ប្រទេសថៃ ៖ ថ្មីៗនេះ មានអ្នកភូមិជាច្រើននាំគ្នាលាន់មាត់គ្រប់ៗគ្នាថា «ពិតជាមិនដែលធ្លាប់ឃើញពីមុនមកទេលោកអើយ! ដោយមានដើមដូងមួយដើម មើលទៅហាក់ដូចជាចម្លែកខ្លាំងណាស់ ព្រោះតែវាមានលក្ខណៈដូចទៅនឹងសត្វនាគអ៊ីចឹង»។ រហូតទប់ចិត្តមិនជាប់ ក៏ធ្វើឱ្យមនុស្សជាច្រើននាក់នាំគ្នាសម្រុកទៅទស្សទាយនៅលេខឆ្នោតផ្សងសំណាងពីមួយទៅមួយដូចព្យុះអ៊ីចឹង។

នេះបើតាមដឹង ដើមដូងមួយនេះ វាបានដុះពន្លកមកថ្មី ដោយមើលទៅហាក់បីដូចជាចម្លែកមិនធម្មតានោះឡើយ ភ្លាមៗនោះ ពួកគេក៏សម្លឹងមើលឱ្យជិត រួចហើយក៏ក្រឡេកមើលទៅវាដូចជា សត្វនាគអញ្ចឹង។ ក្រោយពេលបានឃើញនៅដើមដូងមួយនេះរួចមក ក៏មានអ្នកខ្លះនិយាយលើកឡើងថា «ខ្ញុំមើលទៅវា ហាក់បីដូចទៅនឹងសត្វនាគខ្លាំងណាស់ ហើយរយៈពេលប៉ុន្មានថ្ងៃមកនេះ មានមនុស្សជាច្រើននាក់ដែលមានជំនឿខាងនឹង សម្រុកនាំគ្នាទៅទស្សទាយលេខឆ្នោតផ្សងសំណាងយ៉ាងភ្លូកទឹកភ្លូកដី»។

ស្របពេលដែលមានគេមកសុំលេខសំណាងមិនឈប់ឈររួចមក ស្រាប់តែម្ចាស់ដែលដាំដើមដូងដ៏ចម្លែកមួយនោះ ក៏ចេញមុខមកនិយាយទម្លាយឱ្យមហាជនបានដឹងថា «ពិតជាមិនដែលធ្លាប់ឃើញរឿងបែបនេះពីមុនមកនោះទេ តាំងពីកើតមក»។

បើយោងទៅតាមរយៈសារព័ត៌មានដ៏ល្បីរបស់ថៃ «Khaosod» បានផ្សព្វផ្សាយរាយការណ៍ប្រាប់ឱ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ អ្នកស្រី ម៉ានី ម៉ាសាន មានអាយុ៤៣ឆ្នាំ ជាអ្នកស្នាក់នៅផ្ទះលេខ៦៩ ស្ថិតក្នុងភូមិ៦ ឃុំឡែមសឹន ស្រុកឡាងហ្គូ ខេត្តសៅរ៍ ដែលត្រូវជាម្ចាស់ដើមដូងដ៏ចម្លែកមួយនេះ បានចេញមុខមកនិយាយប្រាប់ឱ្យដឹងថា «ដើមដូងមួយនេះ បើគិតមកដល់ពេលបច្ចុប្បន្ននេះ ប្រហែលជាអាយុ៣ឆ្នាំហើយ ចាប់តាំងតែពីពេលដាំវានៅជាប់ប្រឡាយទឹកមកម្ល៉េះ។ ហើយបើនិយាយអំពីដើមឈើផ្សេងឯទៀត ដុះជាធម្មតាមិនដូចដើមដូងដ៏ចម្លែកមួយប្រភេទនេះឡើយ»។

អ្នកស្រីម៉ានី ម៉ាសាន ក៏បាននិយាយបន្តទៀតថា «ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកទាំងអស់គ្នានឹកស្មានមិនដល់ជាងនេះទៅទៀតនោះ បើយើងនាំគ្នាក្រឡេកសម្លឹងមើលទៅលើកំពូលដើមដូងមួយនេះវិញ វាហាក់បីដូចជាមានរូបរាងចម្លែកខ្លាំងណាស់។ មុនដំបូង ខ្ញុំខ្លាចវាងា.ប់តើ បន្ទាប់ពីឃើញវាមានរូបរាងដូច្នេះ ទើបធ្វើឱ្យគាត់សម្រេចចិត្តទៅកាត់គល់ដូងអស់៤កំណាត់ទៀត ហើយក៏ឃើញថា ពន្លកដែលនៅសេសសល់ត្រូវបានដុះបត់ចេញមកជាបន្តបន្ទាប់។ ប៉ុន្តែអ្វីដែលកាន់តែមានការភ្ញាក់ផ្អើលមិនស្ទើរនោះ បើយើងនាំគ្នាឱ្យក្បាលមើលកាន់តែជិត រូបរាងរបស់វាពិតជាដូចទៅនឹងសត្វពស់តែម្ដង»។

រឿងរ៉ាវដើមដូងដ៏ចម្លែកខាងលើ ធ្វើឱ្យអ្នកជិតខាងទាំងប្រុសទាំងស្រី ខ្លះពួកគេនិយាយថា «នៅកន្លែងមុំស្លឹកខ្លះ យើងមើលទៅដូចសត្វនាគខ្លាំងណាស់ ឃើញហើយបះរោមព្រឺសម្បុរខ្ញាកៗតែម្ដង»។ មួយចំនួនទៀតក៏បញ្ចេញមតិថា «បើក្រឡេកទៅមើលពីមុំមួយទៀត មើលទៅដូចនាគបេះបិទ»។ បន្ទាប់មក ម្ចាស់ដើមដូងខាងលើ ក៏បានបន្តឱ្យដឹងទៀតថា «រឿងនេះ អាស្រ័យទៅលើការស្រមើស្រមៃរបស់មនុស្សម្នាក់ៗតែប៉ុណ្ណោះ»។

នៅមិនស្ងៀមតទៅទៀត ក៏មានអ្នកខ្លះទៀតសម្រុករត់មកមើល និងទាយលេខឆ្នោត ក៏ដូចជាលេខផ្សងសំណាងផ្សេងៗផងដែរ ប៉ុន្តែដោយសារតែភូមិនេះ គឺជាភូមិអ៊ីស្លាម ដូច្នេះហើយគ្មានអ្នកណាមកលាបម្សៅទេ ឬមួយក៏មកអុជធូប និងគោរពបូជាដូចនៅកន្លែងណាផ្សេងឡើយ។ ដោយម្នាក់ៗដែលមកមើល បានត្រឹមតែមើលឃើញថា ជារឿងចម្លែកតែប៉ុណ្ណោះ។ ចំណែកអ្នកដែលនឹងត្រឡប់ទៅវិញ ហើយត្រូវវា.យលេខសំណាងផ្សេងៗនោះ គឺអាស្រ័យលើអ្នកនោះ។

អ្នកស្រី ម៉ានី បន្តទៀតថា «គាត់មិនធ្លាប់ឃើញដើមដូងដែលមានរូបរាងបែបនេះពីមុនមកនោះទេ។ ព្រោះតាមខ្ញុំឃើញ គឺបែបហ្នឹងហើយ ដោយសារខ្លាចវាងា.ប់ គាត់ក៏កាត់ដើមដូងចោលក្នុងករណីចង់ឱ្យវាត្រង់ដូចដែលកំពូលឈរត្រង់ដូចដើមដទៃទៀត ប៉ុន្តែផ្នែកខាងលើរបស់វា បែរជាកោងទៅវិញ ហើយបើនិយាយអំពីទំហំរបស់វាវិញ គឺវែងចេញជារូបរាងចម្លែកស្រដៀងទៅនឹងសត្វនាគចឹង»៕ ដោយ ៖ សុភា ដានេត

ចែករំលែកព័តមាននេះ