ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

បើ​មើល​តួរ​លេខ​នៃ​ការ​ដំឡើង​នេះ សម្រាប់​កម្មករ និង​កម្មការិនី​ម្នាក់​ឡើង​តែ​៤​ដុល្លារ​នោះ​ទេ​។ នេះ​គឺ​ចំនួន​តិច ហើយ​កម្មករ​ខ្លះ​យល់​ថា មិន​គ្រប់គ្រាន់​សម្រាប់​ការ​រស់នៅ​របស់​គាត់​។ ប៉ុន្តែ​សម្រាប់​រោងចក្រ​ឧស្សាហកម្ម​មួយ

បើ​មើល​តួរ​លេខ​នៃ​ការ​ដំឡើង​នេះ សម្រាប់​កម្មករ និង​កម្មការិនី​ម្នាក់​ឡើង​តែ​៤​ដុល្លារ​នោះ​ទេ​។ នេះ​គឺ​ចំនួន​តិច ហើយ​កម្មករ​ខ្លះ​យល់​ថា មិន​គ្រប់គ្រាន់​សម្រាប់​ការ​រស់នៅ​របស់​គាត់​។ ប៉ុន្តែ​សម្រាប់​រោងចក្រ​ឧស្សាហកម្ម​មួយ បន្ទុក​ពិតជា​មិនធម្មតា​នោះ​ប៉ុន្មាន​ទេ ដោយនៅ​ក្នុង​មួយ​រោងចក្រ​ៗ មួយ​ខែ​ៗ គឺ​ត្រូវ​រ៉ាប់រង​មិន​តិច​ម៉ឺន​ដុល្លារ​នោះ​ឡើយ​។

តួលេខ​៤​ដុល្លារ គឺ​តិច និង​មិន​ជួយ​ច្រើន​ដល់​កម្មករ​ឡើយ ដោយសារ​ការ​ចំណាយ​ក្នុង​ការ​រស់នៅ​កាន់តែ​ខ្ពស់​។ ប៉ុន្តែ​ទាំង​កម្មករ និង​រោងចក្រ គឺ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ដូច​គ្នា​។

នៅ​ក្នុង​លក្ខខណ្ឌ​សេដ្ឋកិច្ច ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រពិចស្រពិល​បែប​នេះ ការ​សម្រេចចិត្ត​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​យន្តការ​នៃ​ការ​បោះ​ឆ្នោត​របស់​ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​អប្បបរមា និង​ការ​អាកា​ត់របស់​នាយក​រដ្ឋមន្ត្រី គឺ​ការ​សម្រេចចិត្ត​មួយ​ដ៏​លំបាក ដ្បិត​បងប្អូន​កម្មករ និង​កម្មការិនី​នៅ​ពេល​នេះ ពិតជា​ត្រូវការ​ថវិការ​ច្រើន ដើម្បី​លំនឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។

តាម​ការ​ព្យាករ​អំពី​កំណើនសេដ្ឋកិច្ច​កម្ពុជា ដែល​ធ្វើ​ឡើង​ដោយ​ធនាគារ​អភិ​វ​ឌ្ឈ​ន៍​អាស៊ី បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ គឺ​បាន​ធ្លាក់​ចុះ រហូត​ដល់​ទៅ ១៨,៦ ភាគរយ​ឯណោះ​កាលពី​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៣ នេះ ហើយដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​នេះ​ហើយ ទើបបាន​ទាញ​ទម្លាក់​ការ​ព្យាករណ៍​កំណើនសេដ្ឋកិច្ច​ពី​៥,៥ ភាគរយ មក​នៅ ៥,៣​ភាគរយ​វិញ ។

ការ​ព្យាករណ៍​ដែល​ចេញផ្សាយ​តាម​របាយការណ៍​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី (ADO) ខែកញ្ញា ឆ្នាំ​២០២៣ បាន​កត់​សម្គាល់ថា បើ​កុំ​តែ​បានការ​ប៉ះប៉ូវ​មួយ​ផ្នែក​ដោយ​កំណើន​ជិត​២៣​ភាគរយ នៃ​ការ​នាំ​ចេញ​ផលិតផល​កា​ម្មន្ត​សាល​ក្រៅពី​វិស័យ​កាត់ដេរ មាន​ជា​អាទិ៍ គ្រឿងបន្លាស់​រថយន្ត បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ និង​គ្រឿង​សង្ហា​រឹម​នោះ​ទេ កុំ​អី​មិនដឹង​កំណើន សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ដល់​ណា​នោះ​ទេ ។

នៅ​ពេល​នេះ ដោយសារ​តែ​រោងចក្រ​មួយ​ចំនួន​មាន​បញ្ហា​រឿង​ការ​បញ្ជា​ទិញ រោងចក្រ​មួយ ចំនួន​ត្រូវ​បាន​ព្យួរការងារ ហើយ​រោងចក្រ​មួយ​ចំនួន​ឱ្យ​កម្មករ និង​កម្មការិនី​ចែកវេន​គ្នា​ធ្វើការ ខណៈ​ពេល​ដែល​វិស័យ​ទេសចរណ៍​កើន ប៉ុន្តែ​នៅ​ក្នុង​កំណើន​មួយ​នៅ​ក្នុង​សន្ទុះ មិន​ខ្លាំងក្លា​ឡើយ ។

បើ​តាម​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រៅ ពី​ប្រាក់ខែ​គោល​នេះ កម្មករ​ក៏​នៅ​បន្ត​ទទួល​បាន​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ​ថែម​ទៀត​ដដែល ដូច​ជា​ប្រាក់​រង្វាន់​១០​ដុល្លារ​សម្រាប់​អ្នក​ដែល​ធ្វើការ​ទៀងទាត់ និង​៧​ដុល្លារ​នៅ​ក្នុង​មួយ​ខែ សម្រាប់​ថ្លៃ​ដឹក​ជញ្ជូន​ផ្សេង​ៗ​ទៀត ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រាក់បៀវត្ស​អប្បបរមា​របស់​កម្មករ និង​កម្មការិនី​រោងចក្រ​នេះ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​លើក​ឡើង​ថា លោក​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​ការ​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​នេះ តាំងពី​ពេល​ចាប់ផ្តើម ហើយ​ការ​សម្រេច​នេះ​ជា​ការ​ជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​ជា​អាទិភាព​ខ្ពស់​បំផុត​របស់​រាជរដ្ឋាភិបាល​។

សម្តេច​ធិ​បតី បាន​បន្ត​ថា លោក​នឹង​បន្ត​ជំរុញ​ដល់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ តាមដាន និង​ដាក់​វិធានការ​បន្ថែម ដើម្បី​ពិនិត្យ​លទ្ធភាព​កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​បងប្អូន​កម្មករ និយោ​ជិត​។ ទន្ទឹម​នឹង​នេះ លោក​ក៏​នឹង​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​វិស័យ​ឯកជន​មួយ នៅ​ខែវិច្ឆិកា ខាង​មុខ ដើម្បី​កែ​លម្អ​បរិយាកាស​វិនិយោគ និង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង និង​ទាក់ទាញ​ទុន​វិនិយោគ​បន្ថែម និង​បង្កើត​ការងារ​ថ្មី​ៗ​ជូន​ប្រជាពលរដ្ឋ​។

នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​បែប​នេះ នេះ​គឺជា​លទ្ធផល​នៃ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ថ្វី​ដ្បិតតែ​ប្រាក់​ដំឡើង​ង​នេះ​វា​មិន​ច្រើន ប៉ុន្តែ​នៅ​ពេល​ដែល​គេ​ដឹង​ថា អ្នក​ដែល​ទទួល​អត្ថប្រយោជន៍​ពី​ការ​សម្រេច​នេះ មាន​ប្រមាណ​ជា ៨០០.០០០ នាក់ ដែល​កំពុង​តែ​បម្រើ​ការ​នៅ​ក្នុង​រោងចក្រ​សរុប ១.០៧៧ រោងចក្រ នៅ​ក្នុង​នោះ​រោងចក្រ​កាត់ដេរ​មាន​ជាង​៨០០​កន្លែង ស្បែកជើង​មាន​១៤០​រោងចក្រ និង​រោងចក្រ​ផលិត​ទំនិញ​ធ្វើ​ដំណើរ​មាន​ជាង​១៣០​រោងចក្រ ដូច្នេះ​សរុប​ទៅ​គ្រាន់តែ​មួយ​ខែ រោងចក្រ​ទាំងនោះ​ត្រូវ​រ៉ាប់រង​បន្ទុក​ចំណាយ​រហូត​ដល់​ទៅ​ជាង​៣,២​លាន​ដុល្លារ​ឯណោះ ។

សរុបសេចក្តី​ទៅ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ បងប្អូន​កម្មករ និង​កម្ម​ការ​នី​រោងចក្រ ក៏​គួរ​យល់​ចំណុច និង​ការ​លំបាក​នេះ ហើយ​គួរតែ​ពុះពារ​បំពេញការងារ​អោយ​អស់ពី​សមត្ថភាព ។ នៅ​ក្នុង​ស្ថានភាព​នេះ យើង​កំពុង​តែ​ស្ថិត​នៅ​ក្នុង​សំពាធ​នៃ​បញ្ហា ហើយ​បើសិនជា​យើង​មិន​ខំ​នោះ​ទេ វិស័យ​ដែល​ជា​ឆ្នាំងបាយ​យើង​ទាំងអស់​គ្នា​អាច​នឹង​ធ្លាក់​ចុះ​ថែម​ទៀត ៕ ដោយ ៖ ហេង ចេស្តារ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ