ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ថៅកែ​​​ប្រេង​ឥន្ធនៈ​​​តតាំង​​ជា​​មួយ​​ក្រុម​​អេតចាយ

14 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​នេះគឺ​ជា​សកម្ម​ភាព​មួយដែល​មិន​​គួរ​ឱ្យ​កើត​មាន​ទាល់​តែ​សោះ​ ​ខណៈ​​ក្រុម​​អ្នក​មាន​ទ្រព្យ​ធន និង​​ក្រុម​អ្នក​ដើរ​​ទិញ​លក់​អេត​ចាយ​​កំប៉ិក​​កំប៉ុក​​​ប្រើ​អំពើ​ហិ.ង្សា​​ដាក់​គ្នា​​ដូច​ជន​ទំនើង​​ធ្វើ​ឱ្យ​​កក្រើក​​​នា​ពេល​រាត្រី​ថ្ងៃទី​១៥ ឧសភា ​ប​ណ្តាល​ឱ្យ​រង​របួស​​៥​នាក់ ក្នុង​នោះ​​​ថៅ​កែ​ស្ថានីយ​ប្រេង និង​គូ​ទំនាស់​៣​នាក់​របស់​គាត់​​បាន​រង​របួស​ជាទម្ងន់

ខេត្តបន្ទាយមានជ័យ ៖ ​នេះគឺ​ជា​សកម្ម​ភាព​មួយដែល​មិន​​គួរ​ឱ្យ​កើត​មាន​ទាល់​តែ​សោះ​ ​ខណៈ​​ក្រុម​​អ្នក​មាន​ទ្រព្យ​ធន និង​​ក្រុម​អ្នក​ដើរ​​ទិញ​លក់​អេត​ចាយ​​កំប៉ិក​​កំប៉ុក​​​ប្រើ​អំពើ​ហិង្សា​​ដាក់​គ្នា​​ដូច​ជន​ទំនើង​​ធ្វើ​ឱ្យ​​កក្រើក​​​នា​ពេល​រាត្រី​ថ្ងៃទី​១៥ ឧសភា ​ប​ណ្តាល​ឱ្យ​រង​របួស​​៥​នាក់ ក្នុង​នោះ​​​ថៅ​កែ​ស្ថានីយ​ប្រេង និង​គូ​ទំនាស់​៣​នាក់​របស់​គាត់​​បាន​រង​របួស​ជាទម្ងន់​​។

​សមត្ថ​កិច្ច​នគរបាល​​ក្រុង​សិរី​សោភ័ណ​ និង​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ក៏​បាន​ចុះ​ទៅ​អន្តរា​គមន៍​​ក្នុង​ករណី​នេះ​ តែ​ក្រោយ​មក​​ខាង​កង​រាជអាវុធ​ហត្ថ​​​បាន​បដិ​សេធ​​មិន​ផ្តល់​ព័ត៌​មាន​ជុំ​វិញ​ហេតុ​ការណ៍​ដែល​កើត​ឡើង​នោះ​​ទេ ។ ​ប៉ុន្តែ​បើ​តាម​មន្ត្រី​​នគរ​បាល​ក្រុង​សិរី​សោភ័ណ​ បាន​ឱ្យ​ដឹងថា ​ហេតុ​ការណ៍​នេះ​​បាន​កើតឡើង​​​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ​ឧសភា ​ឆ្នាំ​២០១១ នៅ​ចំណុចខាង​ក្រោយ​ស្ថានីយ​​ប្រេង​ឥន្ធនៈ​​ចម្ងាយ​២០០​ម៉ែត្រ ​ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ។ ខាង​ក្រុម​ថៅកែ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មាន​គ្នា​៥​នាក់ ឯ​ខាងក្រុម​ដើរ​ទិញអេត​ចាយក៏​​មានគ្នា​​៥​នាក់ដែរ ។ មុន​ពេល​កើតហេតុ​​មាន​រថយន្ត​ម៉ាក ISUZU DUMEX ​ពណ៌​​ទឹក​សមុទ្រ របស់​ថៅកែ​ប្រេងបាន​ដឹក​មា្ចស់​វា​ និង​កម្ម​ករ​​ទៅ​បុក​គូ​ទំនាស់​​ ប​ណ្តាល​ឱ្យ​របួស​ បន្ទាប់​មក​ក៏​កើត​ជា​អំពើ​ហិង្សា​​ប្រវាយ​ប្រតប់​​​គ្នា​​យ៉ាង​​សាហាវ​ព្រៃ​ផ្សៃ ​ដែល​ខ្លះ​មាន​ប្រើ​កាំបិត ​​ដែក​ស្រួច ពូថៅ ​និង​ដំបង​​វាយ​កាប់​ចាក់​គ្នា​ទៀត​ផង។

កម្ម​ករ​ម្នាក់​ឈ្មោះ​អ៊ូង ចាន់​រ៉ា ​បាន​ឱ្យ​សមត្ថ​កិច្ច​ដឹង​ថា ​ខ្លួន​ឃើញ​រថយន្ត​១​គ្រឿង ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត រួច​មាន​មនុស្ស​អាយុ​ប្រហែល​ខ្ទង់​២០​ឆ្នាំ ​បាន​វាយ​តប់​គ្នា​​យ៉ាង​ស៊ី​សាច់​ហុត​​ឈាម ។ បុរស​ឈ្មោះ​​នួន ចាន់​នី ដែល​អះ​អាងថា ជា​ឪពុក​​ជន​រងគ្រោះ​ម្នាក់​ខាង​ក្រុម​អ្នកដើរ​ទិញ​អេត​ចាយ​បាន​ប្រាប់​​កោះ​សន្តិ​ភាព​​ថា កូន​គាត់​ពុំ​​នឹក​ស្មាន​ថា​នៅ​រស់​ទេ បន្ទាប់​ពី​ភាគី​ម្ខាង​បាន​កាប់​​នឹង​​ពូថៅ​​ បណ្តាល​ឱ្យ​របួស​ធ្ងន់​​ជា​ច្រើន​កន្លែង​ត្រង់​ក្បាល។ ភាគី​ខាង​ដើរ​ទិញ​អេត​ចាយ​ និង​នគរ​បាល​ថា ភាគី​ខាង​ថៅកែ​ស្ថានីយ​ប្រេង​ឥន្ធនៈ​បាន​ជិះ​រថយន្ត​ទៅ​បង្ក​ជម្លោះ​បង្ហូរ​ឈាម​នេះ។ តែ​ខាង​បង​ប្អូន​​ថៅកែ​ស្ថានីយ​ប្រេង​ថា ខណៈ​ពេល​ថៅកែ​​ស្ថានីយ​​ប្រេង​បើក​ទ្វារ​រថយន្ត​ចុះ ក៏​ត្រូវ​ភាគី​ម្ខាង​វាយ​​បណ្តាល​ឱ្យ​របួស​ធ្ងន់។ បន្ទាប់​មក​ជម្លោះ​ដើម្បី​ការ​ពារ​ខ្លួន​ក៏​ផ្ទុះ​ឡើង បណ្តាល​ឱ្យ​​រង​របួស​ទាំង​សង​ខាង។ សមត្ថ​កិច្ច​​កង​រាជ​​អាវុធ​ហត្ថ​​បាន​បញ្ឈប់​ជម្លោះ​នោះ និង​​បាន​យក​កម្លាំង​ ព្រម​ទាំង​រថយន្ត​ពេទ្យ​​មក​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរ​ពេទ្យ​ និង​គ្លីនិក​នានា​ទាំង​កណ្តាល​រាត្រី។

ចំពោះ​ជន​រង​គ្រោះ​ខាង​ភាគី​ថៅកែ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មាន ១-ឈ្មោះ​​កែវ លីយេន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​៤ សង្កាត់​ព្រះ​ពន្លា ជា​ថៅកែ​ស្ថានីយ​ប្រេង​រង​របួស​ធ្ងន់​ត្រង់​ក្បាល​ហូរ​ឈាម។ ២-​ឈ្មោះ​ផុន សុភ័ណ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​កម្ម​ករ រង​របួស​ត្រង់​ក្បាល​​ខាង​ឆ្វេង និង​ក្រៅ​ពី​នោះ​រងរបួស​បន្តិច​បន្តួច។

ឯជន​រង​គ្រោះ​ខាងភាគី​​ដើរ​ទិញ​អេត​ចាយ​មាន ១-ឈ្មោះ​​ស៊ិន ម៉ាត់​អែល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រង​របួស​បាក់​​ក្តោង​ច្រមុះ​ធ្ងន់, ២-​ឈ្មោះ​នី នីវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រងរបួស​ធ្ងន់​ត្រង់​ថ្ងាស់ និង​លើ​ដង​ខ្លួន​ដោយ​សារ​​រថយន្ត​ភាគី​ម្ខាង​បើក​ទៅ​បុក និង​៣-ឈ្មោះ​​នី កាយយ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រង​របួស​ធ្ងន់​ផុង​លលាដ៏​ក្បាល​ ត្រូវ​ដេរ​៧​ថ្នេរ របួស​ក្បាល​ខាង​​ក្រោយ​២​កន្លែង មាត់​១​កន្លែង និង​ស្មា​១​កន្លែង។ ក្នុង​ករណី​ខាង​លើ​នេះ សមត្ថ​កិច្ច​​បាន​ឃាត់​ខ្លួន​ជន​ដៃដល់​​​នៃ​ភាគី​ទាំង​២ និង​ធ្វើ​ការ​ស៊ើប​អង្កេត​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​​មាន​ការ​ប្រទូស្ត​រ៉ាយ​គ្នា​នេះ៕