ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាក HONDA C100 ពណ៌ខ្មៅ បុកគ្នាពេញទំហឹងជាមួយម៉ូតូម៉ាក VIVA បានបណ្តាលឱ្យមនុស្ស៣នាក់សន្លប់នៅនឹងកន្លែង។ ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៥ ឧសភា វេលាម៉ោង៨និង៣០នាទីយប់ នៅចំណុចថ្នល់បំបែកជាបួនសួនតាឌី ស្ថិតក្នុងភូមិរោងបន្លៃ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើឈ្មោះនាង ជំនោ អាយុ២៧ឆ្នាំ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង រងរបួសក្បាលធ្ងន់ធ្ងរ ជិះម៉ូតូម៉ាក HONDA ។ រីឯភាគីម្ខាងទៀតឈ្មោះអ៊ុំ សាវ៉ាក់ អាយុ១៦ឆ្នាំជាអ្នកបើកម៉ូតូ VIVA មានទីលំនៅភូមិតារាងបាល់ សង្កាត់គយត្របែក រងរបួសបែកចិញ្ចើមលៀនគ្រាប់ភ្នែកទាំងពីរត្រូវឪពុកម្តាយបញ្ជូនទៅប្រទេសវៀតណាម និងឈ្មោះគឹម សម្បត្តិ អាយុ១៦ឆ្នាំ ជិះពីក្រោយរស់នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង រងរបួសក្បាលធ្ងន់ធ្ងរ និងបាក់ស្នងជើងខាងស្តាំ ។
ទាក់ទិននឹងគ្រោះថ្នាក់ចរាចរណ៍ខាងលើ តាមអ្នកឃើញហេតុការណ៍បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញឈ្មោះនាង ជំនោ ជិះម៉ូតូ HONDA C100 ពីទិសខាងលិចទៅទិសខាងកើតយ៉ាងលឿន ស្របពេលនោះក៏មានយុវជនពីរនាក់ជិះម៉ូតូម៉ាក VIVA ឌុបគ្នាពីទិសខាងជើងទៅទិសខាងត្បូងអែបសួនតាឌីយ៉ាងលឿនដែរ។ លុះដល់ចំណុចផ្លូវបំបែកជាបួនមុខប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយរៀង ម៉ូតូទាំង២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះ ធ្វើឱ្យភាគីទាំងពីរខ្ទាតចេញពីម៉ូតូរៀងៗខ្លួន សន្លប់ឈឹងនៅនឹងកន្លែង ត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។ រីឯម៉ូតូទាំងពីរគ្រឿងខូចខាតស្ទើរទាំងស្រុងត្រូវប៉ូលិសក្រុងស្វាយរៀង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។
តាមព័ត៌មានឱ្យដឹងថា ឈ្មោះនាង ជំនោ ជាបុគ្គលិកយាមអង់តែនទូរស័ព្ទនៅភូមិថ្មី សង្កាត់សង្ឃ័រ ធ្វើដំណើរចេញពីផ្ទះប្រញាប់ទៅយាម។ រីឯពីរនាក់ទៀតចេញពីរោងការត្រឡប់ទៅផ្ទះវិញ ទំនងជាប្រញាប់ដូចគ្នា ទើបបណ្តាលឱ្យមានគ្រោះថ្នាក់យ៉ាងដូច្នេះ៕
ចែករំលែកព័តមាននេះ