ផ្ទះ​នៅ​ទីនោះ តាំងពី​ក្រុមហ៊ុន​បុរី​នេះ​នៅ​ពេល​​ចាប់ផ្ដើម​បុ​.​ក​គ្រឹះ​សាងសង់​ដំបូង ហើយ​បាន​ធ្វើ​កុងត្រា​ជាមួយ​គ្នា ដោយ​ម្ចាស់​បុរី​ធានា​ត្រឹម​រយៈពេល​២​ឆ្នាំ​នឹង​បាន​ផ្ទះ​នៅ​។ ពួក​គាត់​ទិញ​ផ្ទះ​តាម​រយៈ​ការ​បង់​រំលស់ ហើយ​បើ​គិត​មក​ដល់​ពេល​នេះ គឺ​មាន​អ្នកខ្លះ​បង់​បាន​៣០ ទៅ​៥០% ឬ​៨០% រីឯ​អ្នកខ្លះ​ទៀត​បាន​បង់គ្រប់​ចំនួន​១០០​ភាគរយ​ទៅ​ហើយ ប៉ុន្តែ​ពុំ​ទទួល​បាន​ផ្ទះ​សម្រាប់​រស់នៅ​ឡើយ​»​។

ក្រុម​អ្នក​តវ៉ា​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា «​ដំបូង​ឡើយ ម្ចាស់​បុរី​បាន​សាងសង់​ផ្ទះ​ជា​ធម្មតា ដោយ​ផ្ទះ​ខ្លះ​សង់​បាន​ប្រហែល​៨០​ភាគរយ​ទៅ​ហើយ ប៉ុន្តែ​កាលពីដើម​ឆ្នាំ​២០២៣ ស្រាប់តែ​ផ្អាក​ការ​សាងសង់​ទៅ​វិញ ហើយ​នៅ​ពេល​ពួក​គាត់​ដែល​ជា​អតិថិជន​សួរនាំ ស្រាប់តែ​បែកធ្លាយ​រឿង​ទំនាស់​រវាង​ម្ចាស់​បុរី និង​ម្ចាស់​ដី​ឯណា​វិញ​។ ដោយសារ​តែ​ម្ចាស់​បុរី​ទិញ​ដី​ឲ្យ​លុយ​គេ​មិន​គ្រប់ ហើយ​ត្រូវ​ម្ចាស់​ដី​រារាំង​មិន​ឲ្យ​សាងសង់​បន្ត​ទៀត ចំណែកឯ​ពួក​គាត់ ដែល​ជា​អតិថិជន​ពុំ​បានដឹង​ថា បុរី​នេះ​មាន​ភាព​រញ៉េរញ៉ៃ​បែប​នេះ​សោះ ព្រោះ​នៅ​ពេល​ចូល​ទៅ​ទិញ​ដំបូង ម្ចាស់​បុរី​ធានា​អះអាង​ថា គ្មាន​រឿង​អ្វី​កើតឡើង គ្មាន​ទំនាស់ ឬ​ពាក់ព័ន្ធ​រឿង​អា​ក្រ​.​ក់​អ្វី​ទេ​»​។

ប្រភព​ដដែល​បាន​ប្រាប់​ទៀត​ថា «​ក្រោយ​ពី​ផ្អាក​ការ​សាងសង់​ផ្ទះ និង​បែក​រឿង​ទំនាស់​ជាមួយ​ម្ចាស់​ដី​រួច​មក លោក ហេង ទ្រី និង​ប្រពន្ធ​ឈ្មោះ សុង សេង​ហួយ ដែល​ជា​ម្ចាស់​បុរី​ខាងលើ បាន​រក​លេស​ដោះ​សារ​ជាមួយ​ពួក​គាត់​ម្ដង​ហើយ​ម្ដងទៀត មាន​លេស​មិន​ចេះ​ចប់​សោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ នៅ​ពេល​ពួក​គាត់​សួរនាំ​ច្រើន​ពេក បែរជា​ឲ្យ​លេខ​ទូរស័ព្ទ​ទាក់ទង​ទៅ​កាន់​មេធាវី​ការពារ​ក្ដី​របស់​ម្ចាស់​ដី​ទៅ​វិញ ហើយ​ទីបំផុត​ម្ចាស់​បុរី​រូប​នេះ បាន​រត់គេច​ខ្លួន​បាត់ ទាក់ទង​លែង​បាន​តែ​ម្ដង​។ ការ​មិន​ទទួលខុសត្រូវ​បែប​នេះ ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ទើបរ​ត់រក​ឲ្យ​អាជ្ញាធរ​ជួយ ហើយ​មុន​នឹង​ទៅ ក៏​បាន​ដាក់​លិខិត​បណ្ដឹង​ចូល​សាលា​ខណ្ឌដង្កោ​នេះ កាលពី​១​អាទិត្យ​មុន​រួច​មក​ហើយ​ដែរ​»​។

ក្រោយ​ពេល​ក្រុម​អ្នក​តវ៉ា​ទៅ​ដល់ អាជ្ញាធរ​ខណ្ឌដង្កោ​បាន​អញ្ជើញ​ឲ្យ​ពួក​គាត់​ចូល​ទៅ​ខាងក្នុង​បរិវេណ​សាលា​ខណ្ឌ ចៀសវាង​ការ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ រួច​បាន​ហៅ​តំណាង​៦​នាក់​ឲ្យ​ចូល​ជួប ដើម្បី​សួរនាំ និង​រក​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​លើ​បញ្ហា​នេះ ប៉ុន្តែ​នៅ​ពុំ​ទាន់​ដឹង​ថា តើ​អាជ្ញា​ធរមាន​គន្លឹះ ដើម្បី​ដោះស្រាយ​រឿង​នេះ​តាម​របៀប​ណា​នៅឡើយ​ទេ?៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ