ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ហាំ​ង​ចូ​វ​ ដាក់​គោលដៅ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិ​ការណ៍​​ពហុ​​​កីឡា ខណៈ​កំពុង​រីករាយ​នឹង​កីឡា​អាស៊ី​ហ្គេ​ម

6 ខែ មុន

ចិន ៖ មន្ត្រី​របស់​ប្រទេស​ចិន​អះអាង​ថា ទីក្រុង​ហាំ​ង​ចូ​វ (Hangzhou) កំពុង​កំណត់​គោលដៅ​ក្នុង​ការ​

ចិន ៖ មន្ត្រី​របស់​ប្រទេស​ចិន​អះអាង​ថា ទីក្រុង​ហាំ​ង​ចូ​វ (Hangzhou) កំពុង​កំណត់​គោលដៅ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ នា​ពេល​អនាគត ខណៈ​ដែល​កំពុង​បន្ត​ដំណើរការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេ​ម​លើក​ទី​១៩ ឆ្នាំ​២០២២ (Asian Games) ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់​ទីក្រុង​នៅ​ភាគ​ពាយ័ព្យ ខេត្ត​ហ្សឺ​ជាំ​ង (Zhejiang) មួយ​នេះ​។

អត្ត​ព​លិ​ក​ចំនួន ១២,៥០០​នាក់ មក​ពី ៤៥ ប្រទេស បាន​និង​កំពុង​ប្រកួត​លើ​វិញ្ញាសា​ចំនួន ៤០ នៅ​ក្នុង​រយៈពេល​១៥​ថ្ងៃ នៃ​ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ពិធី​បើក កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា កន្លង​ទៅ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៨ ខែតុលា ខាង​មុខ​នេះ ត្បិត​ព្រឹត្តិការណ៍​នេះ បាន​ពន្យារពេល​១២​ខែ ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​។

ទីតាំង និង​កីឡដ្ឋាន​សរុប​ចំនួន ៥៤ កំពុង​បម្រើ​ដល់​ការ​ប្រកួត ដោយនៅ​ក្នុង​នោះ​មាន​ទីតាំង​ចំនួន ១២ ត្រូវ​បាន​សាងសង់​ថ្មី ខណៈ​ទីតាំង​ផ្សេង​ទៀត ត្រូវ​បាន​ជួសជុល​កែ​លំអ​បន្ថែម ដោយ​បំពាក់​គ្រឿង​បរិក្ខារ​ទំនើប​ៗ និង​ទទួល​បានការ​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​លោក Vinod Kumar Tiwari អគ្គនាយក​ស្តីទី​ក្រុមប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី ដោយ​សរសើរ​ថា «​ស្តង់ដារ​កីឡា​អូ​ឡាំ​ពិ​ក​» ។ ហាំ​ង​ចូ​វ គឺជា​ទីក្រុង​ចិនដីគោក​ទី​៣ ដែល​រៀបចំ​ព្រឹត្តិការណ៍​អាស៊ី​ហ្គេ​ម បន្ទាប់​ពី​ទីក្រុង​ប៉េ​កាំ​ង (Beijing) កាលពី​ឆ្នាំ ១៩៩០ និង​ទីក្រុង​ក្វា​ង​ចូ​វ (Guangzhou) កាលពី​ឆ្នាំ ២០១០ ។

លោក Mao Genhong អគ្គលេខាធិការ​រង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេ​ម​ទីក្រុង​ហាំ​ង​ចូ​វ និង​រដ្ឋាភិបាល​ប្រជាជន​ក្រុង​ហាំ​ង​ចូ​វ​បាន​ថ្លែង​ថា «​បទ​ពិសោធន៍ នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​អាស៊ី​ហ្គេ​ម គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​បំផុត សម្រាប់​ព្រឹត្តិការណ៍​ពហុ​កីឡា​នា​ពេល​អនាគត​។ កីឡា​អូ​ឡាំ​ពិ​ក​មាន​អត្ត​ព​លិ​ក​ចូលរួម ១​ម៉ឺន​នាក់ ហើយ​កីឡា​អាស៊ី​មាន​ប្រមាណ ១២,០០០​នាក់​។ យើង​មាន​ព្រឹត្តិការណ៍​ប្រកួត​ចំនួន ៤៥​។ យើង​បាន​ប្រារព្ធ​ព្រឹត្តិការណ៍​សាកល្បង​ចំនួន ៥៧ នៅ​ឆ្នាំ​នេះ ហើយ​ឆ្នាំ​នេះ យើង​បាន​រៀបចំ​ព្រឹត្តិការណ៍​សាកល្បង​កម្រិត​អន្តរជាតិ​ចំនួន ១០​។ ដូច្នេះ​ទីក្រុង​ហាំ​ង​ចូ​វ កំពុង​ស្ថិត​ក្នុង​ដំណើរការ​ព្យាយាម​នាំ​យក​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ បន្ថែម​ទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​»​។

អគ្គលេខាធិការ​រង​ដដែល​រូប​នេះ បាន​បន្ថែម​ថា «​រដ្ឋាភិបាល​មូលដ្ឋាន​មួយ​ចំនួន នឹង​ទទួល​បន្ទុក​លើ​តួនាទី​ពួក​គេ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ច្បាស់លាស់ ដើម្បី​អាច​រៀបចំ​ឱ្យ​មាន​ស្តង់ដារ​ដូច​ព្រឹត្តិការណ៍​អាស៊ី​ហ្គេ​ម ហើយ​ខ្ញុំ​គិត​ថា ការ​ទទួលខុសត្រូវ​ច្បាស់លាស់​នេះ នឹង​មានគុណ​សម្បត្តិ​ខ្លះ​។ ម្ចាស់ផ្ទះ និង​កន្លែង​ប្រកួត​ក្នុងស្រុក នឹង​ធ្វើការ​រួម​គ្នា​លើ​ប្រតិបត្តិការ​កន្លែង​ប្រកួត ហើយ​យើង​សង្ឃឹមថា យើង​នឹង​យក​បទ​ពិសោធន៍​មាន​ពី​ប្រតិបត្តិការ​កីឡា​អាស៊ី​ហ្គេ​ម ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កីឡា​សំខាន់​ៗ​ផ្សេង​ទៀត នា​ពេល​អនាគត​»​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០២៣ នៃ​ព្រឹត្តិការណ៍​អាស៊ី​ហ្គេ​ម​លើក​ទី​១៩ ម្ចាស់ផ្ទះ​ចិន​កំពុង​បន្ត​នាំមុខ​កំពូល​តារាង​មេដាយ​បណ្តោះអាសន្ន ដោយ​ឈ្នះ​មេដាយ​សរុប​ចំនួន ២៧០​គ្រឿង មាស ១៤៧ ប្រាក់ ៨១ និង​សំរឹទ្ធ ៤២ តាម​ក្រោយ​ជប៉ុន​ដែល​ឈ្នះ​មេដាយ​សរុប​ចំនួន ១២២​គ្រឿង មាស ៣៣ ប្រាក់ ៤៤ និង​សំរឹទ្ធ ៤៥ ចំណាត់​ថា្ន​ក់​លេខ​៣ កូរ៉េ​ខាងត្បូង ឈ្នះ​មេដាយ​សរុប​ចំនួន ១៣៣​គ្រឿង មាស ៣១ ប្រាក់ ៣៩ និង​សំរឹទ្ធ ៦៣៕ (​ប្រភព​ពី Inside The Games)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ