ខេត្តកំពង់ស្ពឺ ៖ បើទោះបីជាកន្លងមក អាជ្ញាធរខេត្តកំពង់ស្ពឺ បានទៅបញ្ឈប់ក្រុមឈ្មួញដែលលួ.ចចាក់កម្ទេចថ្មចូលប្រឡាយមេពីខាងលើស្ទឹងព្រែកត្នោត បន្ទាប់ពីសួររកច្បាប់អនុញ្ញាតិមិនមានក៏ដោយ ប៉ុន្តែក្រុមជនខិ.លខូ.ចនៅតែគឃ្លើនទាំងបំពាន លួ.ចធ្វើការចាក់បន្តទៀត ដោយមិនខ្លាចញញើតទាល់តែសោះ អាជ្ញាធរមូលដ្ឋាន និងជំនាញហាក់បីដូចជាមិនអើពើទាល់តែសោះ។

ទីតាំងដែលក្រុមជនខិ.លខូ.ចលួ.ចចាក់កម្ទេចថ្មចូលលុបប្រឡាយខាងលើស្ទឹងព្រែកត្នោតនោះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៧ ទៅលេខ៥៨ នៅត្រង់ចំណុចភូមិវល្លិ៍ប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើ បាននាំគ្នានិយាយឱ្យដឹងថា ប្រឡាយមេនេះ ប្រជាពលរដ្ឋជាច្រើនភូមិបានយកទឹកប្រើប្រាស់ស្រោចស្របដំណាំផ្សេងៗគ្រប់រដូវប្រាំង និងរដូវវស្សា ប៉ុន្តែថ្មីៗនេះ ស្រាប់តែគេបានឃើញក្រុមជនខិ.លខូ.ចបានដឹកគ្រឿងចក្រ (អាអ៊ិច) និងដឹកកម្ទេចថ្មតាមរថយន្តមកចាក់លុបប្រឡាយមេខាងលើស្ទឹងព្រែកត្នោតនេះតែម្តង។

ពលរដ្ឋបន្តថា ក្នុងនាមជាប្រជាពលរដ្ឋ ពួកគាត់មិនមានសិទ្ធិទៅហាមឃាត់គេទេ បានត្រឹមតែមានការសោកស្តាយតែប៉ុណ្ណោះ។ ហើយកន្លងទៅ កាលពីថ្ងៃទី១១ ខែកញ្ញា ប្រជាពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរ និងជំនាញម្តងរួចមកហើយ។ ប៉ុន្តែប្រជាពលរដ្ឋបានឃើញអាជ្ញាធរឃុំ និងស្រុក ចុះមកពិនិត្យមួយភ្លែត រួចចេញទៅវិញអស់។ ប៉ុន្តែគ្រឿងចក្រនៅតែបន្តសកម្មភាពដដែល ធ្វើឱ្យពួកគេដែលជាប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងថា តើការចាក់កម្ទេចថ្មចូលលុបប្រឡាយមេនេះ ខាងណាជាអ្នកអនុញ្ញាត? ទើបធ្វើបានដោយរលូនបែបនេះ។

ពាក់ព័ន្ធនឹងក្រុមជនខិ.លខូ.ចចាក់កម្ទេចថ្មលុបប្រឡាយមេខាងលើនេះដែរ អ្នកយកព័ត៌មានយើងបានសួរនាំទៅលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ តាមរយៈប្រព័ន្ធតេឡេក្រាម លោកចូលមើលហើយមិនបានឆ្លើយតបជាមួយអ្នកយកព័ត៌មានយើងឡើយ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា បើគ្មានការបើកភ្លើងខៀវពីអស់លោកជំនាញទេ ក្រុមឈ្មួញ ខិ.លខូ.ចក៏មិនហ៊ានចាក់កម្ទេចថ្មលុបប្រឡាយមេខាងលើស្ទឹងព្រែកត្នោតនេះបានដែរ។

ប្រជាពលរដ្ឋព្រួយបារម្ភរឿងក្រុមជនខិ.លខូ.ចចាក់កម្ទេចថ្មលុបប្រឡាយមេខាងលើនេះ ពីព្រោះវា មានសារៈសំខាន់ណាស់ ជាកន្លែងសម្រាប់រំដោះទឹកពីជួរភ្នំផ្នែកខាងត្បូង នៃសឹ្ទងព្រែកត្នោត កាត់បន្ថយការកើតមានជំនន់ទឹកភ្លៀង ព្រោះរដូវនេះ គឺជារដូវស្សាផង។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕



ចែករំលែកព័តមាននេះ