ខេត្តប៉ៃលិន ៖ គេសង្កេតឃើញផ្ទៃមេឃចាប់ផ្តើមខ្មៅអួរអាប់ និងធ្លាក់ភ្លៀងតាំងពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា រហូតមកដល់វេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ទៅហើយ នៅតែមិនទាន់រាំងទៀត ជាហេតុធ្វើឱ្យទឹកស្ទឹងបយ៉ាខា ស្ទុះហក់ឡើងយ៉ាងខ្ពស់ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្បែរមាត់ស្ទឹងមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ទំនាប ស្ថិតក្នុងស្រុកសាលាក្រៅតែម្តង។

បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងបយ៉ាខា ស្ថិតក្នុងសង្កាត់បយ៉ាខា ក្រុងប៉ៃលិន ចាប់ផ្តើមដេកមិនលក់ ដោយសារតែភ្លៀងធ្លាក់ចាប់តាំងពីព្រឹកម្សិលម៉ិញ រហូតមកដល់ព្រឹកថ្ងៃថ្មីទៅហើយ នៅតែបន្តធ្លាក់ភ្លៀងតិច ឬច្រើនៗ ធ្វើឱ្យកម្ពស់ទឹកស្ទឹងបយ៉ាខា ឡើងខ្ពស់ដល់មាត់ច្រាំង ពោលគឺឡើងដល់កន្លែងរមណីយដ្ឋានម្លប់សាវម៉ាវ និងរមណីដ្ឋានចំការខ្នុរ ធ្វើឱ្យម្ចាស់រៀបចំចងខ្សែទប់កុំឱ្យបណ្តែតទៅតាមកម្លាំងទឹកហូរ។

ប្រភពដដែលបន្តទៀតថា លើសពីនេះ ទឹកដែលកំពុងហូរត្របាញ់ចុះពីលើកំពូលភ្នំ កំពុងតែហូរទៅផ្នែកខាងក្រោម អាចនឹងធ្វើឱ្យជន់លិចភូមិមួយចំនួននៅក្នុងឃុំស្ទឹងត្រង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ បើសិនជាភ្លៀងនៅតែបន្តធ្លាក់ជាប់ជានិច្ចបែបនេះទៀត។

ទោះបីជាយ៉ាងណា អាជ្ញាធរខេត្ត និងមន្ត្រីក្រោមឱវាទ កំពុងតែត្រៀមខ្លួនជាស្រេច ក្នុងការចុះជួយជន្លៀសប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព បើសិនជាមានករណីជំនន់ទឹកភ្លៀងកើតឡើងដោយប្រការណាមួយ។ ព្រោះថា ជំនន់ទឹកភ្លៀងដែលហូរចុះពីលើភ្នំទៅក្រោម ពិតជាមានកម្លាំងខ្លាំង អាចនឹងបង្កទៅជាគ្រោះធម្មជាតិលិចលង់ដល់លំនៅដ្ឋានប្រជាពលរដ្ឋ ព្រមទាំងផលដំណាំដាំដុះថែមទៀតផងដែរ។

បច្ចុប្បន្ននេះ គេមិនទាន់ដឹងថា តើទឹកភ្លៀងនេះ អាចនឹងជន់លិចភូមិណាមួយនៅក្នុងស្រុកសាលាក្រៅ នៅឡើយទេ? ដោយសារប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ៃលិន និងនៅភូមិនានា ស្ថិតក្នុងស្រុកសាលាក្រៅ ក៏ត្រៀមខ្លួនរួចរាល់ស្រេចក្នុងការស្វែងរកទីទួលសុវត្ថិភាព បើសិនជាមានករណីភ្លៀងធ្លាក់ឥតឈប់ បណ្តាលឱ្យក្លាយទៅជាជំនន់ទឹកភ្លៀងនោះ៕

ចែករំលែកព័តមាននេះ