ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាប់​ៗ​នេះ! យើង​អាច​ឃើញ Ronaldo សហការ​ជាមួយ John Cena នៅ WWE

1 ឆ្នាំ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo អាច​នឹង​បង្ហាញខ្លួន​លើក​ដំបូង​

អា​រ៉ា​ប៊ី​សា​អូឌីត ៖ កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo អាច​នឹង​បង្ហាញខ្លួន​លើក​ដំបូង​ជាមួយ​ស្ថាប័ន​កីឡា WWE នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ នេះ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​ជា​ច្រើន ក៏​ដូច​ជា AS និង talkSPORT ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

យោង​តាម​របាយការណ៍​ចុង​ក្រោយ​បាន​បង្ហាញ​ថា កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ពិភពលោក​វ័យ​៣៨​ឆ្នាំ ដែល​មាន​អ្នក​តាមដាន​ច្រើន​ជាងគេ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លិប Al Nassr នៃ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​រូប​នេះ អាច​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​របស់ WWE គឺ Crown Jewel នៅ​ក្នុង​ទីក្រុង​រី​យ៉ា​ដ (Riyadh) នៃ​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​នាម​ជា​កំពូល​ភ្ញៀវ​ក​ត្តិ​យស ឬ Superstar Guest ។

ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​សម័យកាល​រូប​នេះ នឹង​ទទួល​បាន​តម្លៃ​ខ្លួន​ដ៏​ច្រើន​មួយ ប្រសិនបើ​រូបគេ​យល់ព្រម​បង្ហាញ​វត្តមាន​ជាមួយ​កំពូល​អ្នក​កីឡាកាស John Cena ដែល​ទើបតែ​បង្ហាញ​វត្តមាន​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម ដើម្បី​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​។ តាម​រយៈ​ព្រឹត្តិការណ៍​នេះ អ្នក​រៀបចំ​ចង់​ទាញ​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង និង​អស្ចារ្យ បូក​រួម​ទាំង​ប្រាក់​ចំណេញ​ដ៏​ច្រើន​ជាមួយ​ឱកាស​នេះ​។

យោង​តាម​របាយការណ៍​ពី​សារព័ត៌មាន AS បាន​បង្ហាញ​ថា បន្ទាប់​ពី​ការ​ប្រកាស​រួម​បញ្ចូល​ជា​ផ្លូវការ​រវាង WWE និង​ស្ថាប័ន​ប្រដាល់​គុន​ចម្រុះ UFC ដើម្បី​បង្កើត​ក្រុមហ៊ុន​កីឡា​ដ៏​ធំ​បំផុត ដែល​មានឈ្មោះ​ថា TKO ដែល​មាន​តម្លៃ​រហូត​ដល់ ២១.៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ តាម​រយៈ​កិច្ចព្រមព្រៀង​កាលពី​ថ្មី​ៗ​នេះ WWE ចង់​នាំ​យក​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម Manchester United និង Real Madrid និង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ មក​ចូលរួម​ជា​ផ្នែក​ដ៏​សំខាន់ នៃ​ព្រឹត្តិការណ៍​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត ខណៈ​ដែល Endeavor ដែល​ជា​ក្រុមហ៊ុនមេ​របស់ UFC ត្រូវ​បាន​គេ​ជឿ​ថា បាន​ផ្តួចផ្តើម​គំនិត​នេះ​ឡើង ដើម្បី​បង្កើន​ប្រជាប្រិយភាព​ព្រឹត្តិការណ៍ Crown Jewel ។

Cristiano Ronaldo មិនមែន​ជា​កីឡាករ​បាល់ទាត់​ដំបូង​គេ ដែល​បង្ហាញមុខ​នៅ​ក្នុង​កម្មវិធី​របស់ WWE នោះ​ទេ ដោយ​រូបគេ​នឹង​ដើរ​តាម​គន្លង​អតីត​មិត្ត​រួម​ក្រុម​របស់​ខ្លួន​នៅ Manchester United ខ្សែប្រយុទ្ធ Wayne Rooney ដែល​បាន​បង្ហាញខ្លួន​នៅ WWE Raw កាលពី​ឆ្នាំ ២០១៥ ។ អតីត​ខ្សែប្រយុទ្ធ​ក្រុម Norwich លោក Grant Holt អតីត​ខ្សែប្រយុទ្ធ​ក្រុម Wycombe លោក Wanderers Adebayo Akinfenwa និង​អ្នកចាំទី​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ Tim Wiese សុទ្ធតែ​លេច​វត្តមាន​សម្រាប់ WWE ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ