រាជធានីភ្នំពេញ ៖ ផ្លូវរថភ្លើងនៅតែជាកន្លែងសម្រាប់អង្គុយលំហែកាយ និងផឹកស៊ីនៅពេលថ្ងៃជិតលិច ជាពិសេសថ្ងៃឈប់សម្រាកពីការងារ ថ្ងៃសៅរិ៍ និងថ្ងៃអាទិត្យ ដោយមិនគិតពីគ្រោះថ្នាក់ជាយថាហេតុណាមួយឡើយ ។

កំណាត់ផ្លូវរថភ្លើងដែលក្លាយជាកន្លែងលំហែកាយ និងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនោះ នៅចំណុចដីវាលខាងកើត វត្តត្រពាំងឈូក ស្ថិតក្នុងសង្កាត់សំរោងក្រោម រហូតដល់ខាងកើត បុរីពិភពថ្មី ឈូកវ៉ា២ ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ នៅលើផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពង់សោម ចាប់ពីវត្តត្រពាំងឈូក ស្ថិតក្នុងសង្កាត់សំរោងក្រោម រហូតដល់ខាងកើតបុរីពិភពថ្មីឈូកវ៉ា២ ត្រង់ភោជនីដ្ឋាន «ឃ្មុំអាំង» ស្ថិតក្នុងសង្កាត់កាកាប២ គេឃើញមានមនុស្សម្នារាប់រយនាក់នាំគ្នាឈប់ម៉ូតូ ឬដើរមកអង្គុយលំហែកាយនៅលើផ្លូវរថភ្លើង រួចជជែកគ្នាលេង និងខ្លះទៀតក៏បានទិញចំណីមកអង្គុយញ៉ាំ ឬទិញស្រាមកផឹកយ៉ាងសប្បាយរីករាយ នៅពេលថ្ងៃជិតលិចផងដែរ ដោយមិនបានគិតគូរពីគ្រោះថ្នាក់ជាយថាហេតុ ណាមួយឡើយ។ ទន្ទឹមនឹងនោះ នៅតាមផ្លូវស្របនឹងផ្លូវរថភ្លើងនោះ ក៏ជាកន្លែងលក់ដូរតាមរទេះ កង់ទៀតផង។

បើតាមនារីជាកម្មការីនីម្នាក់ បានប្រាប់ឱ្យកោះសន្តិភាពដឹងថា «ឱ្យតែថ្ងៃសៅរិ៍ ឬថ្ងៃអាទិត្យ ដែលជាថ្ងៃឈប់សម្រាកពីការងារ នាងតែងតែនាំមិត្តភក្កិ បងប្អូនមកអង្គុយលេងនៅលើផ្លូវរថភ្លើង ដើម្បីលំហែកាយ និងបំបាត់ការភាពនឿយហត់។ មិនថា តែនាងនោះទេ ក៏មានកម្មករ កម្មការីនី ប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្បែរនោះក៏នាំគ្នាមកអង្អុយលេងជាក្រុមៗយ៉ាងច្រើនកុះករផងដែរ»។

កម្មការីនីរូបនោះ បានប្រាប់ឱ្យដឹងទៀតថា «នៅពេលខ្លះ កំពុងតែអង្គុយលេង ក៏មានរថភ្លើងឆ្លងកាត់ នាងក៏ដើរចេញពីផ្លូវដែក រួចឈរមើលរថភ្លើង លុះពេលរថភ្លើងទៅផុត នាងក៏នាំគ្នាមកអង្គុយលេងវិញ»។
គួរបញ្ជាក់ថា ក្រៅពីចំណុចខាងលើ នៅខាងលិចវត្តត្រពាំងឈូក ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ក៏នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទៅអង្គុយលេង និងញ៉ាំអីដូចគ្នា។

ជាការកត់សម្គាល់ អ្នកដែលនាំគ្នាទៅអង្គុយលំហែកាយ និងផឹកស៊ីបែបនេះ ត្រូវគេដឹងថា ភាគច្រើនគឺជាកម្មករ កម្មការីនី និងអ្នករស់នៅក្នុងភូមិក្បែរៗផ្លូវរថភ្លើង ខណៈពេលឈប់សម្រាកពីការងារ ក៏នាំគ្នាទៅអង្គុយលេង និងស្រូបយកខ្យល់អាកាសតែម្ដង។
គួរបញ្ជាក់ទៀតថា កាលពីប្រមាណជាង១ឆ្នាំមុន នៅក្នុងបណ្តាញសង្គម TikTok ក៏មានការបង្ហោះរូបភាព អ្នកនាំគ្នាទៅអង្គុយលេងនៅលើផ្លូវរថភ្លើងយ៉ាងច្រើនកុះករ ជាហេតុបង្កឱ្យមានការព្រួយបារម្ភពីគ្រោះថ្នាក់ជាយថាហេតុ។

ទន្ទឹមនឹងនោះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សង្កាត់សំរោងក្រោម ក៏បានដឹកនាំកម្លាំងសណ្តាប់ធ្នាប់ចុះទៅណែនាំអប់រំផងដែរ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនបានស្តាប់តាមការណែនាំនោះទេ ហើយនៅតែនាំគ្នាមកអង្គុយលេង ដោយមិនបានគិតគ៏រពីគ្រោះថ្នាក់ឡើយ៕









ចែករំលែកព័តមាននេះ