រាជធានីភ្នំពេញ ៖ រឿងរដ្ឋខំប្រមូលយកពន្ធចំពេលសេដ្ឋកិច្ចមានការលំបាក បានក្លាយជាការពិភាក្សាគ្នាយ៉ាងបែកផ្សែងនៅតាមបណ្តាញសង្គម ក៏ដូចជាតាមតុកាហ្វេ។ ភាពក្តៅគគុកនេះ បានធ្វើអោយទាំងនាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រី គឺសម្តេចតេជោ ហ៊ុន សែន នៅមិនស្ងៀម និងធ្វើការបកស្រាយដល់ពលរដ្ឋ ដើម្បីស្អំចិត្តប្រជាពលរដ្ឋកុំអោយមានការយល់ច្រឡំ និងខឹងសម្បា។

ក្នុងសារជាសំឡេងផ្ញើជូនគណៈរដ្ឋមន្ត្រី នាយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសថា មកដល់ពេលនេះ គោលការណ៍ដែលត្រូវអនុវត្តក្នុងការយកពន្ធលើប្រាក់ចំណេញ ឬចំណេញមូលធន គឺរាជរដ្ឋាភិបាលមិនទាន់សម្រេចនៅឡើយទេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងខែវិច្ឆិកាខាងមុខនេះ សម្តេចនឹងធ្វើវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ដើម្បីស្តាប់នូវការលំបាក និងសំណូមពររបស់វិស័យឯកជន ហើយរាជរដ្ឋាភិបាល នឹងត្រៀមដាក់ចេញវិធានការក្នុងការជួយគាំទ្រ និងដោះស្រាយសម្រាប់វិស័យឯកជន។ ក្នុងនោះ ក៏មានពាក់ព័ន្ធនឹងពន្ធដារនេះផងដែរ ។

ក្នុងសារជាសំឡេងដដែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាំងពីបង្កើតរាជរដ្ឋាភិបាលថ្មី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ពេលនេះ មិនមាន ការបង្កើតពន្ធថ្មី ឬក៏បង្កើនអត្រាពន្ធ ដើម្បីដាក់បន្ទុកលើវិស័យឯកជន ឬក៏លើប្រជាពលរដ្ឋនោះទេ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ពន្ធនេះ មិនមែនជាពន្ធប្រភេទថ្មី ដែលត្រូវបានបង្កើតឡើងទេ ហើយកន្លងទៅ យើងបានពន្យារក្នុងការអនុវត្តរយៈពេល៣ឆ្នាំ កន្លងមកហើយ រហូតដល់ដើមឆ្នាំ២០២៤ ដូចដែលតាមអ្វីដែលឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងបទសម្ភាសន៍ នោះគឺគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២៤ ក្នុងករណីមិនមានការប្រែប្រួល។ ចំពោះការអនុវត្តជាក់ស្តែង ខ្ញុំសូមបញ្ជាក់ថា គោលការណ៍ចុងក្រោយ ដែលត្រូវអនុវត្តនោះ គឺមិនទាន់មានការសម្រេចរបស់រាជរដ្ឋាភិបាលទេ ដែលត្រូវអនុវត្តឆ្នាំ២០២៤ ឬកែសម្រួលយ៉ាងណា»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា «កិច្ចការងារនេះ គឺខ្ញុំបានប្រគល់ភារៈកិច្ចជូនឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន តាំងពីថ្ងៃប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីដំបូង ថ្ងៃទី២៤ ខែ៨ ឆ្នាំ២០២៣ ដែលខ្ញុំគ្រោងធ្វើវេទិការាជរដ្ឋាភិបាល និងវិស័យឯកជននៅខែ១១ខាងមុខនេះ ដែលនឹងត្រូវពិនិត្យទៅលើកញ្ចប់វិធានការមួយចំនួន ដើម្បីជួយទៅដល់វិស័យឯកជន ដែលជាចលករមួយសំខាន់សម្រាប់សេដ្ឋកិច្ចរបស់យើង ហើយក្នុងនោះ ខ្ញុំបានប្រគល់ភារៈកិច្ចជូនឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ ដើម្បីធ្វើការពិគ្រោះយោបល់ជាបន្តបន្ទាប់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យឯកជន ដើម្បីស្តាប់នូវសំណូមពរផ្សេងៗពីវិស័យឯកជន ដើម្បីយើងយកមកពិចារណា ហើយរៀបចំជាកញ្ចប់វិធានការ ជួយទៅដល់វិស័យឯកជន ក៏ដូចជាការលើកទឹកចិត្តផ្សេងៗ ដែលក្នុងនោះក៏មានការជជែកគ្នាអំពីបញ្ហាពន្ធអាករ បញ្ហាលើកទឹកចិត្តផ្សេងៗផងដែរ ដែលគ្រោងនឹងប្រកាសនៅពេលដែលខ្ញុំជួបជាមួយវិស័យឯកជន នៅខែ១១ ខាងមុខនេះ »។

ចំណែកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ថា មានការពិភាក្សាច្រើនតាមបណ្តាញសង្គមរឿងពន្ធនេះ ហើយសម្តេច បានសូមស្នើអោយមានការពិនិត្យឡើងវិញ។
ពលរដ្ឋបានជជែកគ្នាយ៉ាងក្តៅគគុក បន្ទាប់ពីបានដំណឹងថា រដ្ឋនឹងយកពន្ធ២០ភាគរយលើប្រាក់ចំណេញមូលធន ជាពិសេសគឺការលក់អចលនៈទ្រព្យដូចជា ៖ ផ្ទះសម្បែង និងដីធ្លីជាដើម។

ការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់ពលរដ្ឋត្រូវបង់ ដើម្បីអោយរដ្ឋាភិបាលអាចដំណើរការបាន ដើម្បីបម្រើប្រជាពលរដ្ឋ។ ប៉ុន្តែដោយសារតែពេលនេះ ប្រជាជនមានការលំបាកខ្លាំង ដោយសារសេដ្ឋកិច្ចធ្លាក់ចុះនោះ ការប្រកាសអំពីផែនការយកពន្ធ បានធ្វើអោយប្រជាពលរដ្ឋខឹង និងពិភាក្សាខ្លាំងពីមាត់មួយទៅមាត់មួយ និងពេញបណ្តាញាសង្គម។

ដូច្នេះ ពេលនេះពលរដ្ឋអាចស្ងប់ចិត្តបាន បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារបន្ទាន់ប្រាប់ថា មិនទាន់មានការសម្រេចចិត្តយកពន្ធនៅលើចំណេញមូលធន នាឆ្នាំ២០២៤ ឡើយ។ ចំណែកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏បានចេញធ្វើអន្តរាគមន៍ផងដែរ តាមសារជាសម្លេង។ ដូច្នេះ យើងទាំងអស់គ្នា គួរតែត្រជាក់ចិត្តឡើងវិញបានហើយ៕ ដោយ ៖ មុត ស្រីពៅ និង ប្រេវីន

ចែករំលែកព័តមាននេះ