ជានាយករដ្ឋមន្ត្រីនឹងមកទស្សនកិច្ចនៅកម្ពុជានាចុងខែនេះ ហើយគេរំពឹងថា ទស្សនកិច្ចនោះនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច សហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃដែលទើបជាប់ឆ្នោតថ្មីដែលបានឡើង…
ជានាយករដ្ឋមន្ត្រីនឹងមកទស្សនកិច្ចនៅកម្ពុជានាចុងខែនេះ ហើយគេរំពឹងថា ទស្សនកិច្ចនោះនឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច សហប្រតិបត្តិការ និងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃដែលទើបជាប់ឆ្នោតថ្មីដែលបានឡើង កាន់តំណែងនៅថ្ងៃជាមួយគ្នានឹងការឡើងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងថ្ងៃតែមួយបានកំណត់ពេលហើយថា នឹងមកបំពេញទស្សនៈកិច្ចនៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញាខាងមុខ ។

នៅក្នុងឋានៈជារាជាណាចក្រអាស្រ័យធម្មនុញ្ញដូចគ្នា ការសម្រេចចិត្តរបស់លោក សេដ្ឋា មកបំពេញទស្សនៈកិច្ចនៅកម្ពុជាជាលើកដំបូងបែបនេះ វា គឺជាការផ្តល់នូវតម្លៃផ្នែកការទូតមួយដ៏សំខាន់សម្រាប់កម្ពុជា ខណៈដែលមន្ត្រីការទូតនៃប្រទេសទាំងពីរបានអះអាងរួចហើយថា ដំណើរទស្សនៈកិច្ចនេះ គឺធ្វើឡើងនៅក្នុងគោលបំណងជំរុញទំនាក់ទំនងទ្វេភាគីក៏ដូចជា ការស្ថាបនាលើការពង្រឹងទំនាក់ទំនង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន ។
ចាប់តាំងពីលោក សេដ្ឋា បានចូលកាន់តំណែងមកលោកទើបតែបានអញ្ជើញទៅចូលរួមថ្លែងមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីក្រុងញូវយ៉ក សហរដ្ឋអាមេរិកប៉ុណ្ណោះ ដូច្នេះការដែលលោកសម្រេចចិត្តធ្វើដំណើរមកកាន់កម្ពុជា ជាការគោរព និងអោយតម្លៃការទូតមួយសម្រាប់កម្ពុជានៅក្នុងឋានៈជាប្រទេសក្បែរខាង ទោះបីជានេះគឺជាដំណើរទស្សនៈកិច្ចធម្មតានៅក្នុងតំបន់អាស៊ានដែលតែងតែកើតមាននៅក្នុងពេលដែលប្រទេសមានការផ្លាស់ប្តូរមេដឹកនាំថ្មីក៏ដោយ ។

កម្ពុជា គឺជាប្រទេសតូចមួយនៅក្នុងតំបន់ ប៉ុន្តែការសម្រេចចិត្តធ្វើដំណើរមកបំពេញទស្សនៈកិច្ចនៅកម្ពុជានៅពេលខាងមុខនេះ ពិតជាមានអត្ថន័យ ហើយមជ្ឈដ្ឋានទូទៅ គឺសុទ្ធតែវាយតម្លៃខ្ពស់ថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅក្នុងអណត្តិដឹកនាំដោយនាយករដ្ឋមន្ត្រីទី៣០ របស់ថៃទំនាក់ទំនងទ្វេរភាគីនឹងកាន់តែប្រសើរថែមមួយកម្រិតទៀត ។

នៅក្នុងដំណើរទស្សនៈកិច្ចនៅកម្ពុជានឹងមានការជួបសំដែងការគួរសមតាមថ្នាក់ដឹកនាំនៅកម្ពុជាជាបន្តបន្ទាប់ ហើយក៏នឹងមានការចរចាទ្វេភាគីរបស់មេដឹកនាំកម្ពុជា និងថៃ នៅក្នុងឋានៈជាមេដឹកនាំថ្មីដូចគ្នា ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើតាមការបង្ហើបដោយក្រុមមន្ត្រីរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរកន្លងមកបានឲ្យដឹងថា ភាគីទាំងពីរអាចនឹងស្វែងយល់ពីបញ្ហាជាច្រើនហើយរួមគ្នាពង្រឹងយន្តការនៃការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីនៅលើវិស័យមួយចំនួន ដែលមានដូចជា នយោបាយ-សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ទេសចរណ៍ ការងារ ការដោះមីន និងការសម្របសម្រួលបច្ចេកទេសផ្សេងៗ។

នៅពេលនេះគេដឹងថា កម្ពុជា និងថៃ នៅមានគម្រោងមួយចំនួនដែលបានរាំងស្ទះ ជាពិសេស គឺគម្រោងការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ ។ ដូច្នេះវាក៏ជាបញ្ហាមួយដែលអាចនឹងបើកផ្លូវក៏ដូចជា សម្របសម្រួលនៅលើបញ្ហានេះមិនខាននៅក្នុងដំណើរទស្សនៈកិច្ច ហើយក៏អាចថានៅក្រោយពេលនៃដំណើរទស្សនៈកិច្ច ។ ក្រៅពីនោះ កម្ពុជាក៏រំពឹងថា ថៃនឹងកាន់តែសម្របសម្រួលបន្ថែមទៀតនៅក្នុងការទទួលអនុផលព្រៃឈើក៏ដូចជា ការនាំចេញផលិតផលកសិកម្ម ដែលធ្វើឡើងនៅតាមព្រំដែនរវាងប្រទេសទាំងពីរដែលកន្លងមកក៏ធ្លាប់មានសេចក្តីរាយការណ៍អំពីបញ្ហាអសកម្មខ្លះៗផងដែរ ។
ក្រៅពីនោះអ្វីដែលជាក្តីរំពឹងមួយទៀត សម្រាប់កម្ពុជា គឺការបើកច្រកណាមួយតភ្ជាប់ទំនាក់ទំនងរវាងទេសចរណ៍ថៃ និងទេសចរណ៍កម្ពុជា ខណៈដែលពេលនេះថៃកំពុងតែដាក់ចេញនូវគោលនយោបាយទាក់ទាញទេសចរណ៍ខ្លាំង ដូច្នេះនៅក្នុងឋានៈថៃជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ចំបងនៅក្នុងតំបន់ ថៃអាចនឹងបើកច្រកតភ្ជាប់មកកម្ពុជាក៏ជាចំណុចមួយដែលនឹងអាចជួយជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវិស័យទេសចរណ៍របស់ប្រទេសទាំងពីរផងដែរ ។

ចំណុចមួយទៀត ថៃក៏អាចនឹងបង្កើនការលើកទឹកចិត្តវិនិយោគទុនអោយបន្តមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា ជាពិសេស គឺនៅលើបញ្ហាកែច្នៃផលិតផលកសិកម្ម ខណៈដែលថៃ គឺជាប្រទេសដែលមានទាំងធនធាន និង លក្ខណៈសម្បត្តិផ្នែកនេះនៅក្នុងតំបន់ ៕ សរសេរដោយៈ ហេង ចេស្តារ
កែសម្រួលដោយ ៖ ប្រេវីន
ចែករំលែកព័តមាននេះ