ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ថានភាពទឹកជំនន់ នៅខេត្តពោធិ៍សាត់

1 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តពោធិ៍សាត់៖ អនុវត្តន៍តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី គន់…

ខេត្តពោធិ៍សាត់៖ អនុវត្តន៍តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួរ៉ែ និងថាមពល ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពទឹកជំនន់ នៅខេត្តពោធិ៍សាត់ ដើម្បីរួមគ្នា ដាក់ចេញវិធានការជួយប្រជាពលរដ្ឋរងគ្រោះទាំង ០៤ស្រុក គឺស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ដែលកំពុងជួបគ្រោះមហន្តរាយ​ទឹកជំនន់។

លោក ខូយ រីដា បានជម្រាបប្រាប់ថា ទឹកជំនន់នេះដោយសារកាលពីបីថ្ងៃមុន ភ្លៀងបានធ្លាក់ខ្លាំង នៅតំបន់ជួរភ្នំក្រវាញ នាំឲ្យបង្កជាទឹកជំនន់លិចផលដំណាំ លិចផ្លូវ ប៉ើងផ្ទះសម្បែង និងលិចផល​ដំណាំ​របស់ប្រជាពលរដ្ឋរាប់សិបហិកតា នៅស្រុកវាលវែង។ ប៉ុន្មានម៉ោងក្រោយមក នៅរសៀល​ថ្ងៃទី២៨ ខែកញ្ញា បន្ទាប់ពីទឹកស្រកនៅស្រុកវាលវែង ទឹកបានធ្លាក់មកជន់លិចនៅស្រុកភ្នំក្រវាញ បណ្ដាលឲ្យលិចផ្លូវនៅចំណុចភូមិអង្គ្រងឃុំសំរោងស្រុកភ្នំក្រវាញ មិនអាចធ្វើដំណើរទៅមកបាន។

លុះវេលាម៉ោង ០៣ និង ០៤ ទៀបភ្លឺ ឈានចូលថ្ងៃទី២៩កញ្ញា ទឹកជំនន់បានវាយលុកមកដល់​ក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង​យ៉ាង​គំហុក​បំផុត​។

លោកទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា បន្ទាប់ពីឃើញស្ថានភាពទឹកជំនន់​វាយប្រហារ​ភូមិឋានប្រជាពលរដ្ឋនៅតំបន់មួយចំនួន សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត បានចេញបញ្ជា​ឲ្យ​អភិបាលរាជធានីខេត្ត ត្រូវក្ដាប់ និងតាមដានឲ្យជាប់ ដោះស្រាយឲ្យទាន់ពេលវេលា ក្នុងករណី ដែលមានបញ្ហាទឹកជំនន់ ក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន ជាពិសេសយកចិត្តទុក​ដាក់ទៅលើការ​ជួយ​សង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិ ដែលរងផលប៉ះពាល់។

លោកបានវាយតម្លៃថា ប្រសិនបើមិនមានភ្លៀងធ្លាក់ផ្នែកខាងលើ​ទៀត​ទេ​នោះ ស្ថានភាពនៃការ​ជន់​លិច​ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នឹងធូរស្រាលក្នុងពេលឆាប់ៗខាងមុខនេះ។ ប៉ុន្តែ​បើ​មេឃនៅតែភ្លៀងផ្នែកខាងលើទៀត ទឹកជំនន់នៅតែបន្តជន់លិចបន្ថែមទៀត ដែលយើងត្រូវតែ​មាន​ប្រុងប្រយ័ត្នជាប់ជានិច្ច។

ទោះបីយ៉ាងណា ក្រោមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា រូបលោកផ្ទាល់ និងលោកអភិបាលខេត្ត នឹងបន្តតាមដានស្ថានការណ៍ទឹកជំនន់នេះជាប់ជារហូត។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ បន្តអនុវត្តន៍​តាមបទបញ្ជាសម្តេចធិបតីឲ្យបានម៉ឺងម៉ាត់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ។

រដ្ឋបាលខេត្ត បញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ បង្កឱ្យប៉ះពាល់ស្រុកវាលវែង ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង, ប៉ះពាល់ឃុំសង្កាត់ ចំនួន២១ និង ៦៩ភូមិ។ ប្រជាពលរដ្ឋ ៣៤១០ គ្រួសារ ស្មើនឹង ២៧៨៥ខ្នងផ្ទះ, ជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ៥៩៨នាក់, ខូចខាតផ្លូវចំនួន ០៨ខ្សែ, លូចំនួន ០៦កន្លែង, បាក់ច្រាំង ០៦កន្លែង, ទំនប់បង្ហៀរទឹក ០១កន្លែង, ប៉ះពាល់ដំណាំស្រូវជាង ៥៤៤ហិកតា, ដំណាំរួមផ្សំ ២៣ហិកតា, ដំណាំឧស្សាហកម្មជាង ៥៧៤ហិកតា (ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំឈើហូបផ្លែជាង ៥៤៨ហិកតា (ក្រូចពោធិ៍សាត់, ធូរ៉េន, សាម៉ាវ, តាង៉ែន និងចេក), ជម្លៀសសត្វគោក្របីចំនួន ៤៦ក្បាល (ងាប់២ក្បាល) និងខូចខាតសម្ភារៈមួយចំនួន៕ សែម សុគន្ធ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ