រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងថៃនឹងជួបពិភាក្សាទ្វេភាគីនៅក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលនឹងផ្តើមប្រារព្ធធ្វើនៅវេលាថ្ងៃពុធស្អែកនេះហើយ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ។ នេះយោងតាមលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ ដែលថ្លែងតាមទូរស័ព្ទប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១៧ ឧសភា ២០១១ នេះ ។ បើតាមលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ បានបញ្ជាក់ដែរថា លោកនឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី១៧ ឧសភា នេះ
ហើយ ។ លោកប្រមុខការពារជាតិកម្ពុជាបន្តថា មកទល់នឹងពេលនេះលោកមិនទាន់បានដឹងថា តើភាគីថៃនឹងលើកយកបញ្ហាអ្វីខ្លះទៅធ្វើការពិភាក្សានោះទេ ប៉ុន្តែសម្រាប់កម្ពុជាមានគោលជំហររបស់ខ្លួនជាស្រេចហើយ ។
គួរបញ្ជាក់ថា បើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ ធ្លាប់មានប្រសាសន៍ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី៥ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នឹងចាប់ធ្វើពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ឧសភា ២០១១ ។ កិច្ចប្រជុំនោះផ្តោតលើប្រធានបទស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ ការចូលរួមប្រឆាំងអំពើភេរវកម្មប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការរួមគ្នាជួយបញ្ចៀសគ្រោះមហន្តរាយធម្មជាតិក្នុងតំបន់ ព្រមទាំងការកសាងសន្តិភាពក្នុងតំបន់ ។
លោកឈុំ សុជាតិ បន្តថា ប្រធានបទស្តីពីថៃ ឈ្លានពានកម្ពុជា អាចនឹងត្រូវលើកមកពិភាក្សាផងដែរ តាមសភាពការណ៍ជាក់ស្តែង ។ លោកបញ្ជាក់ឱ្យដឹងបន្ថែមថា នឹងមានជំនួបក្រៅផ្លូវការរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ ក្រោមការសម្របសម្រួលពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី បន្ទាប់ពីមានការស្នើសុំពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ។ លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានបញ្ជាក់ទៀតថា ក្នុងជំនួបនោះភាគីកម្ពុជានឹងទាមទារឱ្យថៃទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីមកកាន់តំបន់ដែលមានជម្លោះតាមព្រំដែន និងគោរពបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ។
សូមបញ្ជាក់ថា ថៃមិនទាន់បានបង្ហាញជំហរទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅឡើយទេ តែបែរជាទាមទារឱ្យកម្ពុជាដកកងទ័ព និងពលរដ្ឋកម្ពុជាចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ មានផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រក្រឡាទៅវិញ ប៉ុន្តែលោកឧត្តមសេនីយ៍ឈុំ សុជាតិ បានមានប្រសាសន៍បញ្ជាក់ថា ជំហររបស់កម្ពុជាមិនដកកងទ័ព និងពលរដ្ឋរបស់ខ្លួនចេញពីទឹកដីរបស់ខ្លួននោះទេ ហើយក៏មិនដឹងដីទំហម៤,៦គីឡូម៉ែត្រ ក្រឡាដែលថៃទាមទារនោះនៅកន្លែងណាដែរ ៕
ចែករំលែកព័តមាននេះ