ខេត្តកំពង់ស្ពឺ ៖ ទាល់តែអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយ ទើបក្រុមឈ្មួញខិ.លខូ.ច ដែលលួ.ចចាក់ថ្មចូលលុបប្រឡាយមេ ពីខាងលើស្ទឹងព្រែកត្នោត ដកគ្រឿងចក្រចេញយ៉ាងប្រញាប់ដូចមានមេខ្យល់ប្រាប់ បើរំពឹងទៅលើអាជ្ញាធរ និងជំនាញធនធានទឹក គ្មានអើពើ និងគ្មានឆន្ទៈក្នុងការទប់ស្កាត់ឡើយ។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋបានប្រាប់ថា «ក្រុមឈ្មួញខិ.លខូ.ចបានដកគ្រឿងចក្រចេញប្រហែល៣ថ្ងៃមកហើយ ចេញពីទីតាំងដែលចាក់ថ្មលុបប្រឡាយមេខាងលើស្ទឹងព្រែកត្នោតនេះ នៅខាងជើងជាប់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៧ ទៅលេខ៥៨ ចំណុចភូមិវល្លិ៍ប្រេង ស្ថិតក្នុងឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ»។

ប្រជាពលរដ្ឋនិយាយបន្តថា «កាលពីពេលកន្លងទៅ មានក្រុមឈ្មួញបាននាំគ្នាដឹកថ្មចាក់ចូលលុបប្រឡាយមេផ្អែកខាងលើស្ទឹងព្រែកត្នោតទាំងយប់ទាំងថ្ងៃ ដោយគ្មានញញើតច្បាប់ទាល់តែសោះ។ នៅពេលចាក់ថ្មលុបប្រឡាយមេនោះ គេក៏បានឃើញអាជ្ញាធរចុះមកពិនិត្យមួយភ្លែតហើយក៏ទៅបាត់ បន្ទាប់មកក្រុមឈ្មួញបន្តសកម្មភាពដដែល។ ទើបតែ២ទៅ៣ថ្ងៃនេះ ក្រោយកោះសន្តិភាពផ្សាយតាមសំណូមពរអ្នកស្រុកនៅជិតប្រឡាយ ក៏ឃើញក្រុមឈ្មួញដឹកគ្រឿងចក្រចេញ ដោយបន្សល់ទុកថ្មនៅលុបកាត់មុខទឹកហូរដដែល មិនព្រមកាយចេញនោះឡើយ»។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា «ប្រឡាយមេនេះ តភ្ជាប់ពីទ្វារទឹករលាំងជ្រៃ ដោយស្តុកទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ និងប្រជាកសិករស្រោចស្របដំណាំស្រូវ និងបន្លែជាច្រើនប្រភេទរាប់រយគ្រួសារឯណោះ ក្នុងឃុំកាហែង ស្រុកសំរោងទង និងឃុំមហាសាំង ស្រុកភ្នំស្រួច ក៏ប្រើប្រាស់បានដែរ។ ប៉ុន្តែពេលនេះ ក្រុមឈ្មួញខិ.លខូ.ចបានដឹកថ្មចាក់លុបប្រឡាយមេជិតបែបនេះ ពួកគាត់ជាប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងណាស់ ប៉ុន្តែមិនអាចធ្វើអ្វីគេបាននោះទេ មានតែពឹងអស់លោកអាជ្ញាធរ និងជំនាញពាក់ព័ន្ធ ជាពិសេសលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ទើបអាចទប់ស្កាត់ក្រុមជនខិ.លខូ.ចនេះបាន»។

ការចាក់ដីលុបប្រឡាយមេទឹកនេះដែរ ត្រូវបានពលរដ្ឋរស់នៅតំបន់ខាងលើ លើកឡើងថា «ម្ចាស់ដីនេះ មិនមែនអ្នកតូចនោះទេ ទាល់តែអ្នកធំ មានអំណាច ហើយមានលុយ ទើបអាចធ្វើបាន ជាពិសេសគេលាក់អត្តសញ្ញាណម្ចាស់ដីបានបែបនេះ»។
ពាក់ព័ន្ធនឹងការចាក់ដីថ្មលុបប្រឡាយមេទឹកស្ទឹងព្រែកត្នោតនេះដែរ អ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់ពីអាជ្ញាធរស្រុកបានឡើយ ដោយសារប្រព័ន្ធទូរស័ព្ទមិនអាចទាក់ទងបាន។

ចំណែកឯលោក ញ៉ាញ់ ជាបហ័ង ប្រធាមន្ទីរធនធានទឹក បានប្រាប់នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះថា «ខាងលោកបានចុះទៅឃាត់ឱ្យផ្អាកឈប់ចាក់ និងកំពុងស្រាវជ្រាវរកម្ចាស់ដែលជាអ្នកបញ្ជាឱ្យចាក់ ដើម្បីមានចំណាត់ការបន្ត បើទោះជាក្រុមអ្នកចាក់ដីថ្មីទាំងនោះ លាក់អត្តសញ្ញាណម្ចាស់ដីមិនឱ្យដឹងក៏ដោយ»។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ មានក្រុមឈ្មួញបានដឹកថ្មយកទៅចាក់លុបប្រឡាយមេខាងលើស្ទឹងព្រែកត្នោត ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅអស់លោកអាជ្ញាធរ។ បន្ទាប់មកលោកអាជ្ញាធរ បានសួរនាំដើម្បីរកឈ្មោះក្រុមហ៊ុន ឬក៏មេការ ប៉ុន្តែខាងរថយន្តដឹកថ្ម ឆ្លើយថា «អត់ដឹង»។ លុះសួរឈ្មោះក្រុមហ៊ុន ក៏ខាងអ្នកដឹកថ្មនៅតែឆ្លើយថា «មិនដឹង»។ ហើយអ្វីដែលសំខាន់នោះ ប្រឡាយមេផ្នែកខាងលើនេះ គឺមានសារៈសំខាន់ណាស់ និងជាកន្លែងសម្រាប់រំដោះទឹកពីជួរភ្នំផ្នែកខាងត្បូងនៃសឹ្ទងព្រែកត្នោត កាត់បន្ថយជំនន់ទឹកភ្លៀង ព្រោះរដូវនេះជារដូវស្សាទៀតផង។

បើតាមមជ្ឈដ្ឋានមហាជន បានលើកឡើងថា «មិនដែល ក្រុមឈ្មួញខិ.លខូ.ចលួ.ចចាក់ថ្មចូលលុបប្រឡាយមេជិតមុខទឹក មិនក្រោម៥០ឡាន ហើយអាជ្ញាធរ និងជំនាញមិនស្គាល់ក្រុមនោះទេ សម័យនេះទៅហើយ បើគ្មានការបើកភ្លើងខៀវទេ កុំសង្ឃឹមថា រកស៊ីបាននោះ»។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរខេត្តកំពង់ស្ពឺ មានឆន្ទៈក្នុងការទប់ស្កាត់ការរំលោ.ភបំពា.នប្រឡាយមេខាងលើស្ទឹងព្រែកត្នោតនេះ ហើយឱ្យក្រុមឈ្មួញកាយយកថ្មចេញពីមុខទឹកនេះវិញផង ដើម្បីបញ្ជៀសទឹកជំនន់។
គួររំលឹកថា ៖ រកមុខមិនទាន់ឃើញទេ… ពិតជាថ្លើមធំមែន!ចាក់កម្ទេចថ្មចូលប្រឡាយមេខាងលើស្ទឹងព្រែកត្នោត ៕
ចែករំលែកព័តមាននេះ