ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ ជួយ​ជូន​អ្នក​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ មក​មន្ទីរពេទ្យ ត្រូវ​សន្តិសុខ​វាយ ព្រោះ​ច្រឡំ​ថា ជា​ជន​បន្លំ​លួច​សម្ភារៈ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​ជុំវិញ​ករណី​ហិ​.​ង្សា​ទៅ​លើ​បុរស​ម្នាក់ ដែល​ជួយ​ជន​រង​គ្រោះ…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ធ្វើការ​បកស្រាយ​បំភ្លឺ​ជុំវិញ​ករណី​ហិ​.​ង្សា​ទៅ​លើ​បុរស​ម្នាក់ ដែល​ជួយ​ជន​រង​គ្រោះ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខណ្ឌ​ច្បារ​អំពៅ តែ​បែរ​សន្តិសុខ​មន្ទីរ​សម្រាក​ពហុ​ព្យាបាល ណា​ត្រា នៅ​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ យល់​ច្រឡំ​ថា ជា​ជន​បន្លំ​លួច​សម្ភារ​របស់​ជន​រង​គ្រោះ ទៅ​វិញ ។

ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញសារព័ត៌មាន​មួយ​ចំនួន និង​បណ្តាញ​ព័ត៌មាន​សង្គម ករណី​ហិ​.​ង្សា​កើតឡើង​នៅ​ចំណុច​ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រវាង​បុរស​ម្នាក់​ជា​អ្នក​រត់​ម៉ូតូ​កង់​៣ ជា​អ្នក​ជួយ​ជន​រង​គ្រោះ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខណ្ឌ​ច្បារ​អំពៅ ជាមួយ​បុរស​ជា​សន្តិសុខ​របស់​មន្ទីរ​សម្រាក​ពហុ​ព្យាបាល ណា​ត្រា នៅ​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ កាលពី​យប់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោក​វរសេនីយ៍ឯក អ៊ុ​ក បូ​នី​ន អធិការ​នគរបាល​ខណ្ឌមានជ័យ ឲ្យ​ធ្វើការ​ស្រាវជ្រាវ​បំភ្លឺ ជុំវិញ​បញ្ហា​នេះ​ជា​បន្ទាន់ ។

បើ​យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​បង្ហាញ​ថា ក្រោយ​ពី​កើតហេតុ​ការណ៍ អំពើ​ហិ​.​ង្សា​ខាងលើ​នោះ​ភ្លាម កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​២ ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បាន​ជួប​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ ឡាំ ចាន់​ថា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ដែល​ជា​អ្នក​ជួយ​ជន​រង​គ្រោះ ករណី​គ្រោះថ្នាក់​ចរាចរណ៍ និង​ថែម​ទាំង​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​សង្គ្រោះ​មក​ដល់​មន្ទីរ​សម្រាក​ពហុ​ព្យាបាល ណា​ត្រា ដោយ​បាន​អះអាង​ថា ជា​សាច់ញាតិ​ជន​រង​គ្រោះ ព្រមទាំង​កាន់​ទូរ​សព្ទ​ដៃ​ជន​រង​គ្រោះ ផង​ដែរ ។

ខណៈនោះ មន្ត្រី​ប៉ុស្តិ៍ បាន​សាកសួរ​រឿងរ៉ាវ​ហេតុការណ៍​ខាងលើ ទើប​ដឹង​ថា ករណី​ហិ​.​ង្សា​នេះ​ផ្តើម​ចេញពី​ឈ្មោះ មាស រតនៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​សន្តិសុខ​មន្ទីរ​សម្រាក​ពហុ​ព្យាបាល ណា​ត្រា បាន​យល់​ច្រឡំ​ទៅ​លើ​បុរស​ឈ្មោះ ឡាំ ចាន់​ថា ខណៈ​ឈ្មោះ មាស រតនៈ បាន​សុំ​ទូរ​សព្ទ​ដៃ​របស់​ជន​រង​គ្រោះ ដើម្បី​ទំនាក់ទំនង​សាច់ញាតិ​ជន​រង​គ្រោះ ប៉ុន្តែ​ថា បុរស​ឈ្មោះ ឡាំ ចាន់​ថា មាន​បំណង​ចង់​គេចវេស​។
សន្តិសុខ​ឈ្មោះ​មាស រតនៈ មានការ​សង្ស័យ​ឈ្មោះ ឡាំ ចាន់​ថា ជា​ជន​បន្លំ​ចង់​លួច​ទូរ​សព្ទ​ដៃ​ជន​រង​គ្រោះ នៅ​ពេល​នោះ ក៏​មានការ​ប្រតាយប្រតប់​គ្នា នៅ​លើ​កំណាត់​ផ្លូវ​៣៧១ នាំ​ឲ្យ​បុរស​ឈ្មោះ ឡាំ ចាន់​ថា រង​របួស​លើ​ផ្ទៃ​មុខតែ​ម្តង​។

បន្ទាប់​មក​បុរស​ឈ្មោះ ឡាំ ចាន់​ថា ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​លើ​ឈ្មោះ មាស រតនៈ ។ ក្រោយមក មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​២ កោះហៅ​អ្នក​ទាំង​ពីរ​នាក់ ចូលខ្លួន​មក​បំភ្លឺ ។

ជាមួយ​គ្នា​នោះ បុរស​ឈ្មោះ មាស រតនៈ ជា​សន្តិសុខ​មន្ទីរ​សម្រាក​ពហុ​ព្យាបាល ណា​ត្រា បាន​ឆ្លើយ​ទទួលកំហុស ពិតជា​មានការ​យល់​ច្រឡំ និង​សុំ​ទោស​ចំពោះ​បុរស​ឈ្មោះ ឡាំ ចាន់​ថា ហើយ​អ្នក​ទាំង ក៏​បាន​សម្របសម្រួល​យោគយល់​គ្នា ដោយ​ឈ្មោះ ឡាំ ចាន់​ថា បាន​សម្រេច​ដក​ពាក្យបណ្តឹង​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​២ មិន​ប្តឹង​ទៅ​លើ​ឈ្មោះ មាស រតនៈ នោះ​ទៀត​ទេ​។ ជាមួយនឹង​ការ​ទទួលយក​សំណង ៣៥០​ដុល្លារ ដើម្បី​ព្យាបាល​មុខរបួស ។

សូម​បញ្ជាក់​ថា នៅ​ម៉ោង​២១​និង​៥០​នាទី​ថ្ងៃ​ទី​២៣ ខែកញ្ញា ២០២៣ នៅ​ចំណុច​ផ្លូវ​ចូល​បូ​រី​ប៉េង​ហួត​(​ខាងកើត​) លើ​ផ្លូវជាតិ​លេខ​១ ភូមិ​ក្តី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង រថយន្ត និង ម៉ូតូ​។

រថយន្ត​ម៉ាក TOYOTA PRIUS ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2BJ-8991 បើកបរ​ដោយ​ឈ្មោះ យ៉ែ​ម ស៊ឹ​ម ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​គ្រូបង្រៀន​ភាសា​អង់គ្លេស ស្នាក់​នៅផ្ទះ​លេខ​១០ ផ្លូវ​៤០០ ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​មិន​រង​របួស​)​។ ធ្វើ​ដំណើរ​ចេញពី​ផ្លូវ​បូ​រី​ប៉េង​ហួត​(​ខាងកើត​) ទិស​ដៅ​ពី​ត្បូង​មក​ជើង ឆ្លងផ្លូវ​ជាតិ​លេខ​១ បត់​ឆ្វេង​មក​ទិស​ខាងលិច លុះ​មក​ដល់​ត្រង​ចំណុច​កើតហេតុ បាន​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង ម៉ាក DUKE ព​ណ៍​ស​+​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 1FA-1516 ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ទិស​ដៅ​ពី​លិចទៅ​កើត (​មិន​ពាក់មួក​សុវត្ថិភាព​) បើកបរ​ដោយ​ឈ្មោះ សាយ គឹ​ម​ហុង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​វិស្វករ ស្នាក់​នៅផ្ទះ​៤១៧ ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ (​រង​របួសស្រាល​) បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​សម្រាក​ព្យាបាល ណា​ត្រា នៅ​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ ។

រថយន្ត និង​ម៉ូតូ​រង​ការ​ខូចខាត​ស្រាល ផ្អែក​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ការ​វាស់វែង​ពិនិត្យ​កន្លែង​កើតហេតុ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍ សន្និដ្ឋាន​បាន​ថា ៖ អ្នកបើកបរ​រថយន្ត​បើក​បត់​ឆ្វេង​ឆ្លងផ្លូវ មិន​គោរព​សិទ្ធិ​យាន​ផ្លូវត្រង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ