រាជធានីភ្នំពេញ ៖ “អនុវត្តច្បាប់ ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ ធ្វើកិច្ចសន្យា ហើយដោះលែង គឺជាការមិនគោរពច្បាប់” នេះជាការថ្លែងរបស់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅចំពោះមុខថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួង ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយ ឲ្យតែចាប់បាន គឺមិនអនុញ្ញាតឲ្យធ្វើកិច្ចសន្យា ហើយ ដោះលែងនោះទេ គឺត្រូវតែកសាងសំណុំរឿង និងដាក់បន្តទៅតុលាការ ជាដាច់ខាត ហើយប្រសិនបើករណីទាំងនោះ មានពាក់ព័ន្ធនឹងកត្តានយោបាយ សូមផ្តល់ព័ត៌មាន និងសិទ្ធិទុកជូនឯកឧត្តមជាអ្នកសម្រេច។ ការថ្លែងបញ្ជាក់ឱ្យដឹងពីការអនុវត្តភារកិច្ច កាតព្វកិច្ចរបស់មន្ត្រីក្រោមឱវាទ ឱ្យបានត្រឹមត្រូវ ហ្មត់ចត់ គឺដើម្បីលើកស្ទួយប្រសិទ្ធភាពការងារ ប្រកបដោយប្រសិទ្ធផល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នេះ ដែលក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តរួចទៅហើយ លើអាទិភាព ចំនួន៣ រួមមាន ៖
ទី១. កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”
ទី២. ការបង្កើតថ្នាលបណ្តុះកូនឈើទូទាំងប្រទេសជាង ១លានដើម ក្នុងមួយឆ្នាំៗ សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលមានតម្រូវការដាំដើមឈើ
និងទី៣. អេកូទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិព្រៃសហគមន៍ ធ្វើយ៉ាងណារក្សាឱ្យបានគម្របព្រៃឈើ មានអព្យាក្រឹតកាបូន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដោយចីរភាព (យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា) ។
គួរជម្រាបជូនថា អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មាននាយកដ្ឋានចំណុះ ចំនួន៧ ដែលរួមមាន ៖
-នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ
-នាយដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមគង្គ
-នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប
-នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប
-នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីសើម ទឹកសាប
-នាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់
-នាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ ។
នាយកដ្ឋានទាំងអស់ខាងលើនេះ គ្រប់គ្រងលើតំបន់ការពារធម្មជាតិ ចំនួន៤៦០តំបន់ ដែលចាំបាច់ត្រូវមានការរួបរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមផងដែរ ក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ ដើម្បីសម្រេចឱ្យបានផែនការយុទ្ធសាស្ត្ររួមរបស់កម្ពុជា ៕








ចែករំលែកព័តមាននេះ