ខេត្តឧត្តរមានជ័យ ៖ យុវតីជាសិស្សសាលាចំនួន០៣នាក់ ដែលបានធ្វើសកម្មភាពប្រើអំពើហិ.ង្សាវាយដំទាត់ធាក់ទៅលើយុវតីម្នាក់ទៀត ហើយថតជាវីដេអូបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានកម្លាំងនគរបាលក្រុងសំរោង នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ស្រាវជ្រាវឃាត់ខ្លួននាំមកធ្វើកិច្ចសន្យាអប់រំ និងឲ្យឪពុកម្តាយអាណាព្យាបាលមកធានាយកទៅអប់រំបន្ត ។
លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានអោយដឹងនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះថា ដោយមានការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានធ្វើការកោះហៅ មកអប់រំក្មេងស្រីជាសិស្សសាលា សរុបចំនួន០៤នាក់(រួមទាំងជនរងគ្រោះ) ដែលបានធ្វើសកម្មភាពវាយតប់គ្នា រួចថតវីដេអូរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ។
លោកវរសេនីយ៍ឯក ហម ភិរម្យ បានប្រាប់បន្តថា ករណីយុវតីជាសិស្សសាលា ចំនួន០៣នាក់ បានធ្វើសកម្មភាពព្រួតវាយទៅលើយុវតីម្នាក់ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចតាមផ្លូវខាងលិចរបងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ មូលហេតុដោយសារក្រុមជនសង្ស័យ ខឹងជនរងគ្រោះ ដើរនិយាយដើមខ្លួន ។
ក្រោយពីឃ្លីបវីដេអូបង្ហាញពីក្មេងស្រីៗមួយក្រុមបានធ្វើសកម្មភាពវាយគ្នា ហើយបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុករួចមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បានចាត់ឲ្យកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសំរោង ចុះធ្វើការស្រាវជ្រាវភ្លាមៗ រហូតបានរកឃើញ និងធ្វើការកោះហៅក្មេងស្រីទាំងអស់សរុបចំនួន០៤នាក់ រួមមាន ៖
ទី១. ឈ្មោះ ម៉ានី ភេទស្រី អាយុ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៧ រស់នៅភូមិដូនកែនសែនជ័យ សង្កាត់សំរោង (ជាជនដៃដល់)។
ទី២. ឈ្មោះ សុតី ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ (ជាជនដៃដល់)។
ទី៣. ឈ្មោះ រក្សា ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៦ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាបក្ខពួកជនដៃដល់)។
និងទី៤. ឈ្មោះ ស.ស.ព ភេទស្រី អាយុ ១២ឆ្នាំ មុខរបរសិស្ស រៀនថ្នាក់ទី៥ រស់នៅភូមិសំរោង សង្កាត់សំរោង (ជាជនរងគ្រោះ)។
បន្ទាប់ពីបានធ្វើកំណត់ហេតុ ស្តាប់ការបំភ្លឺរួចក្មេងស្រីឈ្មោះ (ម៉ានី និង សុតី) បានឆ្លើយសារភាពថា ពួកគេទាំង២នាក់ ពិតជាវាយទៅលើក្មេងស្រីឈ្មោះ សុខ ស្រីពេជ្រ ពិតប្រាកដមែន មូលហេតុដោយសារខឹងជនរងគ្រោះដើរនិយាយដើមខ្លួន ។
នៅអធិការដ្ឋាននគរបាលក្រុងសំរោង មន្ត្រីនគរបាលយុត្តិធម៌ បានណែនាំអប់រំផ្លូវច្បាប់ និងធ្វើកិច្ចសន្យាដល់ក្មេងស្រីទំនើងទាំង៣នាក់ខាងលើ ដោយតម្រូវឲ្យអាណាព្យាបាលមកធានា យកត្រឡប់ទៅផ្ទះវិញ ដើម្បីធ្វើការអប់រំបន្ត ផងដែរ ៕


ចែករំលែកព័តមាននេះ