រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ម្ចាស់ផ្ទះជួល ឲ្យកម្មករទាំងអស់ សូមរក្សាតម្លៃជួលផ្ទះដល់កម្មករនៅដដែល ដើម្បីរក្សាប្រភពចំណូលរបស់ខ្លួន ។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល បន្ទាប់ការចរចាប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត នៅក្នុងឆ្នាំ២០២៤ មានចំនួន ២០៤ដុល្លារអាមេរិក ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរលើបណ្តាញសង្គម នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា ៖ «ខ្ញុំសូមអបអរសាទរ ជាមួយបងប្អូនកម្មករនិយោជិត វិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ដែលទទួលបាននូវប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៤ គឺ២០៤ដុល្លារអាមេរិក ក្នុង១ខែ។ ទន្ទឹមនឹងការអបអរសាទរ ដល់បងប្អូនកម្មករនិយោជិត ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់ សូមរក្សាថ្លៃជួល ដើម្បីរក្សានូវប្រភពចំណូលរបស់ខ្លួនឯងផង ជួយដល់បងប្អូនកម្មករនិយោជិតផង និងជួយរួមចំណែកដល់ការអនុវត្តច្បាប់ ស្តីពី ភិតិសន្យាពិសេស ដែលនៅជាធរមានផង» ។
ជាមួយគ្នានោះដែរ សម្តេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាល នឹងខិតខំតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាត ដល់គ្រប់បន្ទប់ជួល ដើម្បីជួយដល់ម្ចាស់ផ្ទះជួល និងជួយដល់បងប្អូនកម្មករនិយោជិត ដែលជាអ្នកជួលបន្ទប់ ៕




ចែករំលែកព័តមាននេះ