ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៨ ខែកញ្ញានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ នៅវិមាន ៧មករា រាជធានីភ្នំពេញ។
បន្ទាប់ពីកិច្ចប្រជុំពិភាក្សាការងាររួចមក សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូនលោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន មុនពេលលោក ដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកញ្ញានេះ។
នៅក្នុងជំនួប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូដែលបានអញ្ជើញបំពេញទស្សនកិច្ច ក្រៅប្រទេសលើកដំបូងមកកាន់ប្រទេសកម្ពុជា។
សម្តេចតេជោបានអបអរសាទរ ជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូរាជរដ្ឋាភិបាលថៃថ្មី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលបានបង្ហាញនូវលក្ខណៈពិសេសនៃទំនាក់ ទំនងរបស់ព្រះរាជាណាចក្រទាំងពីរ។
ឯកឧត្តម សេដ្ឋា ថាវីស៊ីន មានប្រសាសន៍ឆ្លើយតបថា នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ណាស់ ដែលបានចូលជួបសំដែងការគួរសមសម្តេចតេជោ និងចូលរួមពិសាអាហារពេលល្ងាច ដែលឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ជាប្រទេសទីមួយ ក្នុងការមកបំពេញទស្សនកិច្ច ហើយឯកឧត្តមក៏បាន រៀបរាប់ពីលទ្ធផល នៃការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត។
ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះពលករកម្ពុជា ដែលបានទៅធ្វើការនៅប្រទេសថៃ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយឯកឧត្តមបានធានាអះអាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការចរចាទ្វេភាគីរវាងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។
សម្តេចតេជោក៏បានអធិប្បាយត្រួសៗ អំពីការសម្រេចចិត្តរបស់សម្តេច ក្នុងការផ្ទេរអំណាច ទៅឲ្យយុវជនជំនាន់ក្រោយ ដែលមានសមត្ថភាព ដើម្បីបន្តដឹកនាំប្រទេស រក្សានូវសមទ្ធិផល ដែលមានស្រាប់ និងបង្កើនសមិទ្ធផលថ្មីៗ ដើម្បីនាំកម្ពុជាឲ្យមានការរីកចម្រើន និងមានការអភិវឌ្ឍថែមទៀត។
សម្តេចតេជោក៏បានរំលឹកឡើងវិញ ពីការខិតខំរបស់សម្តេច និងឥស្សរជនកម្ពុជា ក្នុងការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពទឹកដីជាលើកដំបូង ក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំកន្លងមក។
សម្តេចតេជោបន្តថា ចាប់តាំពីឆ្នាំ១៩៩៨ ក្រោយបញ្ចប់សង្គ្រាម សម្តេចបានបង្ហាញនូវគោលដៅ២ គឺទី១ ប្រែក្លាយតំបន់សមរភូមិ ឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីពីរ ប្រែក្លាយព្រំដែន ប្រកបដោយការ ភ័យខ្លាច សង្គ្រាម ឲ្យទៅជាតំបន់មានសន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
សម្តេចតេជោបន្តថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខាង មានទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែន រវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវនិងវៀតណាមផងដែរ។
សម្តេចបានមានប្រសាសន៍បន្ថែមថា ប្រទេសជាប់ភូមិផងរបង ជាមួយត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសមយុទ្ធ ក្នុងការជួយសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹកជំនន់ និងការជួយគ្នាទៅវិញទៅវិញទៅមក ជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែន សម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចេញចូល ដើម្បីធ្វើពាណិជ្ជកម្ម ក៏ដូចជា ការទៅព្យាបាលជំងឺ។ល។
ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ និងថា ឯកឧត្តមបានរៀនសូត្រយ៉ាងច្រើនពីសម្តេច និងបានថ្លែងនូវការកោតសរសើរ ជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលមានសមត្ថភាព មានកម្លាំងរឹងមាំ មានវ័យក្មេង ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែរឹងមាំខ្ពង់ខ្ពស់ថែមទៀត៕









ចែករំលែកព័តមាននេះ