UEFA ៖ U-17 រុស្ស៊ីបានសិទ្ធិប្រកួតពានអឺរ៉ុបលើកដំបូង ខណៈឈុតផ្សេងទៀតបន្តរងទណ្ឌកម្ម
ស្វីស ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA បានប្រកាសថា ក្រុមបាល់ទាត់ជម្រើ
ស្វីស ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA បានប្រកាសថា ក្រុមបាល់ទាត់ជម្រើ
ស្វីស ៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ដែលហៅកាត់ថា UEFA បានប្រកាសថា ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ីអាយុក្រោម១៧ឆ្នាំទាំងប្រុស និងស្រី នឹងទទួលបានការអនុញ្ញាតឱ្យចូលរួមប្រកួតពានរង្វាន់អឺរ៉ុបជាលើកដំបូង ឬ UEFA Under-17 Euro ដែលស៊ីបទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ ចាប់តាំងពីប្រទេសនេះ បានឈ្លានពានលើប្រទេសអ៊ុយក្រែន កាលពី១៩ខែមុន។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
ស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុបបានបញ្ជាក់ថា ក្មេងប្រុស និងក្មេងស្រី មិនគួរត្រូវបានទទួលទណ្ឌកម្ម ចំពោះទង្វើរបស់មនុស្សពេញវ័យនោះទេ ហើយបាល់ទាត់មិនគួរបោះបង់ចោលការផ្ញើសារសន្តិភាព និងក្តីសង្ឃឹមឡើយ។
ទោះយ៉ាងណាក៏ដោយ សមាគមកីឡាបាល់ទាត់ប្រទេសមួយចំនួនផ្សេងទៀត មិនយល់ស្របនឹងការសម្រេចចិត្តរបស់ UEFA ឡើយ ដោយក្នុងចំណោមនោះ ចក្រភពអង់គ្លេសប្រកាសមុនគេថា ខ្លួននឹងមិនចូលរួមប្រកួត បើមានវត្តមានរុស្សី។ អ្នកនាំពាក្យរបស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) បានថ្លែងថា «យើងមិនគាំទ្រជំហរនៃការបញ្ចូលរុស្ស៊ីទៅក្នុងការប្រកួតកម្រិតអាយុក្រោម១៧ឆ្នាំរបស់ UEFA នោះទេ ហើយជំហររបស់យើងនៅតែថា ក្រុមអង់គ្លេសនឹងមិនប្រកួតជាមួយរុស្ស៊ី»។
គួររំលឹកថា UEFA បានផ្អាកសកម្មភាពក្រុម និងក្លិបរបស់រុស្ស៊ីទាំងអស់ពីការប្រកួតរបស់ខ្លួន នៅពេលដែលការលុកលុយពេញលេញលើអ៊ុយក្រែន បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ UEFA ក៏បានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ឆ្នាំ ២០២២ និង Super Cup ឆ្នាំ ២០២៣ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុង Saint Petersburg និង Kazan ក៏ដូចជាការលុបចោលកិច្ចសន្យាឧបត្ថម្ភជាមួយក្រុមហ៊ុនថាមពលយក្ស Gazprom ដែលគ្រប់គ្រងដោយរដ្ឋាភិបាលរុស្ស៊ី ដោយបញ្ជាក់ពីជំហររបស់ខ្លួនថា ធ្វើការថ្កោលទោសជាថ្មីចំពោះសង្គ្រាមខុសច្បាប់របស់រុស្ស៊ី។
លោក Aleksander Ceferin ប្រធាន UEFA បានគូសបញ្ជាក់ថា «ការបន្តផ្អាករបស់ UEFA ប្រឆាំងនឹងក្រុមកីឡាករ និងកីឡាការិនីពេញវ័យរបស់រុស្ស៊ី ឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ UEFA ក្នុងការប្រកាន់ជំហរប្រឆាំងនឹងអំពើហិង្សា និងការឈ្លានពាន ហើយជំហរនេះ នឹងបន្តរហូតដល់សង្គ្រាមបានបញ្ចប់ ជាមួយសន្តិភាពត្រូវបានស្តារឡើងវិញ»។
បុរសជនជាតិស្លូវេនីវ័យ៥៥ឆ្នាំរូបនេះ បានបន្ថែមថា «តាមរយៈការហាមប្រាមលើកុមារពីការប្រកួតរបស់យើង មិនត្រឹមតែបរាជ័យក្នុងការលើកកំពស់សិទ្ធិមូលដ្ឋាន សម្រាប់ការអភិវឌ្ឍន៍របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែយើងមានការរើសអើងដោយផ្ទាល់ប្រឆាំងនឹងពួកគេ តាមរយៈការផ្តល់ឱកាសលេង និងប្រកួតប្រជែងជាមួយមិត្តភ័ក្តិពួកគេមកពីទូទាំងទ្វីបអឺរ៉ុប យើងកំពុងវិនិយោគលើអ្វីដែលយើងសង្ឃឹមថា នឹងក្លាយជាមនុស្សជំនាន់ក្រោយដ៏ភ្លឺស្វាងដ៏មានសមត្ថភាព និងអនាគតដ៏ល្អប្រសើរ»។ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ