ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​៤​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​យក​ដុំ​ថ្ម​គប់​គ្នា​ផ្អើល​ចំណុច​សួន​អាពាហ៍ពិពាហ៍

7 ខែ មុន
  • ប៉ៃលិន

មាន​យុវជន​ចំនួន​២​ក្រុម បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា និង​យក​ដុំ​ថ្ម​គប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​រង​របួស​ម្នាក់​

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​យុវជន​ចំនួន​២​ក្រុម បាន​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​វា​.​យ​កា​.​ប់​ចា​.​ក់​គ្នា និង​យក​ដុំ​ថ្ម​គប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​រង​របួស​ម្នាក់​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​សួន​អាពាហ៍ពិពាហ៍ ស្ថិត​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក្រុម​យុវជន​ខាងលើ​នេះ ក៏​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​។

បើ​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល បានឱ្យ​ដឹង​ថា លុះ​រហូត​ដល់​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក កម្លាំង​នគរបាល​ក្រុងប៉ៃលិន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ប៉ៃលិន ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ព្រមទាំង​កំណត់​មុខសញ្ញា​ក្រុម​យុវជន​ទាំង​២​ក្រុម​ខាងលើ​នេះ​បាន រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​យក​មក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដែល​មានឈ្មោះ​ដូច​ខាងក្រោម ៖

ក្រុម​ទី​១- មាន​គ្នា​ចំនួន​៣​នាក់ ក្នុង​នោះ​ទី​១- ឈ្មោះ ខ្នា ប្រុស ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន រស់នៅ​ភូមិ​ទួល​ខៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​គ្មាន​របួស​) ជា​មុខសញ្ញា​ចាស់​មិន​រាងចាល​។ ចំណែក​២​នាក់​ទៀត រត់គេច​ខ្លួន​បាត់ ។

ក្រុម​ទី​២- មាន​គ្នា​ចំនួន​៣​នាក់​ដូច​គ្នា ក្នុង​នោះ​ទី​១- ឈ្មោះ អាន ធនិន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខ​របរ​កម្មករ រស់នៅ​ភូមិ​កំពង់ចម្លង​ក្រោម ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​របួស​កូនដៃ​ស្រាល​) បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២៣ ពាក់​ផ្លា​ក​លេខ​បាត់ដំបង​1AT-5813 (​ម៉ូតូ​ខូចខាត​មធ្យម​)​។ ទី​២- ឈ្មោះ ហេង សុ​ជាតិ ហៅ ក​ច់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិប​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​គ្មាន​របួស​) ជា​មុខសញ្ញា​ចាស់​មិន​រាងចាល (​អ្នក​ជិះ​ពី​ខាងក្រោយ​)​។ និង​ទី​៣- ឈ្មោះ រិ​ទ្ធិ តា​រ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន (​គ្មាន​របួស​) អ្នក​ជិះ​ពីក្រោយ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​២​និង​១៥​នាទី​រសៀល យុវជន​ក្រុម​ទី​១ ដែល​មាន​គ្នា​ចំនួន​៣​នាក់ បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​ឈប់​អង្គុយ​លេង និង​ផឹកស្រា​បៀរ​នៅ​ចំណុច​សួន​អាពាហ៍ពិពាហ៍ ស្ថិត​ក្នុងភូមិ​-​សង្កាត់​ខាងលើ​។ លុះដល់​វេលា​ម៉ោង​កើតហេតុ ក៏​ស្រាប់តែ​មាន​យុវជន​ក្រុម​ទី​២ ជិះ​ម៉ូតូ​ចំនួន​១​គ្រឿង មាន​គ្នា​៣​នាក់ បាន​ជិះ​ម៉ូតូ​ទៅ​មក​ៗ​របៀប​ឌឺដង​ដាក់​យុវជន​ក្រុម​ទី​១ បន្ទាប់​មក​យុវជន​ទាំង​២​ក្រុម ក៏​វា​.​យ​គ្នា និង​រើស​ដុំ​ថ្ម​គប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​ឱ្យ​របួស​ចំ​កូនដៃ​ស្រាល​ម្នាក់​តែ​ម្ដង និង​ខូចខាត​អាវ​ម៉ូតូ​ទាំង​សងខាង ព្រមទាំង​ភ្លើង​មុខក្រោយ រង​ការ​ខូចខាត​មធ្យម​។

ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ យុវជន​ទាំង​២​ក្រុម​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា «​ពួក​គេ​ពិតជា​បាន​យក​ដុំ​ថ្ម​គប់​គ្នា​ទៅ​វិញ​ទៅ​មក​ពិតប្រាកដ​មែន​»​។ ចំណែក​វត្ថុ​តាង​ដែល​ដកហូត​បាន​សរុប រួម​មាន ៖ ១- ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០២៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង​1AT-5813 ចំនួន​១​គ្រឿង និង​២- ដុំ​ថ្ម​ចំនួន​៣​ដុំ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​សូម​គោរព​ស្នើ​សុំ​យោបល់​លោកស្នងការ ដើម្បី​ឃាត់ខ្លួន​យុវជន​ទាំង​៤​នាក់​នោះ រួម​ទាំង​វត្ថុ​តាង​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន ដើម្បី​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ