ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​កំពុង​ជន់​លិច​​ស្រុក-ក្រុងមួយចំនួន​​នៅ​ខេត្ត​​ពោធិ៍សាត់​ ក្រោយ​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​

1 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត​៖ ប៉ុន្មាន​ថ្ងៃនេះ​ ភ្លៀង​បាន​ធ្លាក់​ជាប់​ៗ​គ្នា ទាំង​យប់​ទាំង​ថ្ងៃ នៅ​តំបន់​ភ្នំ​ក្នុងភូមិ​

ខេត្តពោធិ៍សាត​៖ ប៉ុន្មាន​ថ្ងៃនេះ​ ភ្លៀង​បាន​ធ្លាក់​ជាប់​ៗ​គ្នា ទាំង​យប់​ទាំង​ថ្ងៃ នៅ​តំបន់​ភ្នំ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង ធ្វើ​ឲ្យ​ថ្ងៃ​ទី​២៨​ខែកញ្ញា​ឆ្នាំ​២០២៣ បង្ក​ជា​ទឹកជំនន់ ជន់​លិច​ផ្ទះសម្បែង ផលដំណាំ​ប្រជាពលរដ្ឋ ផ្លូវជាតិ​លេខ​៥៥​តាម​កន្លែង​មួយ​ចំនួន ក្នុងភូមិ​សាស្ត្រ​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ ត្រូវ​ទឹក​លិច​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មក​បាន​។

នៅ​វេលា​ម៉ោង​៣​និង​ម៉ោង​៤​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២៩ កញ្ញា ​នេះ ខណៈ​ពេល​ដែល​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ​ចាប់ផ្ដើម​ស្រក​បន្តិច​ហើយ​នោះ ទឹកជំនន់​បាន​សម្រុក​មក​ជន់​លិច​ក្នុង​ទីប្រជុំជន​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្ដៀង​យ៉ាង​សន្ធាប់​បំផុត ព្រមទាំង​បាន​កាត់​ផ្ដាច់​ផ្លូវ​នៅ​ឃុំ​វាល និង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​។

​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់ ទាំងថ្ងៃទាំងយប់​តាំងពី​ថ្ងៃ​ទី​២៨​មក ដើម្បី​ជួយ​អន្តរា​គមន៍​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​។ ថ្ងៃ​ទី​២៩​នេះ​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង​មែនទែន លោក​អភិ​បាលខេត្ត​បាន​ចលនា​កម្លាំង​ចម្រុះ​និង​កម្លាំង​យុវជន ដើម្បី​គ្រប់គ្រង​សភាពការណ៍​នេះ​។

លោក​អភិបាលខេត្ត សូម​ឲ្យ​អាជ្ញាធរ​ក្រុង​ស្រុក​ឃុំ​សង្កាត់​គ្រប់​លំដាប់ថ្នាក់ និង​ប្រជាជន​ទូ​ទាំង​ខេត្តពោធិ៍សាត់ ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើង​ដោយ​យថាហេតុ និង​ត្រៀម​រក​ទីទួល​សុវត្ថិភាព សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​។

​មន្ត្រី​ជំនាញ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់​នៅ​ថ្ងៃ​ទី​២៩ កញ្ញា​​នេះ កម្ពស់​ទឹកបាន​កើនឡើង​ដល់​កម្រិត​ដែល​ត្រូវ​ប្រកាស​អាសន្ន​(៥​ម​)​។ ទឹកជំនន់​នេះ​បង្ក​ឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នៅ​តំបន់​ជួរ​ភ្នំក្រវាញ រួច​ហើយ​បាន​ហូរ​តាម​ស្ទឹង​អា​រ៉ៃ ស្ទឹង​ព្រៃ​ខ្លុង មក​ប្រសព្វ​ជាមួយ​ស្ទឹង​ពោធិ៍សាត់​បង្ក​ជា​ទឹកជំនន់​តែ​ម្ដង​។

សូម​បងប្អូន​មានការ​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច ព្រោះ​តំបន់​ភ្នំ​នៅ​តែ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​។ នៅ​ពេល​នេះ​យើង​មិន​ទាន់​ដឹង​ថា ទឹកជំនន់​បង្ក​គ្រោះថ្នាក់ ឬ​បំផ្លាញ​អ្វីខ្លះ​នោះ​ទេ ព្រោះ​ទឹក​កំពុង​តែ​ជន់​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ