ភ្នំពេញ៖ ជាលើកទី១ហើយ ដែលក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បង្កើតកម្មវិធីប្រកួតប្រជែងរកជើងឯកផ្នែកថតរូប ស្តីពី “សម្រស់សហគមន៍យើង” នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ឱកាសដល់អ្នកសារព័ត៌មាន និងអ្នកថតរូបគ្រប់ទម្រង់ នៅកម្ពុជា បញ្ចេញស្នាដៃរូបថតផ្ទាល់ខ្លួន ដើម្បីដណ្តើមពានរង្វាន់ទឹកប្រាក់ រហូតដល់ ៣លានរៀល សម្រាប់ជ័យលាភីលេខ១ និងពានជើងឯក។
ក្រោមគំនិតផ្តួចផ្តើមរបស់ក្លិបអ្នកកាសែតកម្ពុជា និងដោយមានកិច្ចសហការគាំទ្រពីក្រុមហ៊ុន CP ALL (Cambodia) Co, Ltd. និងពីស្ថាប័នរដ្ឋចំនួនបី ក្នុងអណត្តិរាជរដ្ឋាភិបាលថ្មី ឆ្នាំ២០២៣ គឺ ក្រសួងទេសចរណ៍, ក្រសួងដែនដី នគររូបនីយ៍កម្ម និងសំណង់, និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានប្រកាសរៀបចំការប្រកួតរូបថត ក្រោមប្រធានបទ “សម្រស់សហគមន៍យើង” ដើម្បីរួមចំណែកដល់វិស័យទេសចរណ៍ និងការថែរក្សាបរិស្ថានល្អ តាមរយៈការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស អំពីសម្រស់ធម្មជាតិរបស់កម្ពុជា។
តាមលក្ខខណ្ឌនៃការចូលរួមប្រកួត រូបថតដែលយកមកប្រកួតជាស្នាដៃផ្ទាល់របស់បេក្ខជន ដោយមិនកែច្នៃ ឬរៀបចំឈុតឆាកថត ហើយជារូបភាពដែលបង្ហាញពីសម្រស់ធនធានធម្មជាតិ តំបន់រមណីយដ្ឋានទេសចរណ៍ អេកូទេសចរណ៍ ឬក៏បង្ហាញពីបរិស្ថានស្អាត រួមទាំងតំបន់អភិវឌ្ឍ ជាដើម។
ចំពោះរង្វាន់វិញ នឹងផ្តល់ជូនជ័យលាភីពីលេខ១ ដល់លេខ៥ ជាថវិការផង និងជាពានផង។ អ្នកដែលមិនជាប់ជ័យលាភី ក៏នឹងទទួលបានការលើកទឹកចិត្តផងដែរ។
ក្លិបអ្នកកាសែតកម្ពុជា ប្រកាសថា រូបថត ដែលផ្ញើមកគណៈកម្មការកំណែ នឹងត្រូវដាក់តាំងនៅឯពិធីប្រគល់រង្វាន់ បន្ទាប់មក នឹងយកទៅផ្សព្វផ្សាយ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ហាញរូបភាពដ៏អស្ចារ្យ និងល្អៗពីកម្ពុជា ជាពិសេសសម្រាប់វិស័យទេសចរណ៍តែម្តង។
ក្លិបអ្នកកាសែតកម្ពុជា បានប្រកាស អំពាវនាវដល់អ្នកថតរូប មេត្តារួសរាន់ ផ្ញើរូបថត ដើម្បីដាក់ចូលប្រកួតយកពាន់រង្វាន់ និងស្នាដៃឯក សម្រាប់ឆ្នា២០២៣នេះ។
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ក៏បានប្រកាស ស្វាគមន៍ដល់ស្ថាប័នរដ្ឋ និងឯកជន ដែលមានបំណងចូលរួមតាមទម្រង់ផ្សេងៗ ដើម្បីធ្វើឱ្យការប្រកួតប្រជែងរកជើងឯក ផ្នែកថតរូបនេះ កាន់តែធំ និងទូលំទូលាយ សម្រាប់ជាតិយើង។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរស័ព្ទ និងតេទ្បេក្រាម លេខ៖០១២ ៨៩ ៥៨ ៥៣/០១៧ ៣៩៧២ ៩៤/០៧៧ ៤៨ ០១ ៧១៕





ចែករំលែកព័តមាននេះ