ប្រទេសថៃ ៖ ពីរនាក់ប្ដីប្រពន្ធមួយគូរ បានធ្វើឱ្យអ្នកលេងនៅក្នុងបណ្ដាញសង្គម Internet មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលពួកគេនិយាយថា «កំពុងតែញ៉ាំបាយទំពារជាមួយស៊ុតមាន់ស្ងោរសុខៗ ស្រាប់តែមានអ្វីម្យ៉ាងរឹងៗនៅក្នុងមាត់របស់គាត់ បន្ទាប់មកគាត់ក៏បានស្ដោះវាចេញពីមាត់ ហើយក៏តក់ស្លុតចិត្តយ៉ាងខ្លាំង ដោយក្រឡេកឃើញថ្មដ៏ចម្លែកមួយនៅក្នុងព.ងមាន់ដែលគាត់កំពុងតែបរិភោគនោះតែម្ដង ហើយគេជឿជាក់ក្នុងចិត្តថា ប្រហែលជាសំណាងហើយមើលទៅ»។ ហើយប្តីប្រពន្ធមួយគូរនេះបង្ហើបថា «ខ្ញុំលក់បបរអស់រយៈពេលជាង៣០ឆ្នាំមកហើយ មិនដែលជួបប្រទះនោះទេ»។
នេះបើតាមការបញ្ជាក់ឱ្យដឹងកាលពីនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានអ្នកសារព័ត៌មានជាច្រើន ក្រោយពេលបានដឹងនៅរឿងរ៉ាវមួយនេះរួចមក ពួកគេក៏ធ្វើដំណើរទៅដល់ផ្ទះរបស់លោកស្រីម្នាក់មានឈ្មោះថា «Patcharin Jaisuk» អាយុ៥៥ឆ្នាំ នៅចំណុចផ្ទះលេខ៦៣ ស្ថិតក្នុងភូមិ១ ឃុំក្អែក ស្រុកឃ្លាំង ខេត្តរ៉ាក់យ៉ង តែម្ដង។
មិនត្រឹមតែប៉ុណ្ណោះ ស្របពេលលេចធ្លាយនៅព័ត៌មានមួយនេះភ្លាម មិននៅស្ងៀមតទៅទៀត ក៏មានអ្នកភូមិជាច្រើននាក់ផ្អើលឈូរឈរនាំគ្នាសម្រុករត់ទៅមើលថ្មដ៏ចម្លែកមួយនេះ ដែលត្រូវប្រទះឃើញនៅក្នុងព.ងមាន់។ បន្ទាប់ពីក្រឡេកឃើញថ្មនៅជាប់ក្នុងស៊ុតនោះភ្លាម វាក៏ត្រូវបានគេជឿជាក់យ៉ាងមុតមាំថា គឺជាថ្មដ៏អស្ចារ្យបំផុត ដែលមិនធ្លាប់ឃើញពីមុនមក។
ហើយខណៈពេលទៅដល់ផ្ទះលោកស្រី Patcharin ហើយ ពួកគេនាំគ្នាពិនិត្យមើល រួចក៏និយាយាថា ផ្ទះរបស់គាត់ បើមើលទៅវាហាក់បីដូចជាហាងលក់បបរ។ ក្រោយមក អ្នកភូមិជាច្រើននាក់ នាំគ្នាក្រឡេកមើលទៅថ្មដ៏ចម្លែកមួយដែលត្រូវរកឃើញនៅក្នុងព.ងមាន់នោះ វាមានទំហំប្រហែល១សង់ទីម៉ែត្រ។ ថ្មបែបនេះ បើយើងមើលអោយចំទៅ វាមានពណ៌ក្រហមលាយលឿង (មិនមានរាងប៉ុន្មានទេ) ទម្ងន់របស់វាប្រហែល០,០១ក្រាម ហើយនៅពេលមើលទៅលើផ្ទៃខាងក្នុងឱ្យជិតទៅ វាហាក់បីដូចជាមិនដូចថ្មធម្មតានោះទេ។
បើតាមលោកស្រី Patcharin ក៏បាននិយាយប្រាប់ឱ្យគ្រប់គ្នាដឹងដែរថា «ថ្មមួយប្រភេទនេះ គាត់បានរកឃើញវានៅក្នុងស៊ុតមាន់ដែលឆ្អិន។ ហើយនេះជាពងមាន់ដែលខ្ញុំទើបតែទិញយកមកពីផ្សារកាលពី២ថ្ងៃមុនមកម្ល៉េះ ។ ក្រោយមក គាត់នឹកឃើញដូចជាឃ្លានព.ងមាន់ស្ងោរ គាត់ក៏សម្រេចចិត្តថា ថ្ងៃនេះយកព.ងមាន់៤គ្រាប់មកស្ងោរ លុះពេលវាឆ្អិនគាត់ក៏បកសំបកចេញ រួចលើកយកមកហូបជាមួយប្តី។ ប៉ុន្តែមិនទាន់បានប៉ុន្មានម៉ាត់ស្រួលបួលផង ពួកគាត់ក៏ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្ដីរបស់គាត់កំពុងតែទំពារព.ងស្ងោរឆ្ងាញ់ផង ស្រាប់តែធ្មេញរបស់គាត់ប៉ះទៅនឹងវត្ថុមួយនៅខាងក្នុងមាត់តែម្ដង»។
លោកស្រីបន្តឱ្យដឹងទៀតថា «ដំបូងឡើយ ខ្ញុំគិតថា វាជាសម្បកព.ង ទើបខ្ញុំឱ្យគាត់យកវាចេញមកមើល ហើយក៏ស្រឡាំងកាំងភ្ញាក់ផ្អើលតែម្ដង ពីព្រោះគាត់មិននឹកស្មានថា វាជាវត្ថុមួយដែលស្រដៀងទៅនឹងថ្មនោះឡើយ»។
ក្រោយពេលបានលឺសម្ដីរបស់ប្ដីប្រពន្ធទាំង២នាក់ខាងលើទម្លាយប្រាប់ដូច្នេះរួចហើយ អ្នកសារព័ត៌មានក៏សួរទៅកាន់ពួកគាត់ថា «ជាមួយនឹងការភ្ញាក់ផ្អើលនេះដែរ ហេតុអ្វីបានជាបណ្ដាលឱ្យអ្នកគិតថា វាមានថ្មនៅក្នុងស៊ុតអញ្ចឹង?»។ លោកស្រីក៏ប្រាប់ថា «មុនដំបូងស្មានតែដុំក្រួសវានៅជាប់ក្នុងបាយ តែដោយសារមិនអស់ចិត្ត គាត់ក៏ប្រញាប់យកទឹកទៅលាងវាចេញ បន្ទាប់មកក៏បានយកវាមកពិនិត្យមើលម្ដងទៀត ទើបដឹងថា វាជាថ្មដ៏អស្ចារ្យមួយ»។
លោកស្រី Patcharin បានផ្ដល់នៅបទសម្ភាស៍បន្ថែមឱ្យដឹងទៀតថា «នៅពេលរកឃើញថា វាស្រដៀងនឹងថ្ម ប៉ុន្តែវាមានសភាពគឺខុសពីថ្មដទៃ ដោយសារតែវាមានផ្ទៃទន់មិនដូចថ្មផ្សេងទេ ដូច្នេះហើយ ពួកគាត់ក៏ប្រញាប់យកវាទៅរក្សាទុកតែម្ដងទៅ។ ភ្លាមៗនោះ គាត់គិតថា នេះជាសំណាង ហើយក៏រត់ទៅប្រាប់អ្នកជិតខាងឱ្យមកជួយពិនិត្យមើលថា តើវាមានរូបរាងខុសអីពីថ្មទាំងឡាយដែរឬអត់? បន្ទាប់មកគ្រប់គ្នាក៏និយាយដែរថា វាចម្លែកណាស់ ហើយមិនដែលឃើញវាពីមុនមកនោះទេ។ ដូច្នេះយើងចង់ឲ្យអ្នកជំនាញជួយស៊ើបអង្កេតថា តើវាកើតឡើងដោយរបៀបណា? ហើយវាជាវត្ថុប្រភេទណា?»។
អ្នកស្រី Patcharin និយាយទៀតថា «ក្រោយមកគាត់រៀបចំស្ងោរព.ងនៅតូបដដែល ដើម្បីរកមើលថ្មនៅក្នុងស្នូលពណ៌លឿងរបស់ពងមាន់ថា តើនឹងមានថ្មបន្ថែមទៀតឬអត់? ចំណែកថ្មដែលរកឃើញនោះ នឹងរក្សាទុកសម្រាប់បូជា ព្រោះវាជារឿងចម្លែកមួយ ដែលគាត់លក់បបរជាង៣០ឆ្នាំមកហើយ មិនដែលជួបរឿងនេះពីមុនមកទេ»។
មិនត្រឹមតែប៉ុណ្ណោះ អ្នកភូមិដែលបាននាំគ្នាមកមើល ពួកគេទាំងអស់គ្នាជឿជាក់ថា វាជាសំណាង។ ហើយពួកគេក៏បានសួរទៀតថា តើថ្មនេះវាអាចចូលក្នុងសាច់លឿងបានដោយរបៀបណា? គ្មាននរណាម្នាក់ធ្លាប់ជួបប្រទះវាពីមុនមកទេ។ ពួកគេជឿថា វានឹងនាំមកនូវសំណាងល្អដល់ម្ចាស់ដែលបានរកឃើញវាជាក់ជាមិនខានឡើយ៕ ដោយ ៖ សុភា ដានេត
ចែករំលែកព័តមាននេះ