ខេត្តព្រះសីហនុ ៖ ដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន នៅកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥ ដល់គីឡូម៉ែត្រលេខ១១៦ និងសូមអោយបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន ។
ការសម្រេចធ្វើការផ្អាកចរាចរណ៍ឆ្លងកាត់ផ្លូវជាតិលេខ៤ ដោយសារជំនន់ទឹកភ្លៀង បានបន្តជន់ឡើង គិតត្រឹមម៉ោង១៨ និង០០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពស់ទឹកឡើងដល់ ០.៥ម៉ែត្រ នៅលើថ្នាល់ជាតិ នៅត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥ ដល់គីឡូម៉ែត្រលេខ១១៦ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ។
ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ទឹកក៏បានហូរលើផ្លូវជាតិ មានកម្ពស់ដល់ ៥តឹកហើយ ហើយកំពុងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៤ ប្រហែលជាង១០០ម៉ែត្រ។ ចំណែកឯ ធាតុអាកាសនៅតំបន់នោះ មេឃកំពុងបន្តធ្លាក់ភ្លៀងថែមទៀត ។
មន្ត្រីថ្លែងថា ដោយសារទឹកនៅតែបន្តហក់ឡើង ទើបអាជ្ញាធរសម្រេច ផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ជាបណ្តោះអាសន្ន ។
បច្ចុប្បន្ន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងកម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា ចុះគោលដៅដើម្បីជួយសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ និងប្រចាំការ បន្តតាមដានសភាពការណ៍ ៕





ចែករំលែកព័តមាននេះ