ប្រទេសវៀតណាម ៖ លោក Do Duc Duy រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានរបស់ប្រទេសវៀតណាម បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងសម្របសម្រួលជាមួយគយចិន ដើម្បីដោះស្រាយបញ្ហាប្រឈមបច្ចេកទេស ដែលកំពុងរារាំងយ៉ាងខ្លាំងដល់ការនាំចេញផ្លែទុរេនរបស់វៀតណាម បន្ទាប់ពីបរិមាណដឹកជញ្ជូនបានធ្លាក់ចុះយ៉ាងខ្លាំងនៅដើមឆ្នាំនេះ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Vietnam Plus ចេញផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥។
របាយការណ៍ក្រសួងបានបង្ហាញថា ការនាំចេញផ្លែទុរេនវៀតណាមទៅកាន់ប្រទេសចិនសម្រេចបានត្រឹម ៣៥ ០០០តោន ដែលមានតម្លៃប្រហែល ១៣០លានដុល្លារអាមេរិកក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំនេះ ដែលស្មើនឹងត្រឹម ២០% នៃគោលដៅនាំចេញសរុបប៉ុណ្ណោះ និងជាការធ្លាក់ចុះយ៉ាងខ្លាំង បើប្រៀបធៀបការនាំចេញទុរេនគិតជាទឹកប្រាក់ចំនួន ៥០០លានដុល្លារក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ក្រសួងបានចាត់ទុកការធ្លាក់ចុះយ៉ាងខ្លាំង នៃការនាំចេញទុរេនទៅកាន់ប្រទេសចិនបែបនេះ ដោយសារកង្វះក្របខណ្ឌច្បាប់ច្បាស់លាស់ និងនីតិវិធីលើការត្រួតពិនិត្យ ព្រមទាំងការគ្រប់គ្រងគុណភាពឱ្យបានត្រឹមត្រូវ។ លើសពីនេះទៀត ការចេញលេខកូដសម្រាប់តំបន់ដាំដុះ បរិក្ខារវេចខ្ចប់ និងប្រព័ន្ធមន្ទីរពិសោធន៍ មិនទាន់ឆ្លើយតបទៅនឹងតម្រូវការដ៏តឹងរ៉ឹងរបស់ប្រទេសចិននៅឡើយ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានលើកឡើងថា ការសម្របសម្រួលជាមួយគយចិននឹងត្រូវពង្រឹង ដើម្បីដោះស្រាយឧបសគ្គបច្ចេកទេសដែលរារាំងការនាំចេញ។ ការចេញលេខកូដសម្រាប់តំបន់ដាំដុះ និងកន្លែងវេចខ្ចប់ត្រូវតែបង្កើនល្បឿន ហើយនីតិវិធីលើការត្រួតពិនិត្យត្រូវតែធ្វើតាមជាបន្ទាន់ ដើម្បីបង្កើនការនាំចេញ និងកែសម្រួលផែនការឱ្យសមស្រប។
លោករដ្ឋមន្ត្រីបានបន្តថា ប្រព័ន្ធច្បាប់គ្រប់គ្រងការនាំចេញកសិផល ត្រូវតែធ្វើឱ្យប្រសើរឡើង រួមជាមួយស្តង់ដារបច្ចេកទេសទូទាំងសង្វាក់ផ្គត់ផ្គង់ទាំងមូល ចាប់ពីការដាំដុះ និងការប្រមូលផល រហូតដល់ការកែច្នៃ និងការនាំចេញ។
សូមជម្រាបជូនថា ការនាំចេញបន្លែ និងផ្លែឈើរបស់ប្រទេសវៀតណាមឈានដល់តម្លៃ ១,៦២ពាន់លានដុល្លារក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ពោលធ្លាក់ចុះ ១៤% ពីមួយឆ្នាំទៅមួយឆ្នាំ។ នៅក្នុងទីផ្សារក្នុងស្រុក តម្លៃទុរេនក៏បានធ្លាក់ចុះយ៉ាងខ្លាំង មកនៅត្រឹមប្រហែល ៣៥ ០០០ ទៅ ៤០ ០០០ដុងក្នុងមួយគីឡូក្រាមនៅកសិដ្ឋាន ឬស្មើប្រហែល ៥ ៤០០ ទៅ ៦ ០០០រៀល ដែលតម្លៃនេះ គឺត្រឹមតែមួយភាគបីនៃតម្លៃក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ចែករំលែកព័តមាននេះ