ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ បងប្អូនកម្មករកាត់ដេរ ដែលឡើងប្រាក់ខែ នៅឆ្នាំ២០២៤

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៨ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសតាម​បណ្តាញសង្គមថា «ខ្ញុំសូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង…

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២៨ ខែកញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសតាម​បណ្តាញសង្គមថា «ខ្ញុំសូមអបអរសាទរជាមួយបងប្អូនកម្មករនិយោជិតវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង ១ខែ»។

សម្តេចធិបតី បន្តថា «ទន្ទឹមនឹងការអបអរសាទរដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវ​ដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួលដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ ស្តីពី ភិតិសន្យាពិសេស ដែលនៅជាធរមានផង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា «រាជរដ្ឋាភិបាលនឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូន​កម្មករនិយោជិត ដែលជាអ្នកជួលបន្ទប់»។

សូមរម្លឹកថា កិច្ចប្រជុំចរចាប្រាក់ខែកម្មករកាត់ដេរ ឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពកម្មករ បានសម្រេចបោះឆ្នោត យកតួលេខ ២០២ដុល្លារ សម្រាប់ជាប្រាក់ខែកម្មករកាត់ដេរ នៅឆ្នាំ២០២៤។ ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបន្ថែម ២ដុល្លារទៀត នាំឱ្យ​ប្រាក់ខែកម្មករកាត់ដេរ នៅឆ្នាំ២០២៤ មានចំនួន ២០៤ដុល្លារ ក្នុង ១ខែ​។ ពោលគឺឡើង ៤ដុល្លារ លើប្រាក់ខែចាស់ នៅឆ្នាំ២០២៣ នេះ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ទន្ទឹមនឹងនេះ ប្រាក់អត្ថប្រយោជន៍​ផ្សេងទៀត ដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក ត្រូវបានរក្សាទុក​នៅដដែល ដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅ ចំនួន ៧ដុល្លារអាម៉េរិក ក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការ​ទៀងទាត់ ចំនួន ១០ដុល្លារអាម៉េរិក ក្នុង ១ខែ ប្រាក់ថ្លៃបាយសម្រាប់ការធ្វើការបន្ថែមម៉ោង ដោយស្ម័គ្រចិត្ត ចំនួន ២០០០រៀល ក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់​អតីតភាព​ការងារ ចំនួនពី ២ដុល្លារ ដល់ ១១ដុល្លារអាម៉េរិក ក្នុងមួយខែ សម្រាប់កម្មករនិយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី២ ដល់ឆ្នាំទី១១។

ដូចនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា ជាមធ្យមកម្មករនិយោជិត​ម្នាក់ៗ នឹងទទួលបានប្រាក់ឈ្នួលយ៉ាងតិច ចំនួនពី ២២១ ដុល្លារអាម៉េរិក ដល់ ២៣២ដុល្លារអាម៉េរិក ក្នុងមួយខែ។

ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបញ្ជាក់ថា ក្រៅពីការដំឡើងប្រាក់​ឈ្នួល​អប្បបរមា រាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ នឹងបន្ត​ខិតខំ​សហការគ្នា ដើម្បីកាត់បន្ថយ​បន្ទុក​ចំណាយនានារបស់បងប្អូន​កម្មករនិយោជិតជាបន្តបន្ទាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ