រាជធានីភ្នំពេញ ៖ គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា ថ្ងៃដំបូង នៃការចុះឈ្មោះឆ្នោតថ្មី មានចុះទៅចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០,០៤១នាក់ និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧,៧៩៧នាក់ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លើកឡើងពីលទ្ធផលបណ្តោះអាសន្ន ថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងបានញ្ជាក់ថា ៖ លទ្ធផលបណ្តោះអាសន្នថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០,០៤១នាក់។
អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧,៧៩៧នាក់ ។ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៦៧១នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២,០០៦នាក់។
គ.ជ.ប បានលើកឡើងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ដូចនេះ សូមអញ្ជើញប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ នៅតាមឃុំ សង្កាត់ ឬតាម គេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរសព្ទ App-NECKH ។ ប្រសិនបើពិនិត្យ ឃើញថា មានការកត់ត្រា មិនបានត្រឹមត្រូវតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះបោះឆ្នោត ។
ជាមួយគ្នានោះដែរ គ.ជ.ប បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក ឬអ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៦) ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ថ្មី ទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានៅឃុំ សង្កាត់ ដែលសាមីខ្លួនកំពុងរស់នៅ ឬស្នាក់នៅ ៕
ចែករំលែកព័តមាននេះ