ខេត្តពោធិ៍សាត់ ៖ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០១១ បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញដល់នាយ នាយរង និងពលអាវុធហត្ថចំនួន៦០នាក់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី អន សុខុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីមេបញ្ជាការរងទាំងអស់។
លោកវរសេនីយ៍ត្រី ម៉ៅ សាវឿន ប្រធានគ្រប់គ្រងវគ្គបានជម្រាបជូនថា វគ្គសិក្សានេះមានរយៈពេល២៤ថ្ងៃ មានសិក្ខាកាម៦០នាក់ គ្រូឧទ្ទេសនាម១១នាក់ ជ្រើសចេញពីថ្នាក់េមបញ្ជាការរង ប្រធាន-អនុប្រធានមន្ទីរ និងការិយាល័យដែលមានជំនាញគ្រប់គ្រាន់ក្នុងការបង្រៀន ។ វគ្គនេះសិក្សាលើប្រធានបទក្រមនីតិវិធីព្រហ្មទណ្ឌ រូបមន្តនៃការកសាងសំណុំរឿង ការយកព័ត៌មាន ការងារលិខិតស្នាមរដ្ឋបាល របៀបប្រជុំជួរទ័ព កាយវិការគោរព របៀបឡើងរាយការណ៍ របៀបបញ្ជា និងអនុវត្តកងអនុសេនាតូច-ធំការពារទីតាំង និងវាយលុក វិធីសាស្ត្រហ្វឹកហ្វឺនលើការបាញ់កាំភ្លើងថ្មើរជើង៣ដំណាក់កាល បច្ចេកទេសក្នុងការប្រើប្រាស់ ថែទាំ និងដោះលាងអាវុធ។
លោកឧត្តមសេនីយ៍ត្រី អន សុខុន មានប្រសាសន៍ថា ការបើកវគ្គនេះក្នុងគោលបំណងធ្វើឱ្យកងរាជអាវុធហត្ថមានសមត្ថភាពជំនាញពិតប្រាកដក្នុងការអនុវត្តភារកិច្ចជំនាញ ដែលជាវិជ្ជាជីវៈរបស់កងរាជអាវុធហត្ថ និងមានសមត្ថភាពបន្ថែមក្នុងការងារយោធា លំហាត់របៀបយុទ្ធសាស្ត្រ យុទ្ធវិធី និងបច្ចេកទេស ក្នុងគោលដៅការពារសន្តិសុខសង្គម បម្រើប្រយុទ្ធ និងប្រយុទ្ធក្នុងសភាពការណ៍ចាំបាច់ក្នុងភូមិសាស្ត្រខេត្ត និងត្រៀមចេញប្រតិបត្តិការពេលមានបទបញ្ជា ។ ត្រូវមានការយល់ដឹងអំពីច្បាប់ នីតិវិធីក្នុងការអនុវត្តការងារ សំដៅពង្រឹងវិន័យ សណ្តាប់ធ្នាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីលើកកម្ពស់កិត្យានុភាពកងរាជអាវុធហត្ថឱ្យរីកចម្រើនគ្រប់វិស័យទូទាំងខេត្ត ។ ជ្រៀតចូលក្នុងវិស័យអប់រំចិត្តសាស្ត្រ មានទស្សនៈយល់ដឹងទូលំទូលាយ ដើម្បីលើកកម្ពស់នូវឆន្ទះកងរាជអាវុធហត្ថម្នាក់ៗឱ្យមោះមុតក្នុងការអនុវត្តការងារបានល្អប្រសើរលើគ្រប់វិស័យ ។ ធ្វើឱ្យនាយ នាយរង និងពលអាវុធហត្ថទាំងអស់មានស្មារតីគោរពវិន័យ ក្រមសីលធម៌ អត្តចរិតល្អ ដើម្បីលើកកម្ពស់គុណភាពរបស់កងរាជអាវុធហត្ថ ។ លោកមេបញ្ជាការបានសំណូមពរដល់សិក្ខាកាមទាំងអស់ឱ្យខិតខំរៀនសូត្រ គោរពវិន័យឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានចំណេះដឹងពីគ្រូឧទ្ទេសសម្រាប់យកទៅអនុវត្តការងារឱ្យទទួលបានជោគជ័យ ៕
ចែករំលែកព័តមាននេះ