រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា រឿងរ៉ាវជួបជុំគ្នាផឹកស៊ីស្រវឹង ក៏មានគេប្រាប់ថា «បងថ្លៃនិយាយដើមប្អូនថ្លៃ» ធ្វើឱ្យប្អូនថ្លៃទៅសួរនាំបងថ្លៃ រហូតកើតមានជម្លោះប្រកែកគ្នាតែម្ដង ធ្វើឱ្យប្អូនថ្លៃខឹងក៏យកដុំថ្មគប់ទៅលើបងថ្លៃ តែខុស ស្រាប់តែបងថ្លៃយកដុំថ្មនោះមកវា.យប្អូនថ្លៃវិញ បណ្ដាលឱ្យរងរបួសឈា.មហូរស្រោចពេញមុខ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះជាប្អូនថ្លៃខាងលើនេះ មានឈ្មោះ សឿន ហាក់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់បន្លែ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកជនបង្កត្រូវជាបងថ្លៃ មានឈ្មោះ ស អូន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់កំពុងតែផឹកស៊ីជាមួយអ្នកផ្សេងមានគ្នា២នាក់ ហើយគេក៏និយាយប្រាប់គាត់ (ជនរងគ្រោះជាប្អូនថ្លៃ) ថា «បងថ្លៃបាននិយាយដើម»។ ក្រោយមក រូបគាត់ជាប្អូនថ្លៃក៏បានទៅសួរនាំ ចំណែកបងថ្លៃនិយាយប្រាប់ថា «គាត់មិនបាននិយាយដើមទេ» បន្ទាប់មកក៏មានការឈ្លោះប្រកែកគ្នាទៅវិញទៅមកតែម្ដង។

ប្រភពដដែលបន្តថា ហេតុតែរូបគាត់ជាប្អូនថ្លៃ មានអាយុច្រើនជាង ក៏ខឹងតែម្ដង ហើយបានយកដុំថ្មគប់ទៅលើបងថ្លៃដែលមានអាយុតិចជាង ប៉ុន្តែគប់ខុស បន្ទាប់មកបងថ្លៃក៏រើសយកដុំថ្មដែលគប់ខុសនោះ យកទៅវា.យរូបគាត់ជាប្អូនថ្លៃវិញត្រូវចំ២កន្លែង បែកចិញ្ចើមផ្នែកខាងស្ដាំឈា.មហូរស្រោចពេញមុខ និងមួយកន្លែងទៀត ចំស្មាខាងស្តាំរងរបួសធ្ងន់ ។ បន្ទាប់មក រូបគាត់ជាប្អូនថ្លៃដែលរងរបួស ក៏រត់មកប្តឹងសមត្ថកិច្ច ដើម្បីឱ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ខណៈពេលនោះ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានឃាត់ខ្លួនបងថ្លៃយកមកសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗ ហើយសមត្ថកិច្ចឃើញថា ជនរងគ្រោះជាប្អូនថ្លៃ ជនបង្កត្រូវជាបងថ្លៃនឹងគ្នា ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាទៅ។ ចំណែកឯប្រពន្ធជនបង្កវិញ ត្រូវជាបងបង្កើតជនរងគ្រោះ ក៏បានសុំអង្វរប្អូន ហើយដោយសារតែគ្មាននរណាជួយមើលការខុសត្រូវគ្រួសារផងនោះ ជនរងគ្រោះត្រូវជាប្អូនថ្លៃក៏លែងខឹង ព្រោះតែដឹងពីជីវភាពគ្រួសារ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានបដិសេធបណ្តឹង ដោយឱ្យបងប្អូនជួយថ្លៃព្យាបាលជំងឺ និងឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាណែនាំភាគីទាំងសងខាង ហើយបានត្រឡប់ទៅផ្ទះរៀងៗខ្លួនតែម្ដង៕


ចែករំលែកព័តមាននេះ