ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ក្រសួងទេសចរណ៍ បាន​ប្រកាស​ថា ពលរ​ដ្ឋ​កម្ពុជា ចេញ​ក្រៅប្រទេស​មាន​ចំនួន​សរុប​១,១៧ លាន​នាក់ គិត​ត្រឹម​ចុងខែ​សីហា ដោយ​មាន​កំណើន​កើនឡើង​រហូត​ដល់​ទៅ​ជាង ១៨៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ

ក្រសួងទេសចរណ៍ បាន​ប្រកាស​ថា ពលរដ្ឋ​កម្ពុជា ចេញ​ក្រៅប្រទេស​មាន​ចំនួន​សរុប​១,១៧ លាន​នាក់ គិត​ត្រឹម​ចុងខែ​សីហា ដោយ​មាន​កំណើន​កើនឡើង​រហូត​ដល់​ទៅ​ជាង ១៨៥​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២២ កន្លង​ទៅ ។

អ្នក​ទៅ​ក្រៅប្រទេស​ទាំងនោះ មាន​គោលបំណង​ដូច​ជា ទេសចរណ៍ ពិនិត្យ​និង​ព្យាបាល​ជំងឺ និង​ការ​រកស៊ី​ខ្នាត​តូច​ជាដើម​។ គេ​យល់​ថា មាន​ពលរដ្ឋ​យ៉ាងតិច​ពី​៧០ ទៅ ៨០ ភាគរយ ទៅ​ប្រទេស​វៀត​ណាម ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​។ នៅ​លើ​ឡានក្រុង​នីមួយ​ៗ នៅ​ពេល​គេ​និយាយ​គ្នា គឺ​ភាគច្រើន​គេ​និយាយ​អំពី​បញ្ហា​ជំងឺ​របស់​ខ្លួន ដែល​តម្រូវ​ឱ្យ​រក​ព្យាបាល​ក្រៅប្រទេស​។

បុរស​វ័យ​៤៥​ឆ្នាំ​មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ បាន​អះអាង​ថា «​សម្រាប់​រូប​លោក គ្រាន់តែ​ឆ្នាំ​នេះ បាន​ចេញ​ទៅ​វៀតណាម គឺ​មាន​ចំនួន​៣​ដង​រូ​ចម​ក​ហើយ ហេតុផល​គឺ​ទៅ​ព្យាបាល​ជំងឺ​នៅ​ទីនោះ ខណៈ​ដែល​គ្រួសារ​លោក គឺ​ចេញ​ទៅ​ទេសចរណ៍​»​។

លោក​បាន​បញ្ជាក់​ថា «​បើ​តាម​ពេទ្យ​នៅ​ទីនោះ​ណាត់ (​វៀតណាម​) ខ្ញុំ​នឹង​អាច​ទៅ​វៀតណាម បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ​យ៉ាង​ហោច​ណាស់​ក៏​ពីរ​ដង​ទៀត​ដែរ​»​។

ចំណែក​ស្ត្រី​ម្នាក់​ទៀត​បានឱ្យ​ដឹង​ថា «​គាត់​ធ្វើ​ដំណើរ គឺ​ដើម្បី​ទៅ​មើល​ប្អូន​ដែល​វះកាត់​ជំងឺ​បេះដូង នៅ​​ទីក្រុង​ហូ​ជី​មិ​ញ​»​។ គាត់​និយាយ​ថា «​គ្រួសារ​ប្អូន​របស់​គាត់ ចំណាយ​លុយ​មក​ដល់​ពេល​នេះ​អស់​ប្រហែល​ជិត​២​ម៉ឺន​ដុល្លារ ហើយដោយ​ត្រូវ​ធ្វើការ​វះកាត់ ត​.​សរសៃ​ឈា​.​ម បេះដូង ដែល​ស្ទះ​ច្រើន​កន្លែង»​។

ការ​ចេញ​ក្រៅប្រទេស ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ​នេះ បាន​ធ្វើ​ឱ្យ​លុយ​ជា​ច្រើន​លាន​ដុល្លារ បាន​ហូរ​ចេញពី​ប្រទេស​កម្ពុជា​។ ការ​ពង្រឹង​វិស័យ​សុខាភិបាល​កម្ពុជា នឹង​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប្រសើរ​ដល់​សុខភាព​ប្រជាជន​ទេ វា​នឹង​ជួយ​ផង​ដែរ ទប់​កុំឱ្យ​លុយ​ហូរ​ចេញ ហើយនឹង​បង្កើត​ការងារ និង​មុខរបរ​ជា​ច្រើន​ទៀត​ដែល​ទាក់ទង​នឹង​បញ្ហា​សុខភាព​។

របាយការណ៍​ក្រសួងទេសចរណ៍ បានឱ្យ​ដឹង​ថា កំណើន​នេះ កើនឡើង​យ៉ាង​គំហុក បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែល​មាន​ត្រឹមតែ​ជាង ១៤.០០០ នាក់ ហើយ​នៅ​ឆ្នាំ​២០២២ មាន​ត្រឹមតែ ៤១១.០០០ នាក់​នោះ ។

ប្រភព​ដដែល​មិន​បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​នេះ ពលរដ្ឋ​កម្ពុជា​ចេញដំណើរ​ទៅ គោលដៅ​ណាខ្លះ​នៅឡើយ​ទេ ប៉ុន្តែ​គេ​ដឹង​ថា ភាគច្រើន​បំផុត គឺ​ទៅ​ប្រទេស​ជិតខាង ដែល​មាន​ដូច​ជា ៖ ថៃ និង វៀតណាម ព្រមទាំង​ប្រទេស​នៅ​ក្នុង​តំបន់ ដែល​មាន​ដូច​ជា ៖ ម៉ា​ឡេ​ស៊ី និង សិង្ហ​បុរី ហើយ​ហេតុផល គឺ​មាន​ទេសចរណ៍ ព្យាបាល​ជំងឺ និង​ការ​ជួញដូរ​ខ្នាត​តូច​។ ក្រៅពី​គោលដៅ​ទាំងនេះ ក៏​មាន​ពលរដ្ឋ​កម្ពុជា ចេញ​ទៅ​គោលដៅ​ជា​ច្រើន​ដូច​ជា ៖ ចិន ហុងកុង ជប៉ុន ជាដើម ។

កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​បរទេស​សរុប​ប្រមាណ ៣,៥ លាន​នាក់ កើនឡើង​ជិត ២៥១​ភាគរយ នៅ​ឆ្នាំ​២០២៣ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២២​។

ដោយឡែក​បើ​ធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៩ គ្រា​មុន​វិបត្តិ​កូ​វី​ដ​-១៩ តួរ​លេខ​នេះ នៅ​មានការ​ថយ​ចុះ ១៩,៧% នៅឡើយ ពោល​គឺ​យើង​ទើបតែ​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ ៨០% នៃ​កម្រិត​មុន​វិបត្តិ​សម្រាប់​រយៈពេល​៨​ខែ​ឆ្នាំ​២០២៣​នេះ​។

តាម​ការ​រំពឹង​ទុក កម្ពុជា​នឹង​ទទួល​បាន​ទេសចរ​អន្តរជាតិ​ក្នុង​រង្វង់​ប្រមាណ​៤,៥ លាន ទៅ ៥ លាន​នាក់ សម្រាប់​ពេញ​មួយ​ឆ្នាំ​២០២៣​នេះ​។

សរសេរ​ដោយ ៖ ស និ​ត
កែសម្រួល​ដោយ ៖ ប្រេ វី​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ