ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ទាស់​! ទឹកដី​ចិន​អាច​ក្លាយជា​ទីតាំង​ប៉ះ​គ្នា​រវាង​ក្រុម Ronaldo និង Messi ដើមឆ្នាំ​ក្រោយ

6 ខែ មុន

អន្តរជាតិ ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo និង​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel

អន្តរជាតិ ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo និង​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi អាច​នឹង​ប៉ះ​គ្នា​លើ​ទីលាន​ប្រកួត​សារ​ជា​ថ្មី​ម្តងទៀត នៅ​ក្នុង​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​រវាង​ក្រុម Al-Nassr នៃ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​ក្រុម Inter Miami នៃ​លី​គ​កំពូល​សហរដ្ឋអាមេរិក នៅ​ដើមឆ្នាំ​ក្រោយ​។ នេះ​បើ​យោង​តាម​ប្រភព​ពី Marca និង Pubity ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ បាន​ផ្ទុះ​ឡើង​កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​ខ្សែប្រយុទ្ធ Lionel Messi បាន​ខកខាន​ជួយ​ក្រុម Inter Miami សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ US Open Cup នៅ​ពេល​ដែល​ក្រុម​ខ្លួន​បាន​ចាញ់​ក្រុម Houston Dynamo ដោយ​លទ្ធផល ២-១ កាលពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៣ ដោយសារ​បញ្ហា​របួស​។

របាយការណ៍​ពី​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់ បាន​បង្ហើប​ថា ក្រុមហ៊ុន​ទីផ្សារ​អន្តរជាតិ​ដ៏​ធំ​មួយ ដែល​មិន​ត្រូវ​បាន​បញ្ចេញ​ឈ្មោះ កំពុង​ជំរុញ​ឱ្យ​រៀបចំ​ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​របស់ Lionel Messi នឹង​ក្រុម​របស់ Cristiano Ronaldo ដោយ​ជំនួប​ដ៏​កក្រើក​នេះ គ្រោង​នឹង​ឡើង​នៅ​ក្នុង​ប្រទេស​ចិន នា​ខែមករា ឆ្នាំ​ក្រោយ​។

ប្រភព​ដដែល​បន្ថែម​ថា ក្រុម Al-Nassr ទទួល​បានការ​អញ្ជើញ​រួច​ហើយ នៅឡើយ​តែ​ការ​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​ក្រុម Inter Miami ខណៈ​ដែល​អ្នកគាំទ្រ​នៅ​ទូ​ទាំង​ពិភពលោក កំពុង​ទន្ទឹម​រង់ចាំ​ព័ត៌មាន​បន្ថែម​ដោយ​ភាព​រំភើប នៃ​ការ​បានឃើញ​ម្ចាស់​ជើងឯក​ពានរង្វាន់ World Cup ឆ្នាំ ២០២២ និង​ម្ចាស់​ជើងឯក​ពានរង្វាន់ Euro ឆ្នាំ ២០១៦ តទល់​នឹង​គ្នា​សារ​ជា​ថ្មី​ម្តងទៀត​នៅ​លើ​ទីលាន​ប្រកួត​។

សូម​ជម្រាប​ថា ការ​ជួប​គ្នា​ចុង​ក្រោយ​រវាង Lionel Messi ម្ចាស់​ពានរង្វាន់ Ballon d’Or ៧​សម័យកាល និង Cristiano Ronaldo ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល កើតឡើង​កាលពី​ខែមករា ដើមឆ្នាំ​នេះ ពោល​គឺ​ក្នុង​ការ​ប្រកួត​មិត្តភាព​រវាង PSG គ្រា​ដែល Messi ប្រកប​អាជីព​នៅ​បារាំង តទល់​នឹង​ក្រុម All Star ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញពី​ក្រុម Al-Nassr និង​ក្រុម Al-Hilal នៅ​ទីក្រុង Riyadh នៃ​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត បញ្ចប់​ទៅ​ដោយ PSG យកឈ្នះ​លទ្ធផល ៥-៤ ។

រង់ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​ជំនួប​ដ៏​កក្រើក​ពិភព​បាល់ទាត់​រវាង​កំពូល​កីឡាករ​ទាំង​ពីរ​របស់​ពិភពលោក អាច​នឹង​កើតឡើង​ដែរ​ឬទេ? ខណៈ​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​កំពុង​រង់ចាំ​លទ្ធផល​ចុង​ក្រោយ​នៃ​ដំណឹង​នេះ​៕ (​ប្រភព​ពី Marca និង Pubity)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ