ប្រមុខរដ្ឋស្តីទី ជំរុញរដ្ឋាភិបាលថ្មី សម្រេចទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ ១៥ប៊ីលានដុល្លារ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានជំរុញ និងលើកទឹកចិត្តរាជរដ្ឋាភិបាលថ្មី កម្ពុជា-ថៃ បន្ដសម្របសម្រួលនូវយន្តការនានា…
រាជធានីភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានជំរុញ និងលើកទឹកចិត្តរាជរដ្ឋាភិបាលថ្មី កម្ពុជា-ថៃ បន្ដសម្របសម្រួលនូវយន្តការនានា…
រាជធានីភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា បានជំរុញ និងលើកទឹកចិត្តរាជរដ្ឋាភិបាលថ្មី កម្ពុជា-ថៃ បន្ដសម្របសម្រួលនូវយន្តការនានា ដើម្បីឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥ ខាងមុខ។
ការលើកឡើងរបស់ប្រមុខរដ្ឋស្តីទីខាងលើនេះ បានធ្វើឡើង នាឱកាសដែលសម្តេច បានទទួលជួបលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។
សម្តេច សាយ ឈុំ បានជម្រាបជូននាយករដ្ឋមន្ត្រីថៃថា សម្តេចមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាលថ្មី នៃប្រទេសទាំងពីរ នឹងបន្តយកចិត្តទុកដាក់ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្រ្ត ដែលរាជរដ្ឋាភិបាលមុនៗ បានខិតខំសម្រេចបានរួមគ្នា នាពេលកន្លងមក។
សម្តេច បានបញ្ជាក់យ៉ាងដូច្នេះថា «លើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរ បន្តជំរុញ និងសម្របសម្រួលនូវយន្តការនានា ដែលមានស្រាប់ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ជាពិសេសការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឈានទៅសម្រេចគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២៥»។
ជាមួយគ្នានេះ សម្តេច ប្រមុខរដ្ឋស្តីទី បន្ដថា រាជរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរ នឹងបន្តរិះរកនូវយន្តការថ្មីៗបន្ថែមទៀត ដើម្បីបុព្វហេតុនៃការរីកចម្រើនរបស់ប្រទេសទាំងពីរ សម្រាប់នាំមកនូវវឌ្ឍនភាព វិបុលភាព សន្តិភាព ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ និងអន្តរជាតិ។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្រ្តីថៃ សេដ្ឋា សង្ឃឹមថា នាពេលអនាគត ការវិនិយោគទុនរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងច្រើងជាងអ្វី ដែលបានគ្រោងទុក នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ លោកមានជំនឿជឿជាក់ថា ចាប់ពីពេលនេះទៅ ប្រទេសជាប់ព្រំដែនទាំងពីរ កម្ពុជា-ថៃ នឹងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែល្អលើវិស័យឧស្សាហកម្ម សេដ្ឋកិច្ច បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត៕ អ៊ាង ប៊ុនរិទ្ធ
ចែករំលែកព័តមាននេះ