ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋកំពុងសប្បាយនេសាទត្រីនៅបរិវេណសាលារៀន ខណៈពេលដែលជំនន់ទឹកភ្លៀងកំពុងជន់លិច គិតត្រឹមថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិ-សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ គួរបញ្ជាក់ថា ៖ ត្រឹម១យប់! ជំនន់ទឹកភ្លៀងលិចផ្លូវជាតិ និងផ្លូវបេតុងជាច្រើនកន្លែងនៅក្រុងប៉ោយប៉ែត (វីដេអូ)

ជាក់ស្តែង បានឃើញប្រជាពលរដ្ឋនាំគ្នានេសាទត្រីដោយបង់សំណាញ់ចាប់ត្រីនៅក្នុងបរិវេណសាលាបឋមសិក្សាវត្តរតនារាម ដែលមានប្រមាណជិត២០នាក់ ក្នុងនោះបង់សំណាញ់បានមានត្រីរ៉ស់, ត្រីអណ្តែង និងត្រីស ។ ប្រជាពលរដ្ឋបានប្រាប់ថា នៅពេលមានភ្លៀងមួយមេធំមួយយប់មួយថ្ងៃ បណ្តាលឱ្យជំនន់ទឹកភ្លៀងជន់លិចបរិវេណសាលារៀន ជម្រៅជាងកន្លះម៉ែត្រ ក៏ឃើញមានត្រីផុសឡើង ហើយក៏នាំគ្នាយកសំណាញ់បង់រាវចាប់ត្រីរ៉ស់ និងត្រីអណ្តែង១ក្បាល មានទម្ងន់ជាងកន្លគីឡូក្រាមមានដែរ ។

ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ត្រីដែលបង់បានជាត្រីចេញស្រះវត្តផ្សារកណ្តាល នៅពេលជំនន់ទឹកភ្លៀងបានជន់លិចស្រះក្បែរវត្ត ហើយចេញមកបរិវេណសាលារៀន ទើបប្រជាពលរដ្ឋនាំគ្នានេសាទត្រីដោយបង់សំណាញ់ចាប់ម្នាក់បាន៤ ទៅ៥ក្បាលតែម្តង ។

គួររំលឹកដែរថា នៅពេលដែលមានភ្លៀងមួយយប់មួយថ្ងៃនៅក្រុងប៉ោយប៉ែត នៅផ្នែកខាងជើងផ្លូវជាតិលេខ៥ ត្រូវបានជំនន់ទឹកភ្លៀងបានជន់លិចស្ទើរទាំងស្រុង បណ្តាលឱ្យប៉ះពាល់ផ្ទះសំបែងប្រជាពលរដ្ឋ និងលិចផ្លូវស្ទើរទាំងអស់ នៅក្រុងប៉ោយប៉ែត បណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋជួបការលំបាក់ទៅមក និងទឹកលិចស្រះ និងប្រឡាយទើបត្រីចេញមកក្រៅ ត្រូវបានប្រជាពលរដ្ឋបង់សំណាញ់ចាប់បាន ។



ចែករំលែកព័តមាននេះ