ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា​ជន​រងគ្រោះ ប៉ោយប៉ែត តម្លៃជាង ២លានដុល្លារ ជាជំនួយរបស់ថៃ​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា-ថៃ សម្ពោធដាក់ឱ្យដំណើរ​ការ​ជាផ្លូវការ​ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣…

ភ្នំពេញ៖ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជា-ថៃ សម្ពោធដាក់ឱ្យដំណើរ​ការ​ជាផ្លូវការ​ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) បានធ្វើជាអធិបតីភាព ក្នុងពិធី​សម្ពោធមជ្ឈមណ្ឌលនេះ ជានិមិត្តរូប​ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ អំឡុងពេល​នាយករដ្ឋមន្ត្រីថៃ មកបំពេញទស្សនកិច្ច​ផ្លូវការ នៅកម្ពុជា​។

​ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាស​ថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ចាប់ផ្តើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបញ្ចប់ជាស្ថាពរ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ។

មជ្ឈមណ្ឌលនេះ មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានទំហំដីសរុប ៤.៩០០ ម៉ែត្រការ៉េ (បណ្តោយ ៩៨ ម៉ែត្រ និងទទឹង ៥០ ម៉ែត្រ)។ មជ្ឈមណ្ឌលនេះ ត្រូវប្រើប្រាស់ សម្រាប់ទទួលពលករចំណាកស្រុក មកពីប្រទេសថៃ ក្នុងការកំណត់អត្តសញ្ញាណកម្ម និងផ្តល់សេវាសង្រ្គោះបឋម​។

រាជរដ្ឋាភិបាល​ថៃ បានផ្តល់ជំនួយ សម្រាប់សាងសង់អាគារបន្ថែម​លើទំហំដីសរុប ៩,៧៦៨ ម៉ែត្រការ៉េ ដែលបានចំណាយទឹក​ប្រាក់អស់ប្រមាណ ២,១៩៩,៩២០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រើប្រាស់ ក្នុងគោលបំណងផ្តល់សេវា ដូចជា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព អប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរង​គ្រោះ និងងាយ​រងគ្រោះ ដោយអំពើជួញដូរមនុស្ស ប្រកប​ដោយសុខសុវត្ថិភាព និង​គ្មានការរើសអើង ជាតិសាសន៍ និងពិការភាព៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ