ខេត្តព្រះសីហនុ៖ គិតមកទល់ម៉ោង ១៨ និង២០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានភាពកំពស់ទឹក នៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកកំពុងហក់ឡើង មានកំពស់ ៦,១០ម ( ប្រាំមួយម៉ែត្រ មួយតឹក ) ពីបាតស្ទឹង។ ពោលគឺកំពស់ទឹកស្មើធ្នឹមស្ពាន ខណៈដែលកំពស់ទឹកលើផ្លូវជាតិលេខ៤ មានកម្ពស់ ០.៥០ម ( ប្រាំតឹក )។
ជំនន់ទឹកភ្លៀង បានហូរកាត់បណ្តោយផ្លូវជាតិលេខ៤ ប្រហែល ២០០ម៉ែត្រ នៅចំណុចស្ពានស្ទឹងសំរោង។ សភាពទឹក អាចបន្តឡើងទៀត។ រីឯអាកាសធាតុ គឺមេឃកំពុងធ្លាក់ភ្លៀងស្រិចៗ។
ចំពោះចរាចរណ៍តាមផ្លូវជាតិលេខ៤ នៅចំណុចស្ពានស្ទឹងសំរោង គឺអាជ្ញាធរសមត្ថកិច្ច បានបិទចរាចរណ៍ ដោយផ្អាកទាំងស្រុង មិនឱ្យរថយន្តតូច និងរថយន្តធំ បើកបរឆ្លងកាត់កំណាត់ផ្លូវទឹកលិចនោះទេ។
សូមបញ្ជាក់ ការជន់លិចដោយជំនន់ទឹកភ្លៀង លិចលើកំណាត់ផ្លូវជាតិលេខ៤ នេះ ពុំបណ្តាលអោយមានផលប៉ះពាល់ ឬខូចខាតដល់សំភារៈរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់នេះ និងពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
កងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំពង់សីលា និងកំម្លាំងអ.ហ ស្នាក់ការសន្តិសុខ ៤០២ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សីលា បានប្រចាំការនៅគោលដៅទឹកលិចផ្លូវនេះ និងជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ ដោយតាមដានសភាពការណ៍ជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀង បានជន់លិចកំណាត់ផ្លូវជាតិលេខ៤ ចំណុចស្ទឹងសំរោង នៅព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ។ នេះជាលើកទី២ហើយ ដែលទឹកភ្លៀង ជន់លិច នៅក្នុងរដូវវស្សានេះ។ អាជ្ញាធរខេត្តព្រះសីហនុ ក៏បានប្រកាស ផ្អាកជាបណ្តោះអាសន្ននូវចរាចរណ៍យានយន្តឆ្លងកាត់តំបន់លិចទឹកលើកំណាត់ផ្លូវជាតិលេខ៤នេះ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ៕




ចែករំលែកព័តមាននេះ